សំបុក​ពង​សត្វ​ទាព្រៃ​ស្លា​បស ជិត​ផុត​ពូជ រកឃើញ​នៅ​តំបន់​ខ្ពង់រាប​ខាងជើង​ប្រទេស​កម្ពុជា

1453
ចែករម្លែក

សំបុក​សត្វ​ទាព្រៃ​ស្លា​បស ដែលមាន​ពង​ចំនួន ០៧​គ្រាប់ ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ជា​លើកដំបូង​ក្នុង​រយៈពេល ០៥​ឆ្នាំ ចុងក្រោយ​នេះ បន្ទាប់ពី​អ្នកភូមិ​ចំនួន​០៣​នាក់​បាន​រាយការណ៍​មកកាន់​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​។​

​សំបុក​ទាព្រៃ​ស្លា​បស​នេះ ស្ថិតនៅក្នុង​ប្រហោង ដើម​គគីរ ដែលមាន​កម្ពស់​ប្រមាណ ១២​ម៉ែត្រ​ពី​ដី និង​មាន​ទីតាំង​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រ​យ៉ោ​ង ស្រុក​គូលែន ខេត្តព្រះវិហារ​។​

សត្វ​ទាព្រៃ​ស្លា​បស ដែល​រកឃើញ​នៅ​ព្រះវិហារ (​រូបថត​៖ WCS)

​លោក អ៊ិន ឡុង អាយុ​៣៦​ឆ្នាំ និង​បាន​រកឃើញ​សំបុក បាន​និយាយថា​៖ «​យើង​បាន​ប្រទះឃើញ​ទាព្រៃ​ស្លាប​ស​មួយ​ក្បាល​នៅលើ​ដើមឈើ ពេល​ដើរទៅ​ស្រែ​។ យើង​បាន​រាយការណ៍​ទៅកាន់​អង្គការ WCS អំពី​ព័ត៌មាន​នេះ ពីព្រោះ​យើង​ដឹងថា វា​ជា​ប្រភេទ​ជិត​ផុត​ពូជ​។ ក្រុម​អ្នក​អភិរក្ស​នៃ​អង្គការ WCS បានមក​ពិនិត្យ​សំបុក ហើយ​ជួល​ពួកយើង​ទាំង ០៣​នាក់ ឲ្យ​យាម​សំបុក​នេះ ដោយ​ផ្ដល់​ឲ្យ​ប្រាក់កម្រៃ​ឲ្យ​ពួកយើង​ជាការ​តបស្នង​​»។

​បន្ថែម​លើ​នេះ លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​និយាយថា​៖ «​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ក្រុម​អ្នក​អភិរក្ស​បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​។ យើង​រីករាយ​ជាខ្លាំង​ពេល​ឃើញ​វត្តមាន​មេ​របស់​វា​នៅ​ទីនោះ និង​ពង​បាន​ចំនួន ០៧​គ្រាប់​»។

ពង​សត្វ​ទាព្រៃ​ស្លា​បស ដែល​ប្រឈម​ផុត​ពូជ​នៅលើ​សាកលលោក​

​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ WCS បាន​ឲ្យ​ដឹងថា ទាព្រៃ​ស្លា​បស ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួកវា​នៅ​បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារតែ​ការបាត់បង់​ទីជម្រក ការរំខាន​នៅតាម​ដងព្រែក និង​ការ​បរបាញ់​ជាដើម​។ ទាព្រៃ​ស្លា​បស មាន​ចំនួន​ចន្លោះ ២ ៥០១ ០០០​ក្បាល​នៅលើ​សាកលលោក និង​មាន​វត្តមាន​តិចតួច​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹងថា តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ដែល​រួមបញ្ចូល​ទាំង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផងដែរ​នោះ គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រងគ្រោះ​ជា​សាកល​ជាច្រើន​ប្រភេទ​។ សត្វ​ស្លាប​ទាំងអស់នោះ​រួមមាន ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចង្កំ​កស និង​សត្វ​ត្មាត ០៣​ប្រភេទ ដែល​សត្វ​ស្លាប​ទាំងអស់នេះ​សុទ្ធតែជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក សត្វ​ទាព្រៃ​ស្លាប​ស​ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​។ អង្គការ WCS កំពុងធ្វើការ​ងារ​រួមគ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នេះ​តាមរយៈ​សកម្មភាព​អភិរក្ស​ជាច្រើន​។​

​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប គឺជា​គម្រោង​អភិរក្ស​មួយ​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រមូល​ពង​កូន​របស់​សត្វ​ស្លាប​។ តាមរយៈ​គម្រោង​នេះ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ឆែប ទទួលបាន​ប្រាក់ឧបត្ថម្ភ ប្រសិនបើ​ពួកគាត់​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​ត្រួតពិនិត្យ ការពារ និង​យាម​សំបុក​សត្វ​ស្លាប​សំខាន់ៗ រហូតដល់​ពេល​កូន​វា​ញាស់​។ ចាប់ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០១៦ សំបុក​ចំនួន​៣ ៨១៣ និង​កូន​សត្វ​ស្លាប​ចំនួន ៦ ៨០៦​កូន ទទួលបាន​ការការពា​រ​យ៉ាង​ល្អ​នៅក្នុង​បរិវេណ​ផ្ទៃដី​ប្រមាណ ៤ ០០០​គីឡូម៉ែត្រ​ការ៉េ​។​

​យោង​លើ​ការសិក្សា​ស្រាវជ្រាវ​កន្លងមក (Clements et al. 2013) យើង​បាន​ប៉ាន់ប្រមាណ​ថា​កូន​សត្វ​ស្លាប​ប្រភេទ​រងគ្រោះ​ជា​សាកល​ចំនួន​ប្រមាណ ៣ ៧០០​កូន បន្ថែមទៀត បាន​ញាស់​ដែលជា​លទ្ធផល​ចេញពី​ការការពារ​សំបុក​នេះ ដែល​កូន​នីមួយៗ​ចំណាយ​អស់ប្រាក់​ប្រមាណ ១៣៤​ដុល្លារ​។​

«​ទាព្រៃ​ស្លា​បស គឺជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​សាកលលោក ដូចនេះ​យើង​ត្រូវបាន​បន្ថែម​ការអភិរក្ស​ដើម្បី​ការពារ​ពួកវា​កុំ​ឲ្យ​បាត់បង់​។ ការការពារ​សំបុក​ពង​កូន និង​ទីជម្រក មាន​ភាពចាំបាច់​ខ្លាំងណាស់​ដើម្បី​ធានា​ដល់​ការរស់នៅ និង​បន្ត​ពូជ​របស់​ពួកវា​។ យើង​បាន​ជួល​អ្នកភូមិ​ទាំង ០៣​នាក់​នោះ​ឲ្យ​យាម​សំបុក​នេះ​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន និង​ការប្រមូល​ពង​កូន​ជាដើម​។​» នេះ​ជាការ​លើកឡើង​របស់ លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS៕

​អត្ថបទ​៖Sabay