ស៊ី ជីន​ពីង​អំពាវនាវ​ឱ្យ​ចិន​ធ្វើការ​ចាប់ផ្តើម​ឡើងវិញ​នៅក្នុង “​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​”

816
ចែករម្លែក

​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​អំពាវនាវ​ឱ្យ​ប្រជាជន​ចិន​ធ្វើការ “​ចាប់ផ្តើម​ឡើងវិញ​” និង​ចាប់ផ្តើម “​ក្បួន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​” សម័យ​ទំនើប​មួយ ដោយ​ឆ្លុះបញ្ចាំង​ពី​ចំណុច​របត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បក្ស​កុម្មុយនីស្ត ខណៈដែល​ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​យូរ​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក​ស៊ី​បាន​ប្រាប់​ហ្វូង​អ្នកគាំទ្រ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​នៅក្នុង​ខេត្ត​ជាំ​ង​ស៊ី​នៅពេល​គាត់​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស ដែល​គេ​មើលឃើញថា​ជាការ​ប៉ុនប៉ង​ដើម្បី​កេណ្ឌ​ប្រជាជាតិ​ឱ្យ​មូល​ដូច​នំក្រូច​ខណៈ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​កើនឡើង យ៉ាង​ដូច្នេះ​ថា “​ឥឡូវនេះ មានការ​ដង្ហែ​ក្បួន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​មួយ ហើយ​យើង​គួរតែ​ធ្វើការ​ចាប់ផ្តើម​សាជាថ្មី​”​។​

​លោក​ស៊ី​ត្រូវបាន​អមដំណើរ​ដោយ​អ្នកចរចា​ពាណិជ្ជកម្ម​កំពូល​របស់លោក​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ ខណៈដែល​លោក​បានធ្វើការ​កត់សម្គាល់​បែបនេះ​នៅឯ​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ការចាប់ផ្តើម​នៃ​ការ​ដង្ហែ​ក្បួន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់លោក​ម៉ៅ សេទុង​នៅ​ឆ្នាំ ១៩៣៤​។​

​ការ​ដង្ហែ​ក្បួន​ដ៏​វែងឆ្ងាយ (Long March) គឺជា​ការដក​ទ័ព​ថយ​ក្រោយ​ចម្ងាយ ៦.០០០ គីឡូម៉ែត្រ​ដោយ​កងទ័ព​ក្រហម ពោលគឺ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ចំណាយពេល​ជាង​មួយឆ្នាំ ហើយ​ទីបំផុត​បាន​នាំទៅដល់​ការទម្លាក់​អំណាច​របស់​ពួក​អ្នក​ជាតិនិយម​បក្ស​គូ​មីង​តាំងនៅ ១៥ ឆ្នាំក្រោយ​។​

​ខណៈដែល​លោក​ស៊ី​មិនបាន​និយាយ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​នៅក្នុង​ការ​ថ្លែង​របស់លោក សម្តី​ទាំងនោះ​គឺជា​សញ្ញា​ដ៏​ខ្លាំង​បំផុត​ដែលថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បោះបង់ចោល​ក្តីសង្ឃឹម​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ស្តីពី​បញ្ហា​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​រួចទៅហើយ​។​

​ក្តី​រំពឹង​នៃ​កិច្ចព្រមព្រៀង​មួយ​បាន​រលាយ​បាត់បង់​នៅក្នុង​ខែ​នេះ​នៅពេល​ការចរចា​បាន​បរាជ័យ​រវាង​ក្រុម​អ្នកចរចា​សម្រាប់​ភាគី​ទាំងពីរ ហើយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​បំពាន​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀង​ជាមួយគ្នា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​បង្កើន​វោហា​សាស្ត្រ​ជាតិនិយម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​ប្រៀបធៀប​សង្គ្រាម​ពាណិជ្ជកម្ម​ទៅនឹង​សង្គ្រាម​កូរ៉េ ដែល​ក្នុងនោះ​កងទ័ព​ចិន​បាន​ប្រយុទ្ធ​ដោយផ្ទាល់​ជាមួយ​កងកម្លាំង​អាមេរិក​។​

​កាលពី​ចុង​សប្តាហ៍ ប៉ុស្តិ៍​ភាពយន្ត​ជាតិចិន CCTV-6 បាន​ចាក់ខ្សែ​ភាពយន្ត​អំពី​សង្គ្រាម​កូរ៉េ​ដដែលៗ ដោយ​និយាយថា ខ្សែភាពយន្ត​នេះ “​ឆ្លុះបញ្ចាំង​អំពី​ពេលវេលា​បច្ចុប្បន្ន​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង