ស៊ីម៉ាក់​ឲ្យ​ទៅ​ទូត​អាមេរិក​ឲ្យ​ទៅ​ហិត​ឬ​កាន់​គ្រាប់បែក​នៅ​ស្វាយរៀង​បើ​មិន​ជឿថា មាន​ជាតិគីមី ​

293

(​ភ្នំពេញ​) ៖ នៅ​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ អាជ្ញាធរ​មីន​ហៅ​កាត់​ថា​ស៊ីម៉ាក់ បានចេញ​សេចក្ដីថ្លែងការណ៍​ជុំវិញ​ករណី​រកឃើញ​គ្រាប់​​បែក​គីមី​របស់​អាមេរិក ដ៏​ច្រើនសន្ធឹក​នៅតាម​ភូមិ​នានា ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក​ខេត្តស្វាយរៀង​តែ​ស្ថានទូត​អាមេរិក​បែរជា​ចាត់​​ទុក​ថា​គ្រាប់បែក​ទាំងនោះ​គ្រាន់តែ​ជា​គ្រាប់បែក​បង្ហូរទឹកភ្នែក​ធម្មតា​ប៉ុណ្ណោះ​។
​ ​
​ស្ថានទូត​អាមេរិក​ចេញ​សេចក្តីថ្លែងការណ៍ ស្តីពី​ការ​បោសសំអាត​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅក្នុង​ខេត្តស្វាយរៀង​(​បកប្រែ​ក្រៅ​​ផ្លូវការ​) ថា ៖ “​បើទោះបីជា​ការប្រើប្រាស់​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាទូទៅ​មាន​ភាពចម្រូងចម្រាស​ក្តី​ប៉ុន្តែ​នីតិវិធី​ដ៏​ច្បាស់លាស់​មួយ​ត្រូវ​បង្កើតឡើង ដើម្បី​បោសសម្អាត​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​នេះ​។ ជាមួយគ្នានេះដែរ មិនមាន​ភស្តុតាង​ណាមួយ​បាន​បញ្ជាក់ថា គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​នេះ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​រយៈពេល​យូរ ឬ​បញ្ហា​ពិការភាព​ពី​កំណើត​ឡើយ​។ ជាការ​ពិតណាស់ ប្រសិនបើ​មាន​បញ្ហា​បែបនេះ​មែន​នោះ អាជ្ញាធរ​នៅក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​​ផងដែរ នឹងមិន​ប្រើប្រាស់​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះនោះ​ទេ​”​។​
​ ​
​សេចក្ដីថ្លែងការណ៍​នេះ​បន្ដថា “​យើង​មានជំនឿថា អាជ្ញាធរ​កម្ពុជា មាន​សមត្ថភាព និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​និង​បំផ្លាញ​​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព​។ អាជ្ញាធរ​កំចាត់មីន​ក​ម្ពុ​ជា​បាន​ជ្រាប​ពី​វត្ត​មាននៃ​គ្រាប់​បែក​ឧស្ម័ន​ប្រភេទ​នេះ នៅក្នុង​ខេត្តស្វាយរៀង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្រមទាំង​បានទទួល​វគ្គ​បណ្តុះបណ្តាល​លម្អិត​ចំនួន​​ពីរលើក​ផងដែរ កាលពី​ឆ្នាំ​២០១៥ និង​២០១៦​កន្លងទៅនេះ ពី​សំណាក់​ក្រុម​យោធា​ជំនាញ​អាមេរិក ស្តីពី​ប្រធានបទ​ខាងលើនេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ បានបញ្ចប់​ទៅដោយ​ជោគជ័យ​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ​ដោយ​មន្ត្រី​កម្ចាត់​​មីន​កម្ពុជា បាន​បោសសម្អាត​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទាំ​ង​នោះ​។ ក្នុង​ផ្នែក​មួយ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ មេបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​​ប៉ាស៊ីហ្វិក បាន​ឧបត្ថម្ភ​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា នូវ​គ្រឿង​បរិក្ខា​គ្រប់គ្រាន់​ដែល​ចាំបាច់​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ យើង​មានការ​ស្តាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ តែ​បែរជា​បង្ក​ឱ្យ​បញ្ហា​នេះ​ក្លាយជា​វិបត្តិ​នយោបាយ​ទៅវិញ​។ សហរដ្ឋអាមេរិក​ជឿថា យើងទាំងអស់គ្នា​គួរតែ​រួមគ្នា​ដើម្បី លុបបំបាត់ចោល​នូវ​កាកសំណល់​ជាតិ​ផ្ទុះ​ដែល​បន្សល់​​ទុក​ពី​សម័យ​សង្គ្រាម ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​។​
​ ​
​សេចក្ដីថ្លែងការណ៍​ក៏​លើកឡើង​ដែរ​ថា “​យើង​សូម​ទទួលយក​នូវ​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុងការ​លុបបំបាត់​រា​ល់​បញ្ហា​ដែល​យើង​បាន​បន្សល់ទុក និង​រក្សា​ឆន្ទៈ​ក្នុងការ​ពិចារណា​រាល់​សំណើសុំ​ជំនួយ​ពី​កម្ពុជា​ជានិច្ច​។ នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ចំណាយ​ថវិកា​អស់​ជាង​១៣១​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមក ដើម្បី​កំណត់​ទីតាំង និង​លុបបំបាត់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ របស់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​នៅ​​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្រាប់មីន ដែល​ស្ថិតនៅលើ​ទឹកដី​នៃ​ប្រទេស​ចិន វៀតណាម និង​សូ​វៀត​ផងដែរ​។ កិច្ចសហប្រតិបត្តិការ​នេះ បាន​ជួយសង្គ្រោះ​ជីវិត ព្រមទាំង​ផ្តល់នូវ​អត្ត​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់​ក្នុងប្រទេស​កម្ពុជា​។ យើង​សង្ឃឹមថា យើង​អាចធ្វើឱ្យ​ស្ថានភាព​វិល​ទៅរក​ភាព​ដើម​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ ​
​ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​មីន​កម្ពុជា បានចេញ​សេចក្តី​ការណ៍​បន្ទាន់​មួយ​ដោយ​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការលើក​ឡើង​តាមរយៈ សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ដែល​ចោទប្រកាន់​មកលើ​អាជ្ញាធរ​មីន​កម្ពុជា ថា​បានដឹង​លឺថា មាន​គ្រាប់បែក​នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង តាំងពី​យូរ​មកហើយ ប៉ុន្តែ​ទើបតែ​ពេលនេះ​គាស់កកាយ​ឡើង​។​
​ ​
​អាជ្ញាធរ​មីន​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​បែ​នេះ គឺ​ក្នុងន័យ​បំភ្លៃ​ការពិត និង​បំភ័ន្ត​មតិ​ជាតិ​និង​អន្តរជាតិ​ប៉ុណ្ណោះ​។​
​ ​
​យ៉ាងណា​ម៉េ​ញ ពាក់ព័ន្ធ​នឹង​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​នេះដែ​ឬ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែង​ប្រតិ​កម្ម​តប​នឹង​សេចក្ដីថ្លែងការណ៍​នេះ ដោយ​សុំ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចុះទៅពិនិត្យ​ទីតាំង​គ្រាប់បែក​ដោយផ្ទាល់ ដើម្បី​ហិត ឬ​កាន់​លេង ដើម្បី​ដឹងថា​គ្រាប់បែក​ទាំងនោះ​វា​គ្រោះថ្នាក់​បែបណា​។​
​ ​
​តាមរយៈ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ លោក ហេង រតនា បាន​អះអាងថា គ្រាប់បែក​ទាំងនោះ​មិនមែន​ត្រឹមតែ​ជា​គ្រាប់បែក​បង្ហូរ​​ទឹកភ្នែក​ធម្មតា​ឡើយ ព្រោះថា​គ្រាប់បែក​ប្រភេទ​នេះ ធ្លាប់បាន​រកឃើញ​នៅ​ខេត្ត​រតនគីរី ហើយ​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ ក៏​ចេញ​របាយការណ៍​បញ្ជាក់​ថា គ្រាប់បែក​ប្រភេទ​នេះ​ក៏​ជា​គ្រាប់បែក​គីមី​ដែរ​។​
​ ​
​លោក ហេង រតនា បាន​បន្តថា មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ដែល​រងគ្រោះ សូម្បីតែ​មន្ត្រី​របស់​អាជ្ញា​ធរ​គីមី ក្រសួងការពារជាតិ ដែល​ចុះ​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​នេះ នៅ​សាលាបឋមសិក្សា​គគីរ ក៏៏​កំពុងមាន​ជំងឺ សម្រាក​ព្យាបាល​មិនទាន់​ជាសះស្បើយ​នៅឡើយ​​ទេ​។​
​ ​
​អគ្គនាយក​ស៊ីម៉ាក់​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា “…​ឥឡូវនេះ​មិន​ពិបាក​ប្រកែក​គ្នា​ជា​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ឬ​អាវុធ​គីមី​នោះទេ​…​ទី​១.​របាយការណ៍​ក្រុមបច្ចេកទេស នៃ​អង្គការ​ហាមឃាត់​អាវុធ​គីមី បានបញ្ជាក់​ច្បាស់​ថា ប្រភេទ​គ្រាប់បែក​នេះ​ជា​អាវុធ​គីមី (​របាយ​ការ​ណ័​ឆ្នាំ​២០១២ ចំពោះ​គ្រាប់បែក​ដូចគ្នានេះ រកឃើញ​នៅ​ខេត្ត​មណ្ឌល​គី​រី​) ករណី​នៅ​គគីរ គឺជា​គ្រាប់បែក​ប្រភេទ​ដូចគ្នា នឹង​នៅ​មណ្ឌល​គីមី​ដែរ​, ទី​២.​មាន​ប្រជាជន​ជាច្រើន បាន​កំពុង​រងគ្រោះ​មាន​ជម្ងឺ​នេះ មានកូន​ក្មេងៗ​មិន​ប្រក្រតី​មួយចំនួន អាច​ទៅ​ជួប​ផ្ទាល់​នៅ​មូលដ្ឋាន​របស់គាត់​ក៏បាន​ដឹក​មក​ភ្នំពេញ ដើម្បី​បានឃើញ​ជាក់​សែ្ត​ង​ក៌​បាន​, ទី​៣.​ការនិយាយ​ថា​ឧ​ស្ម​ន័​បង្ហៀ​ទឹកភ្នែក នោះ​មិន​ពិបាក សូម​អញ្ជើញ​អ្នកណា​ក៏បាន​ដែល មិន​ជឿថា​ឥទ្ធិពល​គ្រាប់បែក​គីមី​កំរិតណា ទៅ​ទីតាំង​គ្រាប់បែក​នោះ ចង់​ហិត​មើល ឬ​កាន់​លេង​មើល វា​យ៉ាងម៉េច​?…​ទៅ​សាក​តែម្តង​ដើម្បី​កុំឱយ​មានការ​សង្ស័យ ក្រុម​ជំនាញ​គីមី​ខាង​យោធា​ចំនួន​៣-៤​នាក់​កំពុង​ឈឺ​នៅឡើយ និង​មាន​ចៅ​មន្ត្រី​ស៊ីម៉ាក់ ប៉ះពាល់​សំលៀកបំពាក់​ជីតា មកពី​កន្លែង​ប្រតិ​ប​តិ្ត ពុល​ឈឺ​ស្មានថា​មិនអាចរ​ស់បាន​ផង​…​សំខាន់​ទៅ​សាក​ល្បងមើល មិន​ឆ្ងាយ​ទេ​ប្រហែល​៣​ម៉ោង​ពី​ភ្នំពេញ នឹង​ដឹង​ច្បាស់​, ទី​៤.​តើ​ប្រជាជន​កម្ពុជា​ទាំងអស់​ជឿ​ដែរ​ឬថា​គេ​ទំលាក់​គ្រាប់​បែក​ឧ​ស្ម​ន័​បង្ហៀរ​ទឹកភ្នែក​ប្រឆាំង​បាតុកម្ម​នៅក្នុង​សម​ភូមិ​សង្គ្រាម​នោះ​?…​ប្រសិន​ជាមាន​មនោសញ្ចេតនា​យ៉ាងនេះ​វា​គ្មាន​គ្រាប់បែក​​ចង្កោម​ជិត​២៨​លាន​គ្រាប់ គ្រាប់បែក​ទំងន់​ទំហំ​ធំៗ ទំលាក់​សម្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់​នោះទេ​…​ដូច​ពាក្យចាស់​លោក​ពោលថា ដំរី​ងាប់ កុំ​យក​ចង្អេរ​ទៅ​បាំង​, ទី​៥.​រឿងនេះ​មិនមែន​ចេះតែ​ថា សារជាតិ​គីមី​នេះ ឬ​នោះបានទេ​?…”​។​
​ ​
​លោក ហេង រតនា បាន​បន្ថែមថា រាជរដ្ឋាភិបាល​បានប្រកាស​ប្រាប់​អង្គការសហប្រជាជាតិ​រួចហើយ​ថា កម្ពុ​ជាមាន​សំណល់​អាវុធ​គីមី ហើយ​ស្នើ​ឲ្យ​អង្គ​ការជំនាញ របស់​អង្គការសហប្រជាជាតិ​ចុះមក​ពិនិត្យ​បញ្ជាក់ (Verifications) ព្រោះ​វា​អនុសញ្ញា​អន្តរជាតិ និង​ស្របតាម​នីតិវិធី​អនុសញ្ញា​នោះ​៕ដោយ៖វិបុល/sn