ស៊ីម​បា​វ៉េ​លក់​ដំរី​១០០​ក្បាល​ទៅ​ឱ្យ​ចិន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

1056
ចែករម្លែក

​ភ្នាក់ងារ​ការពារ​សត្វ​ព្រៃ​ស៊ីម​បា​វ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​ខែ​ឧសភា​ថា ស៊ីម​បា​វ៉េ​បាន​លក់​ដំរី​ចំនួន​១០០​ក្បាល​ទៅ​ឱ្យ​ចិន និង​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​​ក្នុង​តម្លៃ​សរុប​២,៧​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ឆ្នាំ ។​

​លោក Tinashe Farawo អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ការពារ​សត្វៃ​ព្រៃ​និង​សួនសត្វ បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា​ដំរី​ជាច្រើន​របស់​ប្រទេស​ស៊ីម​បា​វ៉េ បាន​កើន​ចំនួន​​ច្រើនពេក​នៅ​សួនសត្វ​ជាតិ​ដែល​បណ្តាល​ឱ្យ​ពួក​វា​បាន​ចូលលុកលុយ​កន្លែង​មនុស្ស​រស់​នៅ ដោយ​បំផ្លិចបំផ្លាញ​ផលដំណាំ​និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។​

​ដោយ​លើក​អំពី​មូលហេតុ​នៃ​ការលក់​ដំរី​ទាំងនេះ លោក​បាន​និយាយថា ” មាន​ដំរី​រហូតដល់​៨៤.០០០​ក្បាល​នៅ​សួនសត្វ​នេះ​ខណៈ​ដែល​សួនសត្វ​នេះ អាច​ទទួល​សត្វ​ដំរីរ​ស់​នៅបាន​​តែ​ចំនួន​៥០.០០០​ក្បាល ប៉ុណ្ណោះ​។​យើង​ចង់​រក្សា​ធនធានធម្មជាតិ ដូចនេះ​យើង​លក់​ដំរី​មួយចំនួន​ដើម្បី​ងាយស្រួល​ដល់​ការមើល​ថែ​ទាំង​ដំរី​ដែល​នៅសល់​”​។​

​លោក Tinashe Farawo​បាន​និយាយថា ” ដំរី​២០០​ក្បាល​បាន​ងាប់ ដោយសារ​ការ​ប្រឈម​រវាង​មនុស្ស​និង​សត្វ​ដំរី​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ហើយ​ផលដំណាំ​៧.០០០​ហិកតា ត្រូវបាន​បំផ្លាញ​ដោយ​សត្វ​ដំរី​។ ទីជម្រក​ធម្មជាតិ​នៃ​សត្វ​ដំរី បាន​ប្រឈម​នឹង​បញ្ហា​ច្រើន ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ភាព​រាំងស្ងួត ដោយ​បន្ថែម​​ការលំបាក​ច្រើន​ឡើង​ដល់​សួនសត្វ​ជាតិ​ទាំងឡាយ ក្នុង​ការរក​ចំណី​និង​ទឹក​បន្ថែមទៀត​សម្រាប់​សត្វ​ដំរី​ទាំងនោះ​”​។​

​លោក បាន​និយាយថា លុយ​ដែល​មកពី​ការលក់​ដំរី​ដោយ​ស្របច្បាប់​នេះ នឹង​ត្រូវ​បាន​ប្រើស​ប្រាស់​សម្រាប់​ប្រឆាំង​ការសម្លាប់​សត្វព្រៃ និង​ការងារ​អភិរក្ស ការស្រាវជ្រាវ និង​ថែ​ទាំង​សត្វ​៕​ដោយ​៖​សុខា​/sn

ស៊ីម​បា​វ៉េ​មាន​ដំរី​រហូតដល់​៨៤.០០០​ក្បាល​នៅ​ក្នុង​ឧទ្យាន​របស់ខ្លួន