ស៊ីម៉ាក់ ទទួល​ជំនួយ​ជាង ១៧ ម៉ឺន​ដុល្លារដើម្បី​គាំទ្រ​សកម្មភាព​កណ្តុ​រហិត​មីន នៅ​សៀមរាប​

320

(​ភ្នំពេញ​)៖​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បានទទួល​ជំនួយ​ជាង​១៧​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​សកម្មភាព​​កណ្តុ​រហិត​មីន ដែល​ត្រូវ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់មីន​នៅក្នុង​ខេត្តសៀមរាប​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានបញ្ជាក់​ថា ថវិកា​ចំនួន​ជាង​១៧ ម៉ឺន​ដុល្លារ ដែល​លោក​បាន​ចុះហត្ថលេខា​ជាមួយ​លោក Paul McCarthy ប្រធាន​អង្គការ APOPO នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ដើម្បី​គាំទ្រ​សកម្មភាព​កណ្តុ​រហិត​មីន​ដែល​ត្រូវ​ប្រតិ​ប​តិ្ត​ការ​​បោសសំអាត​គ្រាប់មីន ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប​។ គម្រោង​នេះ មាន​រយៈពេល ១២​ខែ ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៨​។​

​លោក ហេង រតនា បាន​គូសបញ្ជាក់ថា អង្គការ APOPO មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែ​ល​ស៊ិ​ក​ហើយ​សត្វ​កណ្តុរ​បាន​បង្កាត់​នៅ​ទីពិសោធន៍​​នៃ​ប្រទេស​តង់សង់​ញៀ​។ ការដោះមីន​របស់​សត្វ​កណ្តុរ គឺ​គ្រាន់តែ​ឱយ​សញ្ញា​ចំនុច​សង្ស័យ​មាន​ជាតិ​ផ្ទុះ​។

​រីឯ​ការដោះមីន​ពិតប្រាកដ​គឺ​អ្នកជំនាញ​ដោះមីន​ត្រូវ​ប្រើ​ឧបករណ៍​រាវ​មីន​និង​បោសសំអាត​តែម្តង​។ កណ្តុរ​ដោះមីន​ហិត​រក​ក្លិន​ជាតិ​ផ្ទុះ រីឯ​ឧបករណ៍​រាវ​មីន​រក​ស្រូប​ជាតិ​ដែក​។ ជាមួយ​ចំនួន​ថវិកា​នេះ ស៊ីម៉ាក់​រំដោះ​ដីចំការ​មីន បាន​ចំនួន​ប្រមាណ ៨០ ហិកតា​។​

​លោក រតនា បាន​ឲ្យ​ដឹង​ទៀតថា កម្ពុជា បាន​នាំយក​កណ្ដុរ​ហិត​មីន អា​ប៉ូ​ប៉ូ (Apopo) ជាង​៣០​ក្បាល ដើម្បី​សាកល្បង​ហិត​រក​គ្រាប់មីន រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​។ កណ្តុ​រហិត​មីន​ត្រូវបាន​ដាក់​ឲ្យ​សាកល្បង​តែ​នៅ​ចម្ការមីន​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​ដើម្បី​តាមដាន​និង​​សិក្សា​អំពី​ប្រសិទ្ធភាព​របស់​វា​។

​អ្នកជំនាញ​ផ្នែក​ហ្វឹកហាត់​សត្វ​កណ្ដុរ​ហិត​មីន បាន​ឲ្យ​ដឹងថា កណ្ដុរ​ហិត​មីន អា​ប៉ូ​ប៉ូ (Apopo) អាចរ​ស់បាន​រយៈពេល​ប្រាំបី​ឆ្នាំ​ហើយ​ការ​​បង្រៀន​កណ្ដុរ ឲ្យ​ចេះ​ហិត​រក​គ្រាប់មីន និង​រំសេវ ត្រូវ​ប្រើ​រយៈពេល ប្រាំបី​ខែ​។​

​អ្នកជំនាញ​ស៊ីម៉ាក់ បាន​ប្រៀបធៀប​ថា កណ្ដុរ​អា​ប៉ូ​ប៉ូ (Apopo) អាច​ហិត​រក​គ្រាប់មីន​យ៉ាងច្បាស់​លាស់ ដូចជា សត្វ​ឆ្កែ​ដែរ​។ អ្វីដែល​ពិសេស​ជាង​ឆ្កែ​នោះ គឺ​កណ្តុ​រហិត​មីន មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើការ​ជាមួយ និង​មិន​ប្រើ​ទីធ្លា​ធំ ដើម្បី​ស្នាក់​នៅទេ​។​
​ ​
​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​បានប្រកាសថា រហូតដល់​ចុងឆ្នាំ​២០១៧ កម្ពុជា នៅមាន​ផ្ទៃដី ដែលមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​តំបន់​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ក្នុងសម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ជិត ២.០០០ គីឡូម៉ែត្រ​ក្រឡា​។ ស៊ីម៉ាក់ ត្រូវការ​ពេលវេលា​ប្រហែលជា ៨​ឆ្នាំ​ទៅមុខទៀត​សម្រាប់​រំដោះ​ផ្ទៃដី​ទាំងនោះ ឲ្យ​មាន​សុវត្ថិភាព ដោយ​ត្រូវ​ចំណាយ​ពី ៥០​ទៅ​៦០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​
​ ​
​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ លោក​ហេង​រតនា បានប្រកាសថា អង្គភាព​ស៊ីម៉ាក់ ទទួលបាន​ជំនួយ​ជិត​ពីរលាន​ដុល្លារ​។​ក្នុងនោះ​រដ្ឋាភិបាល​​អូស្ត្រាលី​,​ស្វី​ស​, កាណាដា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា​យូ​អិន​ឌី​ភី​( UNDP)​បាន​គាំទ្រ​គំរោង​សកម្ម​ភាព​មីន​មួយ ហៅថា “​គំរោង​បោសសំអាត​សំរាប់​ទិ​ដ្ឋ​ផល Clearing for Results” សំរាប់​រំដោះ​ផ្ទៃ​ចំការមីន ស្ថិតនៅ​បី​ខេត្ត​គឺ​ខេត្ត​​ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ក្នុង​ទឹកប្រាក់​សរុប ១.២០០.០០០ ដុល្លារ​។ ស៊ីម៉ាក់​ក៏​ទទួលបាន​ថវិកា​បន្ថែម​របស់​អាជ្ញា​ធរ​​មីន និង UNDP នូវ​ទឹកប្រាក់ ៧៥០.០០០ ដុល្លារ សម្រាប់​ដោះមីន​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​៕​ដោយ​: ម៉េង​ឆៃ​/sn

​កណ្តុ​រហិត​មីន របស់​អង្គភាព​ដោះមីន ស៊ីម៉ាក់ ( រូបភាព​ពី​ស៊ីម៉ាក់ )