សំណៅ​, សំណើ​, ស្នើ​, ទទេ​, ទទាក់ទទាម​, ទណ្ឌ​, ទាន់​, ចន្ទល់​, ទ្រនល់​

314
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សំណៅ ( ន​. ) ការដែល​ចម្លង​ពី​សេចក្ដី​ដើម​, ពី​សំបុត្រ​ដើម​, ពី​ច្បាប់ដើម​ទុកជា​សម្គាល់ : បាន​ចុះ​សំណៅ​ទុក​ត្រឹមត្រូវ​ហើយ ។ ប្រើ​ក្លាយជា កិ​. ក៏មាន “​ចម្លង​ពី​សេចក្ដី​ដើម​ទុក ជា​សម្គាល់​” : ស្មៀន​បាន​សំណៅ​សំបុត្រ​នេះ ហើយ​ឬ​នៅ ? (​និយាយថា សំញៅ ក៏មាន ប៉ុន្តែ​មិនសូវ​ប្រើ​) ។

​សំណើ ( ន​. ) ពេល​, វេលា​ដី​ខ្លី មាន​រយៈ​ប្រហែល​ដូច​គេ​សើ​ឲ្យ​ឃើញ​ស្នើ​ឃើញ ស្រទាប់ : ត្រូវ​ប្រើ​របស់​ហ្នឹង​មួយ​សំណើ​ទៅ​សិន ទម្រាំ​បាន​របស់​ថ្មី​មកទៀត ។

​ស្នើ ( កិ​. ) សួរ​ឲ្យ​ដឹង​សិន​, ពិគ្រោះ​ឬ​ប្រឹក្សា​មុន​សិន (​ចំពោះតែ​ជាមួយនឹង​ឥស្សរជន គឺ​ក្រាបបង្គំ​ទូល​, ក្រាបទូល​, ទូល​, ពិត​, ជម្រាប​, ឲ្យ​ដឹង​ការ​មុន​សិន​) : ទូល​ស្នើ​, ស្នើការ ។ \ ( ន​. ) ស្រទាប់​, សង្កាត់ ដែល​សើរើ​ឡើ​បាន​ដោ យ​ងាយ : ស្នើក្រដាស​, រើ​យក តាម​ស្នើ ។ ចំនួន​ពីរ​គួប​គ្នា (​ចំពោះតែ​សន្លឹក ដូច​យ៉ាង​ម្លូ​ជាដើម​) : ម្លូ​ប្រាំ​ស្នើ ម្លូ​ដប់​សន្លឹក (​ម​. ព​. ត្របក ផង​) ។ វគ្គស្នើ (​ម​. ព​. វគ្គ​) ។ ធ្លាប់​សរសេរ​មក​ថា ស្នើរ ប៉ុន្តែ​ដោយ​ពិនិត្យ ឃើញថា​ពាក្យ​នេះ​ចេញ​មកពី សើ ទើប​សរសេរ​ជា ស្នើ វិញ ។

​ទទេ ( គុ​. ឬ កិ​. វិ​. ) គ្មាន​សោះ​, ធេង​, សូន្យ​; ឥត​យក​ថ្លៃ​, ឥត​សំបុត្រស្នាម : ដៃទទេ​, ទៅ​ទទេ​, យក​ទទេ​, ឲ្យ​ទទេ​, និយាយ​មាត់ទទេ ។

​ទទាក់ទទាម ( កិ​. ឬ កិ​. វិ​. ) ទាក់ៗ ទើសៗ វីមវាម​ញឹកញយ : គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​តទៅទៀត ។ ប្រើ​ជា គុ​. ក៏មាន : ដំណើរ​ទទាក់ទទាម ។

​ទណ្ឌ ទ័ន ឬ ទ័ន​ឌៈ សំ​. បា​. ( ន​. ) (​ទណ្ឌ​) ដំបង​, ឈើច្រត់​; កំណាត់ឈើ​; អាជ្ញា​; ការពិន័យ​; ទោស​, កំហុស ។ (​រ​. ស​.) : ព្រះ​ទណ្ឌៈ (​ដំបង​ក្សត្រ​) ។ ទោសទណ្ឌ ទោស​ជា​អាជ្ញា ។

​ទាន់ ( និ​. ឬ កិ​. វិ​. ) ប្រញាប់​, រួសរាន់​, ឆាប់​, រហ័ស​; ដល់​; ចួប​; ជិត​, ប្រកិត​; បាន​, បានសម្រេច : ធ្វើ​ឲ្យ​ទាន់ពេល​; ដើរ​ឲ្យ​ទាន់​គេ​ទៅ​, ដេញទាន់​ជាន់កែង​; ធ្វើ​ទាន់​ឬ​មិនទាន់​, មិនទាន់​ទេ​, មិនទាន់បាន​នៅឡើយ​ទេ ។​ល​។

​ចន្ទល់ ច​ន់​-​ទល់ ( ន​. ) ប្រដាប់​សម្រាប់​ទល់ : ចន្ទល់ផ្ទះ​, ចន្ទល់រទេះ ។

​ទ្រនល់ ( ន​. ) ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ដោយ​ដីស្អិត​ដុត​ឲ្យ​ឆ្អិន មាន​សណ្ឋាន​មូល សម្រាប់​វាយក្អម​, ឆ្នាំង បន្ទុល​ពី​ខាងក្នុង : ទ្រនល់​វាយក្អម ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

#