ស៊យ​! ជាន់​លើ​គ្រោះ​! ត្រូវ​មួយ​ខ្នងពូថៅ​ហើយ ក្រឡាប់​ឡាន​ទៀត​

1040
ចែករម្លែក

មណ្ឌលគិរី​: បុរស​ពីរ​នាក់​ផឹកស៊ី​ស្រវឹង ឈានទៅដល់​ការ​ប្រវាយ​ប្រ​ទប់​គ្នា ជ្រុលដៃ​វាយ​និង​ខ្នងពូថៅ​សន្លប់​ម្នាក់ ដឹក​ទៅ​សង្គ្រោះ​ក្រឡាប់​រថយន្ត​ម្តងទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភូមិ​ឆ្ងាយ​ពី​ទីប្រជុំជន​មួយ ស្ថិតក្នុង​ភូមិ​ចុង​ផាង​( D A)​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ម៉ោង​ប្រមាណ​ជា​៥​និង​៥០​នាទី ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ពីរ​នាក់​បាន​ជួបជុំគ្នា​ផឹកស៊ី​ក្នុង​លំនៅដ្ឋាន ស្ថិតនៅ​ចំណុច​ខាងលើ លុះ​ការផឹកស៊ី​យូរ​ទៅ​អ្នក​ទាំង​ពីរបាន​ទាស់សំដី​គ្នា រហូត​ឈានទៅដល់​កើតមាន​ហិង្សា វាយ​គ្នា​ទៅវិញទៅមក​។ ក្នុង​គ្រា​ដែល​ពួកគេ​វាយ​គ្នា​នោះ បុរស​ចិត្តធំ​បាន​ស្រវា បាន​ពូថៅ ស្ទុះ​ទៅ​វាយ​លើ​ជនរងគ្រោះ​និង​ខ្នងពូថៅ ដួលសន្លប់​ស្តូ​ង​ស្តឹង​នៅ​កន្លែង​ភ្លាមៗ​តែម្តង​។ ក្រោយ​វាយ​លើ​ជនរងគ្រោះ​រួច ជនបង្ករ​មិនបាន​រត់​ទៅណា​ឆ្ងាយ​នោះទេ រហូត​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ វាយខ្នោះ​តែម្តង​។​

​នគរបាល​ឃុំ​ពូ​ជ្រៃ បាន​ឲ្យ​ដឹងផង​ដែរ​ថា ជនរងគ្រោះ​ក្នុង​អំពើហិង្សា​មានឈ្មោះ សេង សួន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ជា​កសិករ បាន​រងរបួស​ចំក្បាល និង​ផ្ទៃមុខ​ធ្ងន់ធ្ងរ​រហូត​សន្លប់​។ ចំណែក​ជនបង្ករ​មានឈ្មោះ ជួន សៀង​ហៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កសិករ ត្រូវ​ចាប់ខ្លួន អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​

​ប្រភពពី​គ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​កើតមាន​ករណី​ហឹ​ង្សា ជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង បើករថយន្ត​ម៉ាក​កា​មេ​រី​មួយគ្រឿង ដើម្បី​ជួន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី តែ​សំណាង​មិនមាន​រថយន្ត​ខាងលើ​បាន​ធ្លាក់​ប្រលាយ​ក្រឡាប់​ម្តងទៀត ក្រោយពេល​បើក​ចេញពីផ្ទះ​បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ​។​

​ទោះជា​យ៉ាងណា​ករណីនេះ​ជនរងគ្រោះ​កំពុងស្ថិត​ក្រោម​ការឃាត់​ខ្លួន​ពី​សំណាក់​នគរបាល​ខេត្តមណ្ឌលគិរី នៅឡើយ​គ្រា​ដែល​ជនរងគ្រោះ​មាន​ស្ថានភាព​ប្រសើរ​ឡើងវិញ ក្រោយពេល​គ្រូពេទ្យ​ជួយសង្គ្រោះ​៕ ដោយ​: សាត​ចាន់​បុត្រ​