ស៊ី ជីន​ពីង និង គីម ជុង​អ៊ុន ជួបប្រជុំគ្នា នៅមុន​កិច្ចប្រជុំ​កំពូល​ជាមួយ​ត្រាំ

825
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​បាន​ជួប​ជាមួយ​លោក​គីម​ជុង​អ៊ុន​នៅ​ប្រទេស​ចិន​ជា​លើក​ទី​២​ក្នុង​រយៈពេល​៦​សប្តាហ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ឧសភា​និង​ក្រោយមក​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​ព្យុះ​ការទូត​ដ៏​ខ្លាំងក្លា​មួយ ខណៈ​មេដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​គីម​បានបញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់លោក​ចំពោះ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អំឡុងពេល​ជួប​ជាមួយ​លោក​ស៊ី ហើយ​មេដឹកនាំ​ចិន​ក្រោយមក​បាន​តេ​ទូរស័ព្ទ​ជំរុញ​ឱ្យ​លោក​ត្រាំ​ទទួលយក​ការពិចារណា​លើ​កង្វល់​អំពី​សន្តិសុខ​របស់​មេដឹកនាំ​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម​នៅ​ទីក្រុង​កំពង់ផែ តា​លៀន ភាគ​ឦសាន​ប្រទេស​ចិន គឺជា​ដំណើរ​ទស្សនកិច្ច​មិនបាន​ប្រកាស​លើក​ទី ២ របស់លោក​ទៅកាន់​ប្រទេស​ចិន ចាប់តាំងពី​ខែមីនា ដោយ​កត់សម្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​សម្ព័ន្ធ​មិត្ត​សង្គ្រាមត្រជាក់​ទាំង​២​ដើម្បី​ជួសជុល​ទំនាក់ទំនង​សោះកក្រោះ នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​។​

​ប៉េកាំង​មិន​ចង់​ឱ្យគេ​ទុក​ខ្លួន​ចោល​នៅក្រៅ​សកម្មភាព​ការទូត ដែលនាំឱ្យ​មាន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់លោក​គីម​កាលពី​ខែ​មុន​ជាមួយនឹង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន និង​កិច្ចប្រជុំ​ដែល​រំពឹងទុក​របស់​គីម​ជាមួយ​ត្រាំ​នៅ​ខែមិថុនា​។​

​ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី ២ របស់លោក​គីម​នៅក្រៅ​ប្រទេស​ក្នុង​រយៈពេល​ដ៏​ខ្លី ដែល​ពីមុនមក​មិន​ធ្លាប់​ចាកចេញ​ពី​កូរ៉េខាងជើង​សោះ​តាំងពី​កាន់អំណាច​ក្នុង​ឆ្នាំ ២០១១ បាន​បង្ហាញថា ប៉េកាំង​នៅតែមាន​តួនាទី​ស្នូល​ក្នុង​របត់​ការទូត​។​

​លោក​ស៊ី​បាន​និយាយថា “​បន្ទាប់ពី​កិច្ចប្រជុំ​ជា​លើកដំបូង​រវាង​ខ្ញុំ​និង​សម​មិត្ត គីម ទាំង​ទំនាក់ទំនង​ចិន​-​កូរ៉េខាងជើង និង​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បាន​វិ​វ​ឌ្ឍ​ជា​វិជ្ជមាន​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់​ចំពោះ​រឿងនេះ​”​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង​បាន​និយាយថា លោក​ស៊ី​និង​គីម “​បាន​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ ដោយ​មិនអាច​ទប់ចិត្ត​រំភើប​រីករាយ​បានឡើយ​នៅឯ​កិច្ចប្រជុំ​ម្តងទៀត​នេះ​”​។​

​យោងតាម KCNA បានឱ្យដឹងថា “​មេដឹកនាំ​ដ៏​គួរ​គោរព (​គីម​) ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​រីករាយ​នឹង​ថ្ងៃ​រុងរឿង​ថ្មី និង​កោតសរសើរ​ថា​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់​និង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​២​បាន​ឈានដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​ត្រាំ​និយាយ​កាលពី​សប្តាហ៍​មុន​ថា គាត់​មិនទាន់​មើលឃើញ​ការដក​ទ័ព​ចេញពី​កូរ៉េខាងត្បូង​ឥឡូវនេះ​ទេ ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់ថា វា​អាចទៅរួច​ក្នុង​រយៈពេល​វែង​ទៅមុខទៀត​។​

​ក្នុងការ​ទូរស័ព្ទ​រប​ស់​ខ្លួន​នោះ លោក​ស៊ី​បាន​ប្រា​ប់លោក​ត្រាំ​ថា គាត់ “​សង្ឃឹមថា​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​អាចធ្វើ​ការរួម​គ្នា​បង្កើត​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​” និង “​ពិចារណា​ពី​កង្វល់​សន្តិសុខ​ដ៏​សម​ហេតុផល​របស់​កូរ៉េខាងជើង​”​។ នេះ​បើ​យោងតាម​ទូរទស្សន៍ CCTV​។​

​ភាគី​អាមេរិក​បាន​និយាយថា លោក​ស៊ី និង​លោក​ត្រាំ បាន​យល់ព្រម​រក្សា​សម្ពាធ​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង​ដដែល​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រធានាធិបតី​ត្រាំ​និង​លោក​ប្រធានាធិបតី​ស៊ី​បាន​ព្រមព្រៀងគ្នា​លើ​សារៈសំខាន់​នៃ​ការបន្ត​ការអនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូត​ទាល់តែ​ប្រទេស​នេះ​លុបបំបាត់​ជា​អចិន្ត្រៃយ៍​នូវ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​”៕ ដោយ៖ កញ្ញាដាលីស

គីម ជុង​អ៊ុន ជួប​ជាមួយ ស៊ី ជីន​ពីង នៅ​ទីក្រុង​តា​លៀន កាលពី​ថ្ងៃ​អង្គារ