ស៊ី​ហ្គេម ៖ ម៉ាឡេស៊ី​សុំទោស​ឥណ្ឌូនេស៊ី​ចំពោះ​ការដាក់​ទង់ជាតិ​បញ្ច្រាស់​នៅក្នុង​កូនសៀវភៅ​អនុស្សាវរីយ៍ ចំពេល​អ្នក​តវ៉ា​មិនទាន់​បាត់​កំហឹង​

720

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ទី​២០​សីហា​បាន​ចូលរួម​ក្នុង​ជម្លោះ​មួយ​បន្ទាប់ពី​អ្នករៀបចំ​កម្មវិធី​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) របស់​ម៉ាឡេស៊ី​បានធ្វើឱ្យ​ខឹងសម្បា​ដល់​អ្នកគាំទ្រ​ជាច្រើន​នាក់​ដោយ​ការបោះ​ផ្សាយ​ទង់ជាតិ​ឥណ្ឌូនេស៊ី​ដោយ​ច្រឡំ​នៅក្នុង​ទស្សនា​វ​ដ្តី​រំលឹក​ខួប​មួយ​។​

​អ្នករៀបចំ​កម្មវិធី​ប្រកួត​និង​ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​សុំ​អភ័យទោស​ចំពោះ​កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​រលក​នៃ​ការតវ៉ា​តាម​អ៊ី​ន​ធឺរ​ណេ​ត​នោះទេ ជាមួយ​យុទ្ធនាការ​ឈ្មោះថា “​អាម៉ាសមុខ​ណាស់​ម៉ាឡេស៊ី​” (#ShameOnYouMalaysia) បាន​ក្លាយជា​ប្រធានបទ​ឈានមុខ​គេ​របស់​ឥណ្ឌូនេស៊ី​នៅលើ​ធ្វី​ត​ធើ (Twitter)​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​ពិធី​បើក​កីឡា​ស៊ី​ហ្គេម​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ​ដែលជា​កន្លែង​ដែល​ទស្សនា​វ​ដ្តី​វត្ថុ​អនុស្សាវរីយ៍​ត្រូវបាន​ប្រគល់​ឱ្យទៅ​ឥស្សរជន​សំខាន់ៗ រួមទាំង​រដ្ឋមន្ត្រីក្រសួង​កីឡា​ឥណ្ឌូណេស៊ី​លោក អ៊ី​ម៉ាំ ណា​រ៉ាវី ដែល​បាន​បង្ហោះ​រូបភាព​ទំព័រ​នៃ​កូនសៀវភៅ​អនុស្សាវរីយ៍​ដ៏​ប្រមាថ​នោះ​នៅលើ​ធ្វី​ត​ធើ​។​

​ទង់ជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ឆ្នូត​ពណ៌​ក្រហម​នៅ​ពីលើ​ឆ្នូត​ពណ៌​ស ប៉ុន្តែ​វា​ត្រូវបាន​បោះពុម្ព​ដោយ​ឆ្នូត​ពណ៌​ស​នៅលើ​វិញ ដែល​ធ្វើឱ្យ​វា​មើលទៅ​ដូចជា​ទង់ជាតិ​ប៉ូឡូញ​។​

​ក្រុម​អ្នករៀបចំ​ការប្រកួត​ម៉ាឡេស៊ី​បាន​សុំ​អភ័យទោស​ភ្លាមៗ​ហើយ​រដ្ឋមន្ត្រីក្រសួង​កីឡា​របស់​ប្រទេស​ម៉ាឡេស៊ី លោក ខាយ​រី ចា​ម៉ា​លូដ​ឌី​ន បាន​ទៅ​ជួប​លោក ណា​រ៉ាវី ដល់​សណ្ឋាគារ​ដើម្បី​ពន្យល់​ដោយផ្ទាល់​។​

​ប៉ុន្តែ​វា​មិនមែនជា​ឧបទ្ទវហេតុ​តែមួយ​នោះទេ ខណៈដែល​កូនសៀវភៅ​នោះបាន​បញ្ចូល​គ្នា​នូវ​ទង់ជាតិ​ប្រទេស​ឥណ្ឌូនេស៊ី​និង​ទង់ជាតិ​ថៃ​នៅក្នុង​ការបោះពុម្ព​ឡើងវិញ​នៃ​តារាង​មេដាយ​ពី​ឆ្នាំ ២០១១​។​

​កាសែត​ប្រចាំថ្ងៃ​របស់​ម៉ាឡេស៊ី​ក៏បាន​បោះពុម្ព​ទង់ជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បញ្ច្រាស់​ផងដែរ​ខណៈដែល​អ្នករៀបចំ​កីឡា​អូឡាំពិក​ត្រូវបាន​គេ​ចាប់បាន​ដោយ​ប្រើ​ទង់ជាតិ​ខុស​សម្រាប់​អត្ត​ព​លិ​ក​ប្រ៊ុយណេ​ចំនួន​ពីរ​នាក់​នៅឯ​ប្រកួត​ហែល​ទឹក​។​

​អ្នក​ហែល​ទឹក​លោក ជែក​ឃ្វេ​លីន លីម និង​លោក នួ ហា​ហ្វី​ហ្សា អា​ម៉ាត់ ត្រូវបាន​គេ​បង្ហាញ​នៅក្បែរ​អ្វីដែល​ហាក់ដូចជា​ទង់​សម្រាប់​កងកម្លាំង​ប្រ៊ុយណេ​ជាជាង​ទង់ជាតិ​តំណាង​ប្រទេស​។​

​អ្នករៀបចំ​ការប្រកួត​ស៊ី​ហ្គេម​បាន​ប្រាប់​ឥណ្ឌូនេស៊ី​ថា​ពួកគេ “​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​កំហុស​នេះ​” ហើយ​ក្រសួងការបរទេស​ក៏បាន​សុំទោស​ចំពោះ “​កំហុស​ដោយ​អ​ចេតនា​នេះដែរ​”​។​

​ក្រសួង​នេះ​បាន​និយាយថា “​យើង​សូម​សម្តែង​ការសុំ​ទោស​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។ ក្នុងករណីនេះ យើង​សូម​ធានា​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ថា​រាល់​វិធានការ​ទាំងអស់​ត្រូវបាន​យកទៅ​ដោះស្រាយ​បញ្ហា​ដ៏​អកុសល​នេះហើយ​”៕ ដោយ៖ កញ្ញាដាលីស

ទង់ជាតិ​ឥណ្ឌូនេស៊ី​ត្រូវ​បានដាក់​បញ្ច្រាស់​ក្នុង​កូន​សៀ​ភៅ​អនុស្សាវរីយ៍​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី