សំរាម​កើនឡើង​តាម​ដងផ្លូវ​សាធារណៈ​ ស្របពេល​ខេត្តស្ទឹងត្រែងនឹងធ្វើពិធី​បុណ្យ​អុំទូក​នៅស្អែកនេះ

941
ចែករម្លែក

ដោយ​:​សុខុម / ស្ទឹងត្រែង​: នៅតាម​ដងផ្លូវ​សាធារណៈ និង​ទីប្រជុំជន​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​គេ​ឃើញ​មាន សំរាម​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ មុន​បុណ្យអុំទូក​។ នៅពេលដែល ពិធីបុណ្យ​អុំទូក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ គេ​ឃើញ​មាន​សំរាម​ជាច្រើន​ត្រូវបាន​ប្រជាពលរដ្ឋ យកទៅ​បោះចោល​តាម​ទីសាធារណៈ​។

​បើទោះបីជា​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​បាន​ផ្សព្វផ្សាយ និង​ជូនដំណឹង​ដល់​សាធារណៈជន​ជាច្រើន​មកហើយ ក្តី​ក៏​គេ​នៅតែ​សង្កេតឃើញ​មាន​អ្នកយក​សំរាម​ទៅ​បោះចោល​តាម​ដងផ្លូវ ជា​ដដែល​។ អាជ្ញាធរ​ក្រុង​ក៏ដូចជា​អាជ្ញាធរខេត្ត​ស្ទឹងត្រែង តែងតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​ទីក្រុង​ស្អាត តាមរយៈ​ការគ្រប់គ្រង​សំរាម​ទុកដាក់​អោយបាន​ត្រឹមត្រូវ​។ ប៉ុន្តែ​គេ​នៅតែ​ឃើញ​សំរាម​ត្រូវ​បោះចោល​តាមផ្លូវ​សាធារណៈ​។

​ចាប់ពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ខេត្តស្ទឹងត្រែង​នឹងមាន​រៀបចំ​ពិធីបុណ្យ​អុំទូក ដើម្បី​ជា​ផ្នែក​មួយ​បង្ហាញ​ដល់​មហាជន​ថា ខេត្តស្ទឹងត្រែង​មាន​ដង​ទន្លេ​មាត់ទន្លេ​ដ៏​ស្រស់ស្អាត​។ ហេតុនេះហើយ​បានជា​អាជ្ញាធរ​រៀបចំ​ពិធី​ប្រណាំងទូក​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយរីករាយ​។ ពិធី​ប្រណាំងទូក​ក៏​ជា​ផ្នែក​មួយ​ធ្វើឡើង ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ទស្សនា​ផងដែរ​។

​ទន្ទឹមនឹងនេះ ពិធី​កំពុង​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក ស្រាប់តែ​មនុស្ស​មួយចំនួន​នៅក្នុង​ក្រុង​ស្ទឹងត្រែង មិនបាន​ចូលរួម​សំអាត​ទីក្រុង​ទេ បែរជាយក​សំរាម​ទៅ​ចាក់ចោល​តាមផ្លូវ​សាធារណៈ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្រុង​ស្ទឹងត្រែង​ទាំងមូល​។ គេ​រំពឹងថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង​នឹង​ចាត់វិធានការ​ក្តៅ​ទៅលើ​អ្នក ដែល​បោះចោល​សំរាម​តាមផ្លូវ​សាធារណៈ អនុវត្ត​ទៅ តាមផ្លូវ​ច្បាប់​៕