ស៊ី​៖ ភាព​ជា​ដៃគូ​រឹងមាំ​ឡើង​រវាង​ចិន​និង​រុស្ស៊ី ជា​កូនសោ​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក​

697
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិស្តារ​កាន់តែ​រឹងមាំ​ឡើង​រវាង​ចិន​និង​រុស្ស៊ី មាន​សារសំខាន់​​ណាស់​សម្រាប់រ​ក្សា​ផលប្រយោជ​ន៍ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​របស់​ខ្លួន ព្រមទាំង​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​ពិភពលោក​ថែម​ទៀត​។​

​ស៊ី​បានលើកឡើង​ដូច្នេះ​ក្នុងអំឡុង​ជួបប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ​។​

​ស៊ី​បាន​មានប្រសាសន៍ថា ឆ្នាំ​នេះ​កត់សម្គាល់​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​ចិន​-​រុស្ស៊ី ។​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​បាន​វិវឌ្ឍមក​កាន់កម្រិត​ខ្ពស់​មួយ ដោយ​តំណាង​ឲ្យ​​ការជឿ​ទុកចិត្ត​គ្នា​កម្រិត​ខ្ពស់​បំផុត ការសម្របសម្រួល​កម្រិត​ខ្ពស់​បំផុត​និង​តម្លៃយុទ្ធសាស្ត្រ​ខ្ពស់បំផុត ដែល​ចូល​រួមចំណែក​ដល់​សន្តិ​ភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ពិភពលោក​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​បាន​ចូល​ក្នុង​យុគ​ថ្មី​មួយ ហើយ​ភាព​ជា​ដៃគូ​សម្របសម្រួល​យុទ្ធសាស្ត្រ​ពិស្តារ​ចិន​-​រុស្ស៊ី​បាន​បន្ត​រីកដុះដាល​។​តែ​ចំពេល​​សភាពការណ៍​ពិភពលោក​កាន់តែ​ស្មុគស្មាញ ជាពិសេស​ក្នុងពេល​ប្រឈម​នឹង​ចំណាត់ការ​ខុស​ច្បាប់​ខ្លះ​ដើម្បី​ទប់​ការ​ងើបឡើង​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​​មួយចំនួន ភាព​ជា​ដៃគូ​សម្របសម្រួល​យុទ្ធសាស្ត្រ​ទ្វេភាគី​រវាង​ចិន​និង​រុស្ស៊ី​កាន់តែ​រឹងមាំ វា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការរក្សា​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​​និង​ប្រជាជន​របស់​គេ ព្រមទាំង​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​ពិភពលោក​។​

​មេដឹកនាំ​ចិន​រូបនេះ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​២​បន្ត​ខិតខំ​និង​ជំរុញ​ទៅមុខ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​នាំ​មក​ផលប្រយោជន៍​ច្រើន​ថែមទៀត​ដល់​ប្រជាជន​នៃ​ប្រទេស​​ទាំងពីរ​។​លោក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ពីរ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​អង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​BRICS​និង G-20​និង​ក្នុង​កិច្ច​​ការ​ពហុភាគី​ផ្សេងៗ​។​

​កាលពី​ថ្ងៃ​ពុធ ក្នុងអំឡុង​លោក​ស៊ី ជួបប្រជុំ​ជាមួយ​សម​ភាគី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ចិន​និង​រុស្ស៊ី​បាន​យល់ព្រម​បង្កើន​កម្រិត​ទំនាក់ទំនង​របស់​គេ​ដល់​ភាពជា​ដៃគូ​សម្របសម្រួល​​យុទ្ធសាស្ត្រ​ពិស្តារ​សម្រាប់​យុគសម័យ​ថ្មី​មួយ​៕​ដោយៈ​វាសនា​/Ha