ស៊ី​រី​អះអាងថា​មាន​ការបាញ់​កាំជ្រួច​ថ្មី​ចូល​តែ​ត្រូវ​ស្ទាក់​កំទេច ខណៈ​អនុញ្ញាតអោយ​ពួក​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​ចូល​ពិនិត្យ​កន្លែង​រង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​

3330
ចែករម្លែក

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មេសា​ថា កងកម្លាំង​ការពារ​អាកាស​ស៊ី​រី​បាន​បាញ់​ទម្លាក់​កាំជ្រួច​លើ​ខេត្ត​ហូ​មស៍ ដោយ​ការវាយប្រហារ​ត្រូវបាន​​គេ​រាយការណ៍​ថា សំដៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​របប​គ្រប់គ្រង​ស៊ីរី​។​

​ទីភ្នាក់ងារ​មិន​បាន​រាយការណ៍​លម្អិត​ទេ និង​វា​ក៏​មិន​ច្បាស់​ថា​តើ​នរណា​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ គ្រាន់​តែ​ហៅ​វា​ថា​ជា​”​ការឈ្លានពាន​”​មួយ​។​

​ក្នុងពេល​ជាមួយគ្នា​អង្គការ សិទ្ធិ​អង្កេត​មនុស្ស​ស៊ី​រី​បាន​រាយការណ៍​ថា ការផ្ទុះ​ខ្លាំងៗ​ត្រូវបាន​គេ​ឮ​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​Al Shayrat នៅ​ភាគ​អាគ្នេយ៍​របស់​ខេត្ត​ហូ​មស៍ និង​នៅ​ជិត​ក្រុង​ដា​ម៉ាស កន្លែង​ដែល​មាន​មូលដ្ឋាន​ទ័ពអាកាស​ពីរ​នៅ​ទៅនោះ​។​

​របាយការណ៍​ពី​ក្រុម​ហេហ្ស៍​បូឡា បាន​និយាយថា កងការពារ​ដែល​អាកាស​ស៊ី​រី​បាន​បាញ់​ទម្លាក់​កាំជ្រួច​បី​ដើម​ដែល​ត្រូវ​បាញ់​សំដៅ​មូលដ្ឋាន​ទ័ពអាកាស​Dumair នៅ​ភាគ​​អាគ្នេយ៍​រដ្ឋធានី​ដា​ម៉ាស​។​

​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​និយាយថា​” ខ្ញុំ​អត់​ដឹង​ឧបទ្ទវហេតុ​ហនឹង​ទេ​” ខណៈ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​អះអាង​ថា​”​មិន​មាន​ប្រតិបត្តិការ​​យោធា​អាមេរិក​ឬ ក្រុម​ចម្រុះ​នៅ​តំបន់​នេះ​ទេ​”​។​

​ជុំវិញ​សភាពការណ៍​ស៊ី​រី​នេះដែរ រុស្ស៊ី​បាន​អះអាង​នៅថ្ងៃនេះ​ថា ក្រុមអធិការកិច្ច​សព្វាវុធ​គីមី​អន្តរជាតិ​នឹង​ត្រូវ​អនុញ្ញាត​អោយ​ចូល​ពិនិត្យ​ទីតាំង​ដែល​រង​ការចោទប្រកាន់​​ថា​មាន​ការវាយប្រហារ​ដោយ​សព្វាវុធ​គីមី​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​នោះ នៅ​ថ្ងៃ​ពុធ​ទី​១៨​មេសា​ស្អែក​។​

​ក្រុម​អន្តរជាតិ​នេះ​បាន​ទៅ​ដល់​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក តែ​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​តំបន់​រង​ការចោទប្រកាន់ដូ​ម៉ាទេ​។​

​សូមបញ្ជាក់​ថា​រូបភាព​ស្តីពី​ការវាយប្រហារ​ដោយ​សព្វាវុធ​គីមី​កាលពី​ថ្ងៃ​៧​មេសា បណ្តាល​អោយ​មាន​ការវាយប្រហា​រ​តាម​ផ្លូវអាកាស​ដោយ​អាមេរិក​ ​បារាំង​និង​អង់គ្លេស​​នៅ​មួយ​សប្តាហ៍​ក្រោយមក​ដោយសារ​ប្រទេស​សម្ពន្ធមិត្ត​ទាំង​បី​សំអាងថា ទាហាន​នៃ​របប​ស៊ី​ដែល​មាន​រុស្ស៊ី​ជា​ខ្នងបង្អែក ធ្វើ​ការវាយប្រហារ​ដោយ​អាវុធ​ហាមឃាត់​នេះ​​លើ​ជន​ស៊ីវិល តែ​ទាំង​ស៊ី​រី​និង​រុស្ស៊ី​បាន​បដិសេធថា​មិន​មាន​ការវាយប្រហារ​ដោយ​សព្វាវុធ​គីមី​ណាមួយ​ទេ ហើយ​រុស្ស៊ី​ចោទ​បក​ទៅ​វិញ​ថា​វា​គ្រាន់តែ​ជា​ការរៀបចំ​ឈុត​ឆាក​​ឡើង​ដោយ​ពួក​បុគ្គលិក​ផ្តល់ជំនួយ​៕​ដោយ​៖​វាសនា​

​របាយការណ៍​ពី​ក្រុម​ហេហ្ស៍​បូឡា បាន​និយាយថា កងការពារ​ដែល​អាកាស​ស៊ី​រី​បាន​បាញ់​ទម្លាក់​កាំជ្រួច​បី​ដើម​ដែល​ត្រូវ​បាញ់​សំដៅ​មូលដ្ឋាន​ទ័ពអាកាស​Dumair នៅ​ភាគ​​អាគ្នេយ៍​រដ្ឋធានី​ដា​ម៉ាស​