ស៊ីវ សុខ​ម៉េង និង ចាន់ ចាវ​លេច​មុខមក​ប្រកួត​ជាមួយ​បរទេស​

992
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ២​រូប​ដែល​កន្លងមក​ពុំ​ធ្លាប់មាន​នរណា​ស្គាល់​សោះ​នោះ បាន​លេច​មុខមក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស លើស​ង្វៀន​បារ​លី​ប្លេ​ក​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២២​មេសា​។​

​ស៊ីវ សុខ​ម៉េង ដែល​ស្ថិតនៅ​ក្លិប​នាគរាជ​មានជ័យ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ឈ្មោះ អ៊ី​គី​ណេ អេ​ម៉ា​នុយ​អែល (Ekene Emmanuel) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៨៣​គីឡូក្រាម​។ មិនមាន​នរណាម្នាក់​ដឹងថា តើ​អ្នក​ប្រដាល់​កម្ពុជា​នេះ លេចមុខ​មកពីណា​នោះទេ ហើយ​គេ​មាន​របៀប​វ៉ៃ​យ៉ាងណាៗ​ក៏​មិនមាន​នរណា​ដឹង​ដែរ​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ បើតាម​ប្រវត្តិ​ប្រកួត​ដែល​ផ្ដល់​ឲ្យ​ដោយ​ស្ថាន​នី​យ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះ​ថា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥​ដង ឈ្នះ​៣២​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ៣​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​នី​ហ្ស៊េ​រី​យ៉ា​អ៊ី​គី​ណេ អេ​ម៉ា​នុយ​អែល​វិញ នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ គេ​ជា​អ្នក​ប្រដាល់​ថ្មី​ដែរ​ទេ សព្វថ្ងៃ​គេ​កំពុងតែ​ហ្វឹកហាត់​នៅក្នុង​ក្លិប​មួយ នា​ប្រទេស​ថៃ​។ គេ​ទើបតែ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​១៦​ដង ឈ្នះ​១២​ដង និង ចាញ់​៤​ដង​។ ជំនួប​មួយ​នេះ​នរណា​ឈ្នះ​នរណា​ចាញ់​?

 

​អ្នក​ប្រដាល់​កម្ពុជា​មួយរូប​ទៀត​ឈ្មោះ ចាន់ ចាវ មកពី​ក្លិប​ថ្មគោល​ដែល​មិនមាន​នរណា​ស្គាល់​ដែរនោះ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlai Yuk) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​ចាន់ ចាវ មិនសូវមាន​អ្នក​ស្គាល់​មែន តែ​កំណត់ត្រា​ប្រកួត​របស់គេ​ល្អ​គ្រាន់បើ​។ អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​បង្ហាញខ្លួន​នៅ​សង្វៀន​នានា នៅ​ភ្នំពេញ​ម្ដងម្កាល​ដែរ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥​ដង ឈ្នះ​៣៥ ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។​

​ចំពោះ កាំ​ឡៃ យុគ គេ​ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់ គេ​មិន​ខ្សោយ​នោះទេ គេ​មាន​កណ្ដាប់​ថៃ​ធ្ងន់ និង​ទាត់​ចេញ​ធ្ងន់​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៧០​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ការប្រកួត​មួយ​នេះ ទាំងសងខាង​សុទ្ធ តែមាន​ឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា សំណាង​ល្អជា​របស់​នរ​ណា​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ ម៉ន វិចិត្រ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។ សេក វណ្ណៈ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ សៅ វណ្ណា ក្លិប​យុវ​វាល​ស្បូវ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​៕