ស៊ីក្លូវ័យ៨០ឆ្នាំ ថតក្នុងរឿង «ដើម្បីកូន» ប្រកាសលក់១លាន ដុល្លារអាមេរិក

152
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ស៊ីក្លូដែលមានអាយុជាង៨ទសវត្ស ត្រូវបានផលិតករ ប្រកាសលក់ ក្នុងតម្លៃ១លានដុល្លារ អាមេរិកចំណែកថវិកាដែលបានមកពី ការលក់ ស៊ីក្លូដែលមានអាយុច្រើនបែបនេះ ត្រូវយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះជា ការលើកឡើងរបស់ លោក ហ៊ុយ ឡេង ថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃ​ច័ន្ទ ទី២០ មករា ២០២០ នៅផ្សារទំនើបអ៊ីអនពីរ។ ស៊ីក្លូ ថតរឿង «ដើម្បីកូន» ដែលមាន តារា សម្តែងឆ្នើម កញ្ញា មានសូនីតា និងតារាល្បីជាច្រើនដួងចូលរួម សម្តែងជា មួយផងដែរ។

លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ស៊ីក្លូនេះលោកបានទិញពីសមាគម ស៊ីក្លូ ក្នុងតម្លៃ ៥០០ដុល្លារអាមេរិកធ្វើការជួសជុលអស់ថវិកាប្រមាណ១ពាន់ដុល្លារអាមេរិក ដើម្បីយកមកថតភាពយន្ត «ដើម្បីកូន» ដែលដកស្រង់ពីជីវិតពិត របស់បុរសពោះម៉ាយ ពិកាជើង មានកូនពីរនាក់រស់នៅរបងវត្ត និងតស៊ូធាក់ស៊ីក្លូចិញ្ចឹមកូន និងជួបរឿងរ៉ាវ ជីវិតកម្សត់ជាច្រើន។

មុនពេលប្រកាស លក់ស៊ីក្លូដែលមានតម្លៃរហូតដល់មួយលានដុល្លារបែបនេះ លោក ហ៊ុយ យ៉ាឡេង បានប្រាប់ថា ដោយសារមើលឃើញពីតម្រូវនៃការ ប្រើប្រាស់ ថ្នាំសម្រាប់ស្រោចស្រង់ជីវិតកុមារកម្ពុជា ដែលខាងមន្ទីរពេទ្យបានចំណាយថវិកា ប្រមាណ ១១ម៉ឺនដុល្លារក្នុងមួយថ្ងៃ បែបនេះទើបធ្វើអោយលោកបែកគំនិតរកវិធីដ៏សម ស្របណាមួយ ដើម្បីបានជួយដល់មន្ទីរពេទ្យមួយនេះបន្ថែមទៀត។

លោកបន្តថាការប្រកាសលក់ស៊ីក្លូក្នុងតម្លៃនេះ អាចនឹងមានរឿងចម្លែក សម្រាប់ កម្ពុជា ប៉ុន្តែសម្រាប់ប្រទេសជឿនលឿនអាចនឹងមិនចម្លៃក។​ទោះជាយ៉ាងណាលោក មិន សំដៅទៅលើការលក់ឲ្យបុគ្គលណា ម្នាក់ទេសំខាន់ពួកគាត់មានទឹកចិត្តជួយដល់ មន្ទីរពេទ្យដែលកំពុងព្យាបាលជំងឺកុមារកម្ពុជា។ លោកសន្យាថា លោកនឹងអរគុណ សប្បុរសជនដែលទិញស៊ីក្លូ ចំណាស់នេះ អស់មួយជីវិត នៅរាល់ស្នាដៃដែល លោក ផលិត រួមទាំងរៀបចំកម្មវិធីដង្ហែរជូនដល់គេហដ្ឋានតែម្តង។

លោកថា ការប្រកាសនេះក៏ជាការបំផុសគំនិតឲ្យមានការជួយដល់ មន្ទីរពេទ្យមួយ នេះ។ លោកលើកឡើងដែរថា នៅកម្ពុជាមានសប្បុរសជនជាច្រើនដែលមាន លទ្ធភាព ដែល អ្នកខ្លះមានថវិការហូតដល់៥០០លានដុល្លារអាមេរិក ដល់១ពាន់លានដុល្លារ អាមេរិកហើយបើទោះបីជាមិនមានសប្បុរសជនណាទិញវានៅពេលនេះក្តីក៏លោកនៅតែបន្តប្រកាសលក់ជារៀងរហូត។

សូមរំលឹកថា ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង”ដើម្បីកូន” របស់ផលិត កម្ម កថាជ័យគ្រោងនឹងផ្ដើមចាក់បញ្ចាំង ផ្លូវការនៅតាមរោងភាពយន្តទំនើប នានា នៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។ ផលិតករភាពយន្តនេះគ្រោងនឹងកាត់ប្រាក់ចំណេញពីការចាក់បញ្ចាំងភាពយន្តនេះ ចំនួន១០ភាគរយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕