ស៊ី ជីន​ពីង ទៅ​ចូលរួម​ជំនួប​កំពូល​រុស្ស៊ី ហើយ​មេដឹកនាំ​កូរ៉េខាងជើង​ក៏ត្រូវ​បាន​អញ្ជើញ​

679
ចែករម្លែក

ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងចូលរួមជំនួបកំពូលតំបន់មួយនៅរុស្ស៊ីនៅសប្តាហ៍ក្រោយ ជាជំនួបមួយដែលអាចមានការចូលរួមពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ផងដែរ នេះបើតាមពួកមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រទី៧កញ្ញា។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានអញ្ជើញលោកគីម អោយចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាចាប់ពីថ្ងៃ១១ដល់១៣ខែកញ្ញានៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន(ឆ្វេង)ចាប់រលាក់ដៃប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្រុងប៉េកាំង ក្នុងជំនួបកាលពីថ្ងៃ១៩មិថុនា ឆ្នាំ២០១៨

ទោះជាយ៉ាងណាលោកគីមនៅមិនទាន់បញ្ជាក់ថានឹងទៅចូលរួមដែរឬអត់ទេ តែការចូលរួមរបស់លោកកត់សំគាល់ការបោះជំហានធំមួយទៀតនៅក្នុងកិច្ចខិតខំរបស់លោកដើម្បីនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាងចេញពីភាពឯកោពីអន្តរជាតិដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោកស៊ីនិងលោកគីម បានជួបគ្នាបីលើកមកហើយនៅឆ្នាំនេះនៅចិន ខណៈប្រទេសទាំងពីរស្វះស្វែងជួសជុលទំនាក់ទំនងដែលធ្វើអោយសោះអង្គើយដាក់គ្នាដោយសារតែសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការគាំទ្ររបស់ចិនចំពោះសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តសម័យសង្រ្គាមត្រជាក់របស់ខ្លួន។

នៅរុស្ស៊ី លោកស៊ី ក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី នៅក្នុងសញ្ញានៃការពង្រឹងចំណងទាក់ទងរវាងមហាអំណាចអាស៊ីទាំងពីរ ដែលត្រូវបានកត់សំគាល់ដោយការធ្វើសមយុទ្ធយោធារួមគ្នានិងកិច្ចសហការអំពីបញ្ហាគោលនយោបាយបរទេសចាប់ពីបញ្ហាស៊ីរី ដល់កូរ៉េខាងជើង។ចិននៅខែនេះបានបញ្ជូនទាហាន៣.២០០នាក់និងសព្វាវុធ៩០០កងទៅចូលរួមសមយុទ្ធយោធារុស្ស៊ីធំបំផុតចាប់តាំងពីសង្រ្គាមត្រជាក់មក៕ដោយ៖វាស​នា