សំណៅ​, សំណួរ​, សំណើម​, សំណាង​, សំណល់​, សំនួន​, ហាក់​, ហ៊ាន​, ហទ័យ​, ឡុកឡាក់​, ឡាំប៉ា​, អគ្និ​, អគតិ​, អយុត្តិធម៌​, អគារ​

2033
ចែករម្លែក

សំណៅ ( ន​. ) ការដែល​ចម្លង​ពី​សេចក្ដី​ដើម​, ពី​សំបុត្រ​ដើម​, ពី​ច្បាប់ដើម ទុកជា​សម្គាល់ : បាន​ចុះ​សំណៅ​ទុក​ត្រឹមត្រូវ​ហើយ ។ ប្រើ​ក្លាយជា កិ​. ក៏មាន “​ចម្លង​ពី​សេចក្ដី​ដើម​ទុកជា​សម្គាល់​” : ស្មៀន​បាន​សំណៅ​សំបុត្រ​នេះ ហើយ​ឬ​នៅ ? (​និយាយថា សំញៅ ក៏មាន ប៉ុន្តែ​មិនសូវ​ប្រើ​) ។

សំណួរ ( ន​. ) ពាក្យសួរ ; សេចក្ដី​សួរសុខទុក្ខ​ដោយ​សរសេរ​សំបុត្រ ឬ​ផ្តាំ​នឹង​អ្នកដទៃ (​ច្រើន​សរសេរ សំនួរ ជាង​) : កូន​ខ្ញុំ​តែងមាន​សំណួរ​មក​រឿយៗ ប្រាប់ថា​សុខ​សប្បាយ​ទេ ។ ប្រើ​ដូចជា គុ​. ក៏បាន : សំបុត្រ​សំណួរ ។ ធ្លាប់​សរសេរ​ជា សំនួរ ខ្លះ​មកហើយ ប៉ុន្តែ​ត្រូវ​សរសេរ​ជា សំណួរ វិញ​ឲ្យ​ដូច​ពាក្យ​ឯទៀត ។

​សំណើម ( ន​. ) ភាវៈ​សើម​, សភាព​សើម​; កន្លែង​ដែល​សើម : សំណើម​កម្រាល គឺ​កម្រាល​ដែល​សើម​; សំណើមខ្លួន គឺ​ខ្លួន​ដែល​បែកញើស​សើម ។ អង្គុយ​លើ​សំណើម គឺ​អង្គុយ​លើ​កន្លែង​ដែល​សើម ។

សំណាង ( ន​. ) អំពើ​ដែល​កសាង​, ភ័ព្វព្រេង​, ព្រេង​ពី​នាយ : សំណាងល្អ​, សំណាងអាក្រក់​, សំណាងតិច ។ មានសំណាង មានភ័ព្វ​ព្រេង​ល្អ​, មានបុណ្យ​ភ័ព្វ​ពី​ព្រេងនាយ​មក ។

សំណល់ ( ន​. ) អ្វីៗ​ដែល​សល់ : គេ​រើសយក​ល្អៗ​អស់ នៅតែ​សំណល់ ។ គុ​. ដែល​សល់​ពី​គេ : ម្ហូប​សំណល់ ។ សំណល់ផ្អក (​ព​. ប្រ​.) អស់ជម្រើស (​ដូចជា​ផ្អក​សល់​) : របស់​សំណល់ផ្អក ។

សំនួន ស​. ( ន​. ) (​ប្រើ​ជា សាំ​ន្វ​ន អ​. ថ​. –​នួន​) ដំណើរ​ឬ​ទំនង​ពាក្យ​; លំនាំសេចក្ដី​; វោហារ​; ពាក្យ​ពោល​សង្កត់​; ពាក្យ​ផ្តាច់​ជើង : កែ​សំនួន​; លើក​សំនួន​ដាក់​; លេងសំនួន​; និយាយ​ពេញ​សំនួន ។ គុ​. ដែល​ល្មម​ឬ​គួរ​ដល់​ការ : ប្រាក់​ប៉ុណ្ណឹង​មិន​សំនួន​ដល់​ការ​ទេ ។ សំណំសំនួន (​ម​. ព​. សំណំ​) ។

ហាក់ ( និ​. ) ដូចជា​, ទំនងជា​; កួន​ជា​; លោជា : ហាក់នឹងថា​, ហាក់នឹងទៅ ។ ហាក់​ក៏​នឹង​ថា ដូចជា​នឹង​ថា ។ ហាក់ជា ប្រហែលជា (​ច្រើន​ប្រើ​ក្នុង​កាព្យ​) ។ ហាក់ដូច ឬ ហាក់ដូចជា ក្រែង​ដូច​. ប្រាកដ​ដូច : បើ​យើង​មិន​ទៅ​ហាក់ដូចជា​យើង​មិន​រាប់អាន​គេ ។ ហាក់បើថា ដូចជា​ថា ។​ល​។

ហ៊ាន ( កិ​. ) មិន​ខ្លាច​, អាច​: ហ៊ាន​ទៅ​ម្នាក់ឯង​ទាំងយប់​ស្ងាត់​, ហ៊ាន​ស្តី​ឲ្យ ។ ហ៊ានថ្លៃ ហ៊ាន​ទិញ​មិន​គិតពី​ថ្លៃ​ថោក ។ ហ៊ានស៊ី អាច​ទិញ​ស៊ី​មិន​កំណាញ់ ។​ល​។

​ហទ័យ ហៈទៃ បា​.; សំ​. ( ន​. ) (​ហ​ទយ​; ហ្ឫ​ទយ​) បេះដូង​, ដូង​ចិត្ត​, ចិត្ត​; ទ្រូង ។ រ​. ស​. ព្រះ​ហឫទ័យ ឬ​ព្រះរាជហឫទ័យ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ត្រូវ​សរសេរ ហ​ទយ អ​. ថ​. ហៈ​ទៈយៈ​, ដូចជា ហទយពិការ ឬ​–​វិការ ពិការ​បេះដូង​, ដំណើរ​ខូច​បេះដូង ។ ហទយរូប រូប​បេះដូង​, តួ​បេះដូង ។ ហទយរោគ រោគ​បេះដូង​; រោគ​ឈឺចិត្ត ។ ហទយវត្ថុ លំនៅ​របស់​ចិត្ត (​តួ​បេះដូង​) ។​ល​។ ហឫទ័យ

ឡុកឡាក់ យ​. ( កិ​. ) (LÙc Làc “​រង្កៀក​”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយៗ : កប៉ាល់​កឿង​នាំគ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។ កិ​. ឬ កិ​. វិ​. (​ព​. ប្រ​.) ធ្វើ​អុកឡុក​វឹកវរ​, ធ្វើ​យុកយាក់​ឲ្យ​ជ្រួលច្របល់ : វា​នាំគ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ ។

( ន​. ) ឈ្មោះ​ល្បែងស៊ីសង​មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើភាគ មាន​ភ្នែក​ដូច មេអាប៉ោង​, អ្នក​ដែលជា​មេ​ដាក់​គ្រាប់​ទាំងបី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់​, អ្នក​ចាក់​ត្រូវ ចាក់​លើ​ផ្ទាំង សំពត់​ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រចិត្ត : ឡុកឡាក់​ជា​ល្បែង របស់​យួន​ចិន (​ម​. ព​. ឡុកឡាក់ ១ កិ​. ផង​) ។

ឡាំប៉ា យ​. ( កិ​. ) (​ឡាំប៉ា Lâm- pa) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំលែង​ឬ​រំអុក​, ទទូច​, ផ្តែកវេរ ក្រាញ​មិន​ទៅណា : ឡាំប៉ា​យក​ទាល់តែ​បាន ។ យំឡាំប៉ា យំ​ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាកក្រាញ ។ យ​. ខ្លះ​ថា ឡាំ​យ៉ា Lâm-gia ។ លំប៉ា​

អគ្និ អ័ក​-​គ្និ សំ​.; បា​. ( ន​. ) (​អគ្គិ​) ភ្លើង (​ប្រើ​ក្លាយជា អគ្នី ក៏មាន​) ។ អគ្និក្រីឌា ដូចគ្នា​នឹង អគ្គិកីឡា (​ម​. ព​. នេះ​ក្នុង​ពាក្យ អគ្គិ​) ។ អគ្និជ្វាលា ដូចគ្នា​នឹង អគ្គិជ្ជាលា (​ម​. ព​. នេះ​ក្នុង​ពាក្យ អគ្គិ​) ។ អគ្និទិស (​សំ​. –​ទិ​ឝ​) ទិស​នៃ​អគ្និទេព (​ទិសអាគ្នេយ៍​) ។ អគ្និទេព ទេវតា​ឈ្មោះ​អគ្និ (​តាម​លទ្ធិព្រាហ្មណ៍​) ។ អគ្និប្រស្ត្រ (–​ប្រ័ស​) ថ្ម​ដែកភ្លើង ។ អគ្និមណី (–​មៈនី​; សំ​. –​ម​ណិ​) កែវ​កើត​ពន្លឺភ្លើង​; កែវ​មណីជោតិរស (​សន្មត​ប្រើ​តាម​សម័យនិយម​, ហៅ​កែវ​អំពូល​អគ្គិសនី​ឬ​កែវឆ្លុះ (​ពិល​) ថា អគ្និមណី ឬ អគ្គិ​មណី ក៏​គួរ​) ។​

អគតិ អៈ​គៈតិ សំ​. បា​. ( ន​. ) ការ​ពុំគួរ​ប្រព្រឹត្ត​, សេចក្ដី​លម្អៀង : លុះ​ក្នុង​អគតិ​, វិនិច្ឆ័យ​ក្តី​ដោយ​អគតិ ។ អគតិ “​សេចក្ដី​លម្អៀង​” មាន​៤​យ៉ាង​គឺ ១-​ឆន្ទាគតិ (​សំ​. បា​. < ឆន្ទ + អគតិ​) សេចក្ដី​លម្អៀង​ព្រោះ​ស្រឡាញ់​; ២-​ទោសាគតិ (​បា​. < ទោស + អគតិ​; សំ​. ទោ​ឞ + អគតិ​) សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​; ៣-​មោហាគតិ (​សំ​. បា​. < មោហ + អគតិ​) សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់​, ព្រោះ​ពុំ​យល់​ការខុសត្រូវ​; ៤-​ភយាគតិ (​សំ​. បា​. < ភយ + អគតិ​) សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច​បុណ្យ​ខ្លាច​អំណាច​ឬ​ខ្លាចចិត្ត​គេ ។​

អយុត្តិធម៌ អៈ​យុ​ត​-​តិ​ធ័​រ បា​. សំ​. ( ន​. ) (​អ​យុ​ក្តិ + ធម្ម​; អ​យុ​ត្តិ + ធម៌​) សភាព​មានដំណើរ​ខុស​ធម៌ ឬ​ខុសច្បាប់​, ការប្រព្រឹត្ត​ពុំ​ត្រឹមត្រូវ​តាម​គន្លង​ធម៌​ឬ​គន្លង​ច្បាប់ : ចៅក្រម​វិនិច្ឆ័យ​ក្តី​ដោយ​អយុត្តិធម៌ ។ ព​. ផ្ទ​. យុត្តិធម៌ (​ម​. ព​. អយុត្ត ផង​) ។

​អគារ អៈគា សំ​. បា​. ( ន​. ) មន្ទីរ​, ផ្ទះ​; រោង ។ អគារដ្ឋាន ឬ –​ស្ថាន ទី​ផ្ទះ ។ អគារភូមិ (–​រៈ​ភូម​) ជាន់​ឬ​ថ្នាក់​នៃ​ផ្ទះ ។ អគារសិក្សា (–​រៈសិក​-​សា​) មន្ទីរ​សម្រាប់​រៀនសូត្រ​, សាលារៀន ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​