ស៊ីរីអះអាងជោគជ័យនៅក្នុងសង្រ្គាមលើក្រុមរដ្ឋអ៊ីស្លាម

854
ចែករម្លែក
  • 125
    Shares

អង្គការសិទ្ធិមនុស្សSyrian Observatory for Human Rightsបាននិយាយថាក្រុមមួយនៃយុទ្ធជនក្រុមរដ្ឋអ៊ីស្លាមត្រូវបានជម្លៀសចេញពីតំបន់បះបោរចុងក្រោយរបស់គេនៅជិតទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យទី២០ឧសភានៅក្នុងការដកថយមួយដែលនឹងស្តារការត្រួតត្រារបស់រដ្ឋាភិបាលលើតំបន់នេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបាននិយាយអំពីកិច្ចព្រមព្រៀងអ្វីដើម្បីអនុញ្ញាតអោយពួកសកម្មប្រយុទ្ធចាកចេញពីបរិពន្ធភូមិនៅចំកណ្តាលជំរំជនភៀសខ្លួនប៉ាឡេស្ទីនYarmoukហើយកាលពីថ្ងៃសៅរ៍ ប្រភពយោធាស៊ីរីមួយបានបដិសេធថា កិច្ចព្រមព្រៀងមួយត្រូវបានសំរេចឡើង។

ជាមួយនឹងការយកមកត្រួតត្រាវិញបរិពន្ធភូមិYarmouk រដ្ឋាភិបាលស៊ីរីនឹងកំទេចតំបន់ឧទ្ទាមដែលត្រូវឡោមព័ទ្ធចុងក្រោយនៅស៊ីរីខាងលិច តែទោះជាយ៉ាងណាចំណែកទឹកដីនៅជាប់ព្រំដែនតួកគី អ៊ីរ៉ាក់និងហ្សកដានីស្ថិតនៅក្រៅការត្រួតត្រារបស់ខ្លួននៅឡើយ។

អង្គការ Observatoryបាននិយាយថា រថយន្តក្រុងជាច្រើនបានចូលក្នុងបរិពន្ធភូមិនេះក្រោយថ្ងៃត្រង់ដើម្បីយកពួកអ្នកប្រយុទ្ធនិងគ្រួសាររបស់ពួកគេចេញ។

របបគ្រប់គ្រងរបស់ប្រធានាធិបតី បាសសា អាល់-អាសាត កាលពីខែមុនបានចាប់ផ្តើមការឈប់បាញ់ទ្រង់ទ្រាយធំមួយដែលនៅអនុវត្តដល់សព្វថ្ងៃហើយវាក៏អាចសម្រាប់ការជម្លៀសយុទ្ធជនក្រុមរដ្ឋអ៊ីស្លាមចេញពីតំបន់នេះ។

ប្រធានអង្គការនេះបាននិយាយថាបទឈប់បាញ់នេះត្រូវបានចរចាបង្កើតឡើងដោយរុស្ស៊ីនិងបណ្តាក្រុមប៉ាឡេស្ទីនដែលគាំទ្ររដ្ឋាភិបាលតែទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីបានស្រង់សម្តីប្រភពយោធាដោយបានបដិសេធកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថាកងកម្លាំងស្ម័គ្រស្មោះនឹងរបបអាសាត បានធ្វើការវាយប្រហារខ្លាំងក្លានៅក្រុងដាម៉ាសខាងត្បូង ក្រោយចាប់យកតំបន់ហ្គោតាខាងកើតជិតរដ្ឋធានីកាលពីខែមេសា។ពួកគេបានចាប់យកសង្កាត់Qadam​ តែពួកជីហាតនៅត្រួតត្រាប្រមាណ៧០ភាគរយនៃតំបន់Yarmuk។

យោងតាមObservatory ការប្រយុទ្ធគ្នានៅដាម៉ាសខាងត្បូងបានសម្លាប់សមាជិកក្រុមរដ្ឋអ៊ីស្លាម៤៨៤នាក់និងយុទ្ធជនគាំទ្ររបបគ្រប់គ្រងចំនួនជាង២៥០នាក់ ព្រមទាំងជនស៊ីវិល៥៦នាក់។

សង្រ្គាមស៊ីរីបានបណ្តាលអោយប្រជាជនជាង៣៥០.០០០នាក់ស្លាប់ចាប់តាំងពីវាបានចាប់ផ្តើមនៅឆ្នាំ២០១១ ជាមួយនឹងការគាបសង្កត់ដ៏សាហាវលើការតវ៉ាប្រឆាំងរដ្ឋាភិបាល មុនពេលវារីរាលទៅជាជម្លោះស្មុគស្មាញមួយដែលជាប់ពាក់ព័ន្ធមហាអំណាចនិងពួកជីហាត៕ដោយ៖វាសនា

#