ស៊ី ជិន​ពីង​៖ ​គាំពារ​និយម​មុខជា​នឹង​ជួប​បរាជ័យ​

735
ចែករម្លែក

មុនចាប់ផ្តើមជំនួបកំពូលAPEC ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានមានប្រសាសន៍កាលពីថ្ងៃសៅរិ៍ទី១៧វិច្ឆិកាថា ចំណាត់ការគាំពារនិយមគឺជាការមើលឃើញខ្លី ហើយវានឹងជួបបរាជ័យ។

ប្រធានាធិបតីចិន ស៊ី ជិនពីង បាននិយាយថា ការបង្កើតរបាំងពាណិជ្ជកម្មជាការមើលឃើញខ្លី និងវាមុខជាជួបបរាជ័យ

លោកបានប្រាប់ពួកមេដឹកនាំធុរកិច្ចនៅក្រៅជំនួបកំពូលថា «ការប៉ុនប៉ងបង្កើតរបាំងពាណិជ្ជកម្មនិងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ វាប្រឆាំងនឹងច្បាប់សេដ្ឋកិច្ចនិងនិន្នាការប្រវត្តិសាស្រ្ត។វាជាមធ្យោបាយមើលឃើញខ្លីមួយ ហើយមុខជានឹងរងបរាជ័យ»។

ក្នុងការវាយប្រហារលើគោលនយោបាយ”អាមេរិកជាអាទិភាព”របស់រដ្ឋការអាមេរិក លោកស៊ីបានអំពាវនាវយ៉ាងទទូចថា«យើងគួរបដិសេធគាំពារនិយមនិងឯតោភាគីនិយម»។

ជាសមាជិកអង្គការAPECដូចគ្នា អាមេរិកនិងចិនបានធ្លាក់ក្នុងជម្លោះពាណិជ្ជកម្មមួយដែលអ្នកជំនាញព្រមានថាវាអាចបង្កមហន្តរាយដល់សេដ្ឋកិច្ចសកល ខណៈមហាអំណាចសេដ្ឋកិច្ចផុតលេខទាំង២ បានវាយពន្ធសងសឹកលើទំនិញផងគ្នាតំលៃរាប់ពាន់លានដុល្លារ ក្រោយពីអាមេរិកចាត់ការមុន។

លោកស៊ីបានបន្តទៀតថាពិភពលោកគួរ«ប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុនិយមផ្តោតលើអង្គការពាណិជ្ជកម្មពិភពលោក ធ្វើអោយសកលូបនីយកម្មសេដ្ឋកិច្ចកាន់តែបើកចំហ រួមបញ្ចូលគ្នា មានតុល្យភាពនិងផ្តល់ប្រយោជន៍ទាំងអស់គ្នា»។

ខណៈមានការព្រួយបារម្ភថាការប្រជែងគ្នារវាងអាមេរិកនិងចិនអាចកាន់តែខ្លាំងក្លាឡើង លោកស៊ីបានព្រមានកុំអោយធ្វើដំណើរចូលផ្លូវនេះ។លោកថា«ប្រវត្តិសាស្រ្តបង្ហាញថា មិនថាក្នុងទំរង់សង្រ្គាមត្រជាក់ សង្រ្គាមក្តៅឬពាណិជ្ជកម្មក្តៅអីទេ វានឹងមិនមានអ្នកឈ្នះទេ។យើងជឿថា គ្មានបញ្ហាណាដែលមិនអាចដោះស្រាយតាមការប្រឹក្សាយោបល់គ្នាទេ ដរាបណាការចរចាធ្វើឡើងក្នុងស្មារតីស្មើភាពនិងការយោគយល់គ្នា៕ដោយ:វាសនា

#