ស៊ី​ហ្គា​របស់​គុយបា​លក់ដាច់​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក ដោយសារ​តម្រូវការ​នៅ​ចិន​កើនឡើង​

423
ចែករម្លែក

​ការលក់​ស៊ី​ហ្គា​របស់​គុយបា​បាន​កើន​ឡើងដល់ ៥៣៧ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨ គឺ​កើនឡើង ៧ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ទោះបីជា​ច្បាប់​ពិភពលោក​សព្វថ្ងៃ​គឺ​ប្រឆាំងនឹង​ថ្នាំជក់​ក៏ដោយ​។ នេះ​បើតាម​ក្រុមហ៊ុន​ថ្នាំជក់​គុយបា Habanos និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​។​

​អនុប្រធាន​ក្រុមហ៊ុន​បារី Habanos លោក​ចូ​សេ ម៉ា​រី​យ៉ា ឡូ​ប៉េ​ស អ៊ី​ន​ឈួ​ប៊ី បាន​និយាយថា “​ចិន​បាន​វ៉ា​បារាំង​ក្នុងនាម​ជាទី​ផ្សារ​ធំ​បំផុត​ទី ២ របស់​ក្រុមហ៊ុន Habanos” ខណៈ​អេ​ស្ប៉ា​ញ​ឈរ​នៅ​លេខ​១​។​

​លោក​ឡូ​ប៉េ​សបាន​និយាយថា ការលក់​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ៥៥ ភាគរយ ជាមួយ​ការលក់​នៅ​អាស៊ី​បូព៌ា​ទាំងមូល​គឺ​កើនឡើង ៩ ភាគរយ​។​

​អ្នកគ្រប់គ្រង​ទីផ្សារ​លោក​អឺ​ណេ​ស្តូ ហ្គ​ន​សា​ឡេស បាន​និយាយថា តួលេខ​នេះ​បង្ហាញ​ពី “​កម្លាំង​នៃ​ការលក់​របស់​យើង បើទោះបីជា​មានការ​លំបាក​ក្នុង​ឆ្នាំទៅ​មិញ​ក៏ដោយ​”​។​

​លោក​ឡូ​ប៉េ​សបាន​និយាយថា ទីផ្សារ​បារាំង​គឺ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ១៧ ភាគរយ ដែល​មានន័យថា ក្រុមហ៊ុន Habanos ត្រូវ​ដំឡើងថ្លៃ​ពី ៨ ទៅ ១០ ភាគរយ​។​

​លោក​ហ្គ​ន​សា​ឡេស​បាន​និយាយថា​តួលេខ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បាន​កើតឡើង បើទោះបីជា​ទីផ្សារ​ថ្នាំជក់​ប្រណីត​នៅលើ​ពិភពលោក​បាន​កើនឡើង​ត្រឹមតែ ១ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ក៏ដោយ​។​

​ខុសពី​ទ្វីបអឺរ៉ុប ការលក់​នៅ​ចិន​គឺ​មិន​ប៉ះពាល់​ដោយសារ​ច្បាប់​ប្រឆាំងនឹង​ថ្នាំជក់​ដ៏​តឹងរ៉ឹង​នោះឡើយ​។​

​លោក​ឡូ​ប៉េ​សបាន​និយាយថា “​បរិយាកាស​ច្បាប់​ទីផ្សារ​ថ្នាំជក់​កំពុង​តែមាន​ភាពស្មុគស្មាញ​ខ្លាំង​ឡើងៗ​”​។​

​កំណើន​នេះ​ក៏បាន​កើតឡើង​ផងដែរ បើទោះបី​ជាមាន​ការដាក់​ទណ្ឌកម្ម​លើ​ផលិតផល​របស់​គុយបា​ដែល​កំពុង​លក់​នៅក្នុង​ទីផ្សារ​អាមេរិក​ក៏ដោយ​។​

​ក្រុមហ៊ុន Habanos គឺជា​កម្មសិទ្ធិ​ពាក់កណ្តាល​របស់​ក្រុមហ៊ុន​ថ្នាំជក់​អេ​ស្ប៉ា​ញ Altadis ដែល​ក្រុមហ៊ុន​នេះ​ផងដែរ​ក៏​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនមេ​នៅ​អង់គ្លេស Imperial Brand៕ ដោយ៖ កញ្ញាដាលីស

ស៊ី​ហ្គា​គុយបា​លក់ដាច់​ខ្លាំង​នៅ​ចិន