ស៊ី ជីន​ពីង ៖​ចិន​ត្រូវតែ​ដឹកនាំ​ធ្វើ​កំណែ​ទំរង់​អភិបាលកិច្ច​ពិភពលោក​

3144
ចែករម្លែក

​ចិន​ត្រូវតែ​ដឹកនាំ​ផ្លូវ​ក្នុង​ការកែ​ទំរង់​អភិបាលកិច្ច​ពិភពលោក នេះ​បើតាម​ក្រសួងការបរទេស​ចិន​បាន​និយាយ​ដោយយោង​តាម​សម្តី​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង ខណៈ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វះស្វែង​បង្កើន​ឥទ្ធិពល​ពិ​ភ​លោក​របស់ខ្លួន​។​

​ចិន​បាន​ស្វះ​ស្វែងរក​សម្លេង​ធំ​ឡើង​នៅក្នុង​អង្គការ​ពិភពលោក ដូចជា​ធនាគារពិភពលោក មូលនិធិ​រូប​វត្ថុ​អន្តជាតិ​និង​អង្គការសហប្រជាជាតិ អោយ​ស្របតាម​ឥទ្ធិពល​​សេដ្ឋកិច្ច​និង​ការទូត​កើនឡើង​របស់ខ្លួន​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ចុងឆ្នាំ​២០១២ ស៊ី​កាន់តែ​ប្រកាន់យក​មធ្យោបាយ​សាច់ដុំ​ខ្លាំង​ឡើង​មួយ ដោយ​បង្កើត​អង្គការ​ពិភពលោក​ដោយ​ខ្លួនឯង​មួយចំនួន​ដូចជា​​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​អាស៊ី​និង​បង្កើត​គំរោង​គួរអោយកត់សំគាល់​រប​ស់លោក​គឺ “​ខ្សែក្រវាត់​និង​ផ្លូវ​”​ដើម្បី​បង្កើត​ផ្លូវ​សូត្រ​ថ្មី​មួយ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​កាន់តែ​បង្ហាញខ្លួន​ជា​សមាជិក​មានការ​ទទួល​ខុសត្រូវ​មួយ​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​នៅពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដក​​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ និង​អ៊ីរ៉ង់​ចំពេល​អឺរ៉ុប​ខំ​ត្រដរ​ជាមួយនឹង​ព្រឹត្តិការណ៍​អង់គ្លេស​ដកខ្លួន​ពី​អឺរ៉ុប​ដែល​គេ​ហៅថា​Brexit និង​បញ្ហា​ផ្សេងទៀត​។​

​លោក​ស៊ី​បាន​និយាយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​គណបក្ស​មួយ​ថា​” ចិន​ត្រូវតែ​ប្រកាន់ខ្ជាប់​ការការពារ​អធិបតេយ្យ សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស ចូល​​រួម​និង​បង្ហាញផ្លូវ​នៅក្នុង​ការ​ទំរង់​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក ដោយ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ភាពជា​ដៃគូ​សកល​កាន់តែ​ប្រសើរឡើង​”​។​

​ក្រសួង​បាន​ស្រង់​សម្តី​លោក​ស៊ី​ដែល​បាន​មានប្រសាសន៍​ដូច្នេះ​ថា “​ធ្វើ​ដូច្នេះ​ទើប​អាចជួយ​បង្កើត​លក្ខខណ្ឌ​សំរាប់​ស្ថាបនា​ប្រទេស​សង្គមនិយម​រឹងមាំ​និង​ទំនើប​មួយ​បាន​”​។​

​លោក​ស៊ី​បានអោយ​សារសំខាន់​លើ​គំរោង​ខ្សែក្រវាត់​និង​ផ្លូវ និង​វេទិកា​ការទូត​ដទៃទៀត​ដូច​ដូចជា​”​សហគមន៍​នៃ​ជោគវាសនា​រួម​”​របស់លោក ជា​ទស្សនាទាន​មួយ​ដែល​​ចង់​និយាយ​អំពី​ទំនាក់ទំនង​របស់​ចិន​ជាមួយ​ពិភពលោក​។​វា​ទាមទារ​ទំនាក់ទំនង​អន្តរជាតិ​ស្ទីល​ថ្មី​មួយ​ដើម្បី​ឈ្នះ​ទាំងអស់គ្នា​និង​បាន​ផលប្រយោជន៍​ទៅវិញទៅមក តែ​​ប្រទេស​លោកខាងលិច​ជាច្រើន​នៅ​មិន​ជឿ​អំពី​ទង្វើ​របស់​ចិន​អំពី​បញ្ហា​មួយចំនួន ដូចជា​ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​

​ស៊ី​បាន​បន្ថែមថា ចិន​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រជាជាតិ​អភិវឌ្ឍន៍ ដែល​លោក​បាន​ពណ៌នា​ថា​ជា​សម្ពន្ធមិត្ត​ជា​ប្រពៃណី តែ​ក៏​រៀនសូត្រ​ពី​ប្រទេស​ផ្សេង​​ទៀត​ទាំងអស់​ផងដែរ​៕​ដោយ​៖​វាសនា​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​ស្រង់​សម្តី​លោក​ស៊ី​អោយ​សារសំខាន់​លើ គំរោង​”​ខ្សែក្រវាត់​និង​ផ្លូវ​” ព្រមទាំង​វេទិកា​ការទូត​សំខាន់ៗ​ដទៃទៀត​