ស៊ី​ហ្គេម​លើក​ទី​៣០ កំពុងតែ​ចាប់ផ្ដើម រាប់​ថយក្រោយ​

490
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA Games ) លើក​ទី​៣០ ដែល​ប្រទេស​ហ្វីលីពីន ជា​ម្ចាស់ផ្ទះ នឹងធ្វើ​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​១១ ធ្នូ នា​ចុងឆ្នាំ​២០១៩ នេះ​។​

​បាវចនា សម្រាប់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​ទី​៣០​នេះ គឺ ” យើង​ឈ្នះ​ជាមួយ ” ។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​ប្រទេស​ហ្វីលីពីន ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​នេះ ។ ហ្វីលីពីន ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើកដំបូង​នៅ​ឆ្នាំ​១៩៨១ លើក​ទី​២ នៅ​ឆ្នាំ​១៩៩១ លើក​ទី​៣ នៅ​ឆ្នាំ​២០០៥ និង​លើក​ទី​៤ នៅ​ឆ្នាំ​២០១៩ នេះ​។​

​ការរាប់​ថយក្រោយ (Countdown) បានចាប់ផ្ដើម តាំងពី​ថ្ងៃទី​៣០ វិច្ឆិកា ២០១៨ មកម្ល៉េះ ដែល​មកទល់ពេលនេះ មាន​រយៈពេល​ជិត ២ ខែ​ហើយ ។ ចំពោះ​រូប Mascot សម្រាប់​ការប្រកួត​លើក​នេះ ក៏បាន​ឯកភាពគ្នា អស់ហើយ​ដែរ ។

​​ការសម្រេចចិត្ត​ចុងក្រោយ កាលពី​ចុងឆ្នាំ​២០១៨ គឺ​កីឡា​ចំនួន ៥៦ ប្រភេទ ដែលមាន ៥២៣ វិញ្ញាសា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ។ កីឡា​អេឡិចត្រូនិក (Electronic Sports) ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​កម្មវិធី​ប្រកួត​កីឡា ថ្នាក់​តំបន់​នេះ ជា​លើកដំបូង ក្នុងខណៈដែល​ប្រទេស​ម្ចាស់ផ្ទះ មួយ​នេះ បន្ថែម​កីឡា​ប្រយុទ្ធ ប្រពៃណី​របស់ខ្លួន គឺ​កីឡា​អារ​នី​ស (Arnis) ទៅក្នុង​កម្មវិធី​ប្រកួត​ដែរនោះ ។​

​អត្ត​ព​លិ​ក​ពី ១១ ប្រទេស ដែល​ចូលរួម​នោះ គេ​ប៉ាន់ប្រមាណ​មើលថា អាចមាន​ចំនួន ៩.៨៤០ នាក់ តែ​ចំនួន​នេះ នឹង​អាច​ប្រែប្រួល ។ តាម​ការគ្រោងទុក ពិធី​បើក​ការប្រកួត នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន Bocaue ហើយ​តាម​ការគ្រោងទុក​នោះ លោក​ប្រធានាធិបតី​ហ្វីលីពីន នឹងចូលរួម ។ ចំពោះ​ពិធី​បិទ នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន Athletcs ។​

​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កន្លងមក បាន​ក្លាយជា​ព្រឹត្តិការណ៍​មួយ ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ តែងតែ​រៀបចំ ដើម្បី​ប្រមូល​មេដាយ ។ សម្រាប់​កម្ពុជា ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ នោះ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានសម្រេច​ចិត្ត​ហើយ​ថា នឹងធ្វើ​ដោយ​តម្លាភាព ។​

​ប្រសិនបើ​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ និង​លើក​ទី​៣១ ឆ្នាំ​២០២១ ឥរិយាបថ​នៃ​ការ​ប្រជែង យក​មេដាយ មិន​ផ្លាស់ប្ដូរ​ទេនោះ កម្ពុជា​នឹងធ្វើ​ជា​គម្រូ​គេ ក្នុងការ​ប្រជែង ដណ្ដើម​មេដាយ ដោយ​យុត្តិធម៌ សម្រាប់​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ។​

​លោក ថោង ខុន បានបញ្ជាក់​ហើយ​ថា ឆ្នាំ​២០២៣ ប្រទេស​ណា មាន​សមត្ថភាព ប្រទេស​នោះ នឹង​រកបាន​មេដាយ​ច្រើនជាងគេ ។ កម្ពុជា នឹងមិន​ទទួលយក​វប្បធម៌ ចែក​មេដាយ​នោះឡើយ ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ បើតាម​ការអះអាង​ពី លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បញ្ជាក់ថា នឹង​បញ្ជូន​កីឡា ទៅ​ចូលរួម​ប្រកួត ឲ្យ​បាន​ច្រើនជាង​មុន ព្រោះនេះ​ជា​ឆ្នាំ​យុទ្ធសាស្ត្រ ។ នៅ​ឆ្នាំ ២០២១ ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម កម្ពុជា ក៏​នឹង​បញ្ជូនទៅ​ចូលរួម ប្រកួត​ច្រើន​ដែរ ។

​ពេលនេះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង ក្រសួង​អប់រំ យុវជន និង កីឡា នៅ​មិនទាន់​កំណត់ថា បញ្ជូនទៅ​ចូលរួម​ប៉ុន្មាន​ប្រភេទ ហើយ​ប្រភេទ​កីឡា​ណាខ្លះ​នោះ នៅឡើយ​ទេ ៕v

ស្លាក​សញ្ញា​ស៊ី​ហ្គេម​លើក​ទី​៣០
ស្លាក​សញ្ញា​ស៊ី​ហ្គេម​លើក​ទី​៣០