ស៊ី ជីន​ពីង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ជាមួយនឹង​កិច្ចព្រមព្រៀង​រាប់សិប​

100
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២​ថ្ងៃ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មករា បន្ទាប់ពី​បាន​ចូលរួម​ចុះហត្ថលេខា​​និង​ធ្វើ​ជា​អធិបតី​នៃ​ការចុះ​កិច្ចព្រមព្រៀង​មួយ​ជួរ ចាប់​ពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី ដល់​ការ​ពន្លឿន​មហិច្ឆតា​របស់​ចិន​ស្តី​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​និង​​ផ្លូវ​»​។​

​ភាគី​ទាំងពីរ​បាន​ធ្វើ​ការផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) លិខិត​និង​ពិធីសារ គ្របដណ្តប់​លើ​គំរោង​៣៣​នៅក្នុង​វិស័យ​ព័ត៌មាន ឧស្សាហកម្ម ក​សិ​​កម្ម សន្តិសុខ និង​ការតាំង​ទី​លំនៅ​របស់​ជ​ន​ផ្លាស់​ទីជម្រក​ក្នុងស្រុក​នៅក្នុង​រដ្ឋកា​ជីន​របស់​មី​យ៉ាន់​ម៉ា ដែល​ជាប់​ព្រំដែន​ចិន​។​

​កិច្ចព្រមព្រៀង​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា​បន្ទាប់ពី​មាន​ជំនួប​រវាង​លោក​ស៊ី និង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង សាន​ស៊ូ​ជី ។​

​កិច្ចព្រមព្រៀង​សំខាន់​បំផុត​ទំនងជា សម្បទាន​និង​កិច្ចព្រមព្រៀង​ចែក​ភាគហ៊ុន​សំរាប់​តំបន់​សេដ្ឋកិច្ច​ពិសេស ក្យាយ​គ្យូ នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់​។​ជាមួយនឹង​​កំពង់ផែ​ទឹក​ជ្រៅ​មួយ វា​ជា​ចុង​ផ្លូវ​នៃ​របៀង​សេដ្ឋកិច្ច​ចិន​-​មី​យ៉ា់ន់​ម៉ា ចម្ងាយ​១.៧០០​គីឡូម៉ែត្រ ។​វា​ជា​ផ្លូវ​ត​ភ្ជាប់​សំខាន់​មួយ​នៅក្នុង​គំនិត​ខ្សែក្រវាត់​និង​ផ្លូវ ដែល​​ចុង​ម្ខាង​ទៀត​នៅក្នុង​ខេត្ត​យុន​ណាន​របស់​ចិន​។​

​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ផែនការ​របៀង​សេដ្ឋកិច្ច​នេះ​រួមមាន​បំពង់​បង្ហូរ​ប្រេង​និង​ហ្គាស​ហើយ​នឹង​គំរោង​ផ្លូវ​ថ្នល់​និង​ផ្លូវដែក​ពី​ចិន​ឆ្លងកាត់​ផ្នែក​​ផ្សេងៗ​របស់​មី​យ៉ាន់​ម៉ា​ទៅកាន់ តំបន់​សេដ្ឋកិច្ច​ពិសេស ក្យាយ​គ្យូ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីប្រឹក្សា​រដ្ឋ អ៊ុង សាន​ស៊ូ​ជី ស្វាគមន៍​ប្រធានាធិបតី​ចិន នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង ណៃពី​ដោ​រ កាលពី​ថ្ងៃ​១៨​មករា​