សំយោគ​, សំយាប​, សម្បូរ​, សម្លាញ់​, សន្ដាន​, សញ្ជឹង​, សសរ​, សណ្ឋាន​, សណ្ដាប់ធ្នាប់​, ស៊ប់​, ស៊ុប​, សុជីវធម៌​

485

សំយោគ ស័ង​-​យោក សំ​. បា​. ( ន​. ) ការប្រកប​; ការ​ផ្សំ​; ការរួបរួម​; ការទាក់ទង​ជាមួយ​; ការ​នៅ​រួមគ្នា​; ការពាក់ព័ន្ធ​; សមាគម​ដ៏​ស្និទ្ធជិត ។ ព​. វ​. អក្សរ​តម្រួត​គ្នា​, ដូចជា ក្ក​, ក្ខ​, គ្គ​, គ្ឃ​; ច្ច​, ច្ឆ​, ជ្ជ​, ជ្ឈ​, ញ្ញ ជាដើម (​ហៅ អក្សរ​សំយោគ​) ។ សំយោគវិធាន​,–​ពិ​ធាន ឬ​–​វិធី (​ស័ង​-​យោ​គៈ​–) បែប​តម្រួត​អក្សរ ។ សូត្រ​សំយោគ សូត្រ​សង្កត់​អក្សរ​តួ​ដើម​ដែលមាន​អក្សរ​តម្រួត​នៅ​ខាងចុង​ឲ្យ​ធ្ងន់​, ដូចជា ត​ស្ស (​ត័ស​-​សៈ​) ។

​សំយាប –​យ៉ាប ( ន​. ) ចុង​ញក​ដំបូល​គ្រឹហា​, ចុង​ញក​ដំបូល​ទាំងពួង : សំយាបផ្ទះ​, សំយាបរោង ។ ព​. ប្រ​. ចុង​បំផុត​កំប៉េះ​អ្វីមួយ : សំយាបគូទ ។

​សម្បូរ សំ​. បា​. ( កិ​. ឬ គុ​. ) (< សំ > សម៑ “​គ្រប់​ព្រម​; ណាស់​” + បូរ “​ពេញ​”) ពេញ​ពាស​; បរិបូរ​ក្រៃពេក​, គរគោគ : ទឹកភ្លៀង​សម្បូរ​, ស្រុក​សម្បូរ ។ សម្បូរពោរពាស សម្បូរ​សល់ផល ។ សម្បូរហូរហៀរ សម្បូរ​គរគោក ។​ល​។ វេ​វ​. សម្បូណ៌ ។

​សម្លាញ់ សំ​-​ល៉ា​ញ់ ( ន​. ) អ្នក​ដែលជា​ទីស្រឡាញ់​ស្និទ្ធស្នាល​, មិត្រ​ជិតដិត​: សុំ​គ្នា​ជា​សម្លាញ់​, ។ គុ​. ដែលជា​ទីស្រឡាញ់​ពេញចិត្ត : កូន​សម្លាញ់​, ទ្រព្យ​សម្លាញ់ ។ សម្លាញ់ភ្ងា សម្លាញ់​ពុំងា​, សម្លាញ់​ស្មើ​ចិត្ត ។ មិត្រ​សម្លាញ់ មិត្រ​ជាទី​ស្រឡាញ់ ។

​សន្ដាន សន់​-​ដាន សំ​. បា​. ( ន​. ) វង្ស​, ពង្ស​, ពូជ​, ពូជពង្ស​; តំណ​វង្ស ។ ចិត្ត​, អធ្យាស្រ័យ ។ សន្ដានព្រៀងលាន (​ម​. ព​. ព្រៀងលាន​) ។ សន្ដានសន្ធិ (​សន់​-​តា​ន៉ៈ​សន់​-​ធិ​) តំណ​វង្ស​តៗ​មក​, ក្រសែ​វង្ស​, សន្តតិវង្ស ។ ញាតិសន្ដាន ញាតិវង្ស​, តំណ​វង្ស​ញាតិ ។ សាច់សន្ដាន សាច់ញាតិ ។ មាន​សន្ដាន​ខុសគ្នា មានចិត្ត​ឬ​អធ្យាស្រ័យ​ខុសគ្នា​; និយាយថា មាន​សន្ដាន​ចិត្ត​ខុសគ្នា ក៏បាន ។

​សញ្ជឹង ( កិ​. ឬ កិ​. វិ​. ) ទ្រឹង​ជញ្ជឹងគិត​ដោយ​អាការ​ក្រៀមក្រំ : អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់ឯង (​ម​. ព​. សញ្ជប់ ផង​) ។

​សសរ ស៏​-​ស ( ន​. ) គ្រឿង​ទព្វសម្ភារៈ​ជា​ជំហរ​ទ្រ​ឬទ​ប់គ្រឿង​ប្រុង​ទាំងពួង : សសរ​ឫស្សី​, សសរឈើ​, សសរថ្ម​; សសរផ្ទះ​, សសរស្ពាន​, សសរកី ។ សសរកន្លោង សសរ​កណ្ដាល​ដែលជា​មេ​លើ​អស់​សសរ​ទាំងពួង ។ សសរខឿន បង្គោល​ខឿន ។ សសរជើងរៀង សសរ​ជួង​ខាង ។ សសរទ្រូង សសរ​ជួរ​កណ្ដាល ។ សសរប្រឡៅមូល សសរឈើ​ដែល​គេ​គ្រាន់តែ​ច្រាស់​សំបក​ចេញ ហើយ​គេ​ច្រាស់​ឬ​ឈូស​សម្អាត ឲ្យ​មូល​ប៉ុណ្ណោះ ។ សសរលញ់ សសរឈើ​ខ្លឹម​ដែល​គេ​ឈូស​ដល់​ខ្លឹម​សម្អាត​ឲ្យ​រលីងរលោង​មាន​សណ្ឋាន​មូល​ដូច​ទៀន ។​

សណ្ឋាន បា​.; សំ​. ( ន​. ) (​សំ​ស្ថាន​) ទ្រង់​, ទ្រង់ទ្រាយ​, រូប​, រូបរាង​, រាងរៅ​, ភាព​, បែប​ភាព : មាន​សណ្ឋាន​សមរម្យ​, មាន​សណ្ឋាន​ស្រដៀង​គ្នា ។

​សណ្ដាប់ធ្នាប់ ( ន​. ) ចា​រិត​, ឫក​ចា​រិត​, បែបបទ : មាន​សណ្ដាប់ធ្នាប់​ល្អ ។ របប​, របៀបរបប : មនុស្ស​ឥត​សណ្ដាប់ធ្នាប់​; ទុកដាក់​របស់​មា​នស​ណ្ដា​ប់​ធ្នាប់​គឺ​ទុកដាក់​តាមរបៀប ។

​ស៊ប់ ( កិ​. ឬ កិ​. វិ​. ) គ្រប់គ្រាន់​, ពេញទី​, ពេញលេញ​, ឥត​ខ្វះខាត​; ទៀងទាត់ : ស៊ប់ចិត្ត​; ចុះចិត្ត​ស៊ប់​, ជឿ​ស៊ប់​, ចូល​ស៊ប់​; តាំងស៊ប់ ។ ស៊ប់សួន ស៊ប់​មាំ​; ទៀងទាត់​ប្រាកដ​, ឥត​ប្រែប្រួល : ដាក់​ឲ្យ​ស៊ប់សួន ។ ស៊ប់ស៊ាំ ស៊ាំចិត្ត​ស៊ប់​, ថ្នឹក​ចិត្តគំនិត​មិន​ញញើតញញើម ។

ស៊ុប សំ​. បា​.; បារ​. ( ន​. ) (​សូប​; ស៊ូ​ប៉ិ៍ Soupe) សម្ល​ទឹក ។ ព​. ទ​. ឈ្មោះ​សម្ល​ទឹក​មួយ​ប្រភេទ មាន​សញ្ជាតិ​អំពី​ប្រទេស​អឺរ៉ុប : តាម​ទម្លាប់​, គេ​ច្រើន​ប្រើ​ទឹក​ស៊ុប​តែ​ក្នុងពេល​បាយល្ងាច (​ម​. ព​. សូប ផង​) ។

សុជីវធម៌ –​វៈ​– សំ​. ( ន​. ) ការរស់នៅ​ដោយ​ល្អ គឺ​ចំណេះ​, សណ្ដាប់ធ្នាប់​, ការដឹង​ប្រមាណ គួរសម​ក្នុង​កិច្ចការ​ប្រាស្រ័យ​ជាមួយនឹង​អ្នកដទៃ : មាន​សុជីវធម៌​, មនុស្ស​ខ្វះ​សុជីវធម៌ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​