សំណួរ​, សំណើ​, សន្និដ្ឋាន​, សំណៅ​, សង្ស័យ​, បំពារ​, បំពត់​, ទុយ៌ស​, ទូត​, ទូទាត់​, ទំ​, ទុំ​, ទោះបី​, ដំណាល​, តំណាង​, ដំណោះ

1348
ចែករម្លែក

សំណួរ ( ន​. ) ពាក្យសួរ ; សេចក្ដី​សួរសុខទុក្ខ​ដោយ​សរសេរ​សំបុត្រ ឬ​ផ្តាំ​នឹង​អ្នកដទៃ (​ច្រើន​សរសេរ សំនួរ ជាង​) : កូន​ខ្ញុំ​តែងមាន​សំណួរ​មក​រឿយៗ ប្រាប់ថា​សុខ សប្បាយ​ទេ ។ ប្រើ​ដូចជា គុ​. ក៏បាន : សំបុត្រ​សំណួរ ។ ធ្លាប់​សរសេរ​ជា សំនួរ ខ្លះ​មកហើយ ប៉ុន្តែ​ត្រូវ​សរសេរ​ជា សំណួរ វិញ​ឲ្យ​ដូច​ពាក្យ​ឯទៀត ។

​សំណើ ( ន​. ) ពេល​, វេលា​ដី​ខ្លី មាន​រយៈ​ប្រហែល​ដូច​គេ​សើ​ឲ្យ​ឃើញ​ស្នើ​ឃើញ ស្រទាប់ : ត្រូវ​ប្រើ​របស់​ហ្នឹង​មួយ​សំណើ​ទៅ​សិន ទម្រាំ​បាន​របស់​ថ្មី​មកទៀត ។

​សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​.; សំ​. ( ន​. ) (​សំ​និ​ឞ្ឋា​ន ឬ ស​ន្និ​ឞ្ឋា​ន​) សេចក្ដី​ចូលចិត្ត​, ការយល់​ជាក់​, ការយល់ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ : ធ្វើ​សន្និដ្ឋាន​, ដោយ សន្និដ្ឋានថា … ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…” : គួរ​សន្និដ្ឋានបាន ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ​ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ​គំនិត​ដែល​ចុះ​ស៊ប់​យល់​ជាក់​មិន​ភ្លេច : ធ្វើការ​ដោយ​សន្និដ្ឋានចេតនា ។

​សំណៅ ( ន​. ) ការដែល​ចម្លង​ពី​សេចក្ដី​ដើម​, ពី​សំបុត្រ​ដើម​, ពី​ច្បាប់ដើម ទុកជា សម្គាល់ : បាន​ចុះ​សំណៅ​ទុក​ត្រឹមត្រូវ​ហើយ ។ ប្រើ​ក្លាយជា កិ​. ក៏មាន “​ចម្លង​ពី សេចក្ដី​ដើម​ទុកជា​សម្គាល់​” : ស្មៀន​បាន​សំណៅ​សំបុត្រ​នេះ ហើយ​ឬ​នៅ ? (​និយាយថា សំញៅ ក៏មាន ប៉ុន្តែ​មិនសូវ​ប្រើ​) ។

​សង្ស័យ សង់សៃ បា​.; សំ​. ( ន​. ) (​សំ​សយ​; សំ​ឝ​យ​) សេចក្ដី​ឆ្ងល់​, ដំណើរ​ងឿង ឆ្ងល់​, ដំណើរ​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត : មាន​សង្ស័យ​, អស់​សង្ស័យ ។ ខ្មែរ​ប្រើ​ជា កិ​. ផង​ក៏បាន “​ឆ្ងល់​, ងឿងឆ្ងល់​, មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត​” : ខ្ញុំ​សង្ស័យ​ណាស់​; កុំ​សង្ស័យ ឡើយ ។

​បំពារ ( កិ​. ) ធ្វើ​ឲ្យ​ពារ​លើ​, ពារ​ទាំង​បំពាន​; រំលោភ​ដាក់​, រំលោភ​លើ : បរសេះ​បំពារ លើ​ដំណាំ​គេ​, ជិះសេះ​បំបោល​បំពារ​លើ​គេ ។ បំពារបំពាន ឬ បំពានបំពារ ឲ្យ​ពាន​ពារ លើ : បំពារបំពាន​លើ​ច្បាប់​បញ្ញត្ត ។ បំប៉ះ​បំពារ បំពារ​ឲ្យ​ប៉ះ​លើ ។

​បំពត់ ( កិ​. ) ខំ​ពត់​ឲ្យ​បាន​ដូច​ចិត្ត​ឬ​ឲ្យ​បាន​បទ : បំពត់​ដងសន្ទូច​; បំពត់​កូន​តាំងពី​តូច ទូន្មាន​ប្រៀនប្រដៅ​កូន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​តាំងពី​វា​នៅ​តូច ។

​ទុយ៌ស ទុរ្យស់ ឬ ទុរៈយស់ សំ​. ( ន​. ) ដំណើរ​ខូច​យស​, ថ្លោះ​ធ្លាក់​យស ។ ប្រើ​ដូច ជា គុ​.​ក៏បាន : មនុស្ស​ទុយ៌ស​; ច្រើន​សរសរ​ក្លាយជា ទុរយស ។

​ទូត សំ​. បា​. ( ន​. ឬ គុ​. ) អ្នក​ដែល​គេ​បញ្ជូន​, ដែល​គេ​ប្រើ​ទៅ​; អ្នក​នាំ​ការ​, នាំ​ដំណឹង ពី​ម្ខាង​ទៅ​ម្ខាង ។ មន្ត្រី​ស័ក្ដិធំ​ដែល​រាជការ​ចាត់​ទៅជា តំណាង ដើម្បី​នៅ​និយាយ ផ្ទាល់​នឹង​រដ្ឋបាល​ប្រទេស​ដទៃ (​ម​. ព​. រាជទូត ផង​) ។ ( ឧ​. ) សូរ​លាន់​ចេញពី​អ្វីមួយ ដែល​ប៉ោង​, ដែល​ខ្ទប់ មាន​កញ្ចែកប៉ាល់ ជាដើម ។ ទូតៗ ។​

​ទូទាត់ ( កិ​. ) ផាត់ទាត់​កាត់កង​ឲ្យ​រួច​លែង​ទាក់ទិន​គ្នា​ទៅវិញទៅមក : ខ្ញុំ​បាន​យក អីវ៉ាន់​អ្នក​ពី​ថ្ងៃមុន​មិនទាន់​សង​តម្លៃ​នៅឡើយ​, ឥឡូវនេះ យើង​ទូទាត់​គ្នា​ឲ្យ​ជ្រះ ស្រឡះ​ទៅ ។

​ទំ ( កិ​. ) ឋិត​លើ​ទ្រនំ : ក្អែក​ទំ​លើ​មែក​អម្ពិល​, ព្រាប​ទំ​រហង់​លើដំបូល​សាលា ។ ដែល​ចាប់ឈឺ​មិន​ស្រាកស្រាន្ត : រោគ​ទំ ជំងឺ​ទំ ។ ព​. ប្រ​. នៅ​ជាមួយនឹង​ប្រពន្ធ ដែល​ស្ដុកស្ដម្ភ​, ដែលមាន​អានុភាព​ខ្លាំង​ជាង​ខ្លួន : ខ្ញុំ​ទំ​មិន​ជាប់​ទេ (​ព​. សា​.; មិនសូវ​ប្រើ ។ គុ​. ដែល​ងំ​នៅ​មិន​ស្រាក : ទុក្ខ​ទំ គឺ​ទុក្ខ​ដែល​នៅ​ទំ​ជានិច្ច ។ ព​. ប្រ​. អង្គុយ​,​ចូលកាន់ ទី​អង្គុយ : ប្រើ​ទំ​លែង​ខ្ពស់ គឺ​កុំអាល​ប្រញាប់​អង្គុយ​លើ​ទី​ខ្ពស់​មុនគេ​អញ្ជើញ ។ កុំ​ទុកចិត្ត​បរទេស កុំ​ទុកចិត្ត​អភិនេស្ក្រម៍ កុំ​ទុកចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឲ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ បណ្ដាំ​មេជី ។​… (​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ​) ។

​ទុំ ( គុ​. ) ទីទៃ​ពី​ខ្ចី​ពី​ចាស់ គឺ​ដែល​ដល់កំណត់​ជិត​ជ្រុះ​ពី​មែក​, ពី​ទង : ស្លឹកឈើ​ទុំ​, ផ្លែឈើ​ទុំ ។ រោគ​ដែល​ដល់កំណត់​នឹង​បែក​នឹង​ធ្លាយ ឬ​រោគ​ដែល​កើត​យូរ​ទាំង​ជ្រុល ណាស់​ហើយ ក៏​ហៅ ទុំ ដែរ : បូស​ទុំ​, ឫសដូងបាត​ទុំ​; រោគ​ទុំណាស់​ទៅហើយ គ្មាន​ពេទ្យ​ណា​មើល​ជា​ទេ ។ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង ពាក្យ ចាស់ : ចាស់ទុំ គឺ​មនុស្ស​ដែល​ចាស់​ណាស់​ហើយ (​មើល​ក្នុង​ពាក្យ អករ៍ ទៀតផង​) ។

​ទោះបី ( និ​. ) ទុក​ណា​ជា​, បើ​ទុក​ណា​ជា​, ក្រែងលោ :​ពាក្យ​ដែល​ខ្ញុំ​បាន​ថ្លែង​មក​ទាំង ប៉ុន្មាន​នុ៎ះ ទោះបី​មាន​លើសលស់​ឆ្គាំឆ្គង សូមអ្នក​ទាំងឡាយ​អត់​ទោស​ខ្ញុំ !

​ដំណាល ( គុ​. ) ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា : អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ ដំណាលគ្នា​; ចេញទៅ​ក្នុងពេល​ដំណាលគ្នា ។ កិ​. វិ​. ព្រម​គ្នា​, ជាមួយគ្នា : ទៅ​ដំណាលគ្នា​, មកដល់​ដំណាលគ្នា ។

​តំណាង ( ន​. ) រូបតាង​, រូប​ជំនួស ។ អ្នក​ដែល​ធ្វើ​អ្វីៗ​តាង​គេ​, តាងក្រុម​ឬ​តាង​អំណាច អ្វី​នីមួយៗ : ចាត់​តំណាង​, តំណាងរាស្ត្រ​, លោក​នេះ ជា​តំណាង​លោក​រដ្ឋមន្ត្រី ។ (​រ​. ស​.) ព្រះរាជតំណាង (​ព្រះ​រា​ជៈ​–) ។

​ដំណោះ ( ន​. ) ការ​ដោះ​, ពាក្យ​ដោះ​, ដំណើរ​ដោះស្រាយ : ចោទប្រកាន់​គេ​មិន ជាប់​ទេ គេ​មាន​ដំណោះស្រាយ​ច្រើនយ៉ាង​ណាស់ ។ ដំណោះពិត ការដោះស្រាយ តាម​ហេតុ​ពិត ។ ឥតមាន​ដំណោះ ឥតមាន​ផ្លូវ​ដោះ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​