ស៊ី ទទូច​អោយ​ត្រាំ បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​កុំអោយ​ហួសពេល​

630
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​G20​កាលពី​សប្តាហ៍​មុន បាន​ទទូច​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​អោយ​«​បង្ហាញ​ភាពបត់បែន​»​ចំពោះ​កូរ៉េ​​ខាងជើង រួម​ទាំង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អោយ​«​ទាន់ពេល​»,​នេះ​បើ​តាម​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​។​

​លោក​ស៊ី បាន​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង​មុន​លោក​ជួប​ត្រាំ​នៅ​G20​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍ និង​ពួក​អ្នកវិភាគ​បាន​និយាយថា មេដឹកនាំ​ចិន​អាច​ប្រើ​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ជា​ការ​តថ្លៃ​នៅក្នុង​កិច្ចពិភាក្សា​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​មេដឹកនាំ​អាម៉េរិក​។​

​ត្រាំ បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅ​ថ្ងៃ​បន្ទាប់​នៅ​តំបន់​គ្មាន​យោធា ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា​លោក​ស៊ី​«​បាន​ជំរុញ​អោយ​អាម៉េរិក​បង្ហាញ​ភាពបត់បែន​និង​សម្របសម្រួល​ជាមួយ​កូរ៉េ​​ខាងជើង រួម​មាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អោយទាន់ពេល ហើយ​ស្វះស្វែង​រក​ដំណោះស្រាយ​មួយ​ចំពោះ​ការព្រួយបារម្ភ​ផង​គ្នា​តាម​ការចរចា​»​។​

​លោក​វ៉ាង បាន​និយាយថា ចិន​ស្វាគមន៍​ជំនួប​រវាង​ត្រាំ​និង​គីម​កាលពី​ថ្ងៃអាទិត្យ និង​បាន​និយាយ​ថា​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ឥឡូវ​មាន​«​ឱកាស​កម្រ​សំរាប់​សន្តិភាព​។​យើង​​សង្ឃឹមថា ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ទាំង​២​អាច​ប្រែក្លាយ​ទៅ​ជា​ការរីកចំរើន​ជា​ដុំកំភួន​នៅក្នុង​ការចរចា​និង​សន្ទនា​គ្នា​ក្នុងពេល​ឆាប់ៗ​»​។​

​នៅ​ក្រុង​សេ​អ៊ូ​ល ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​បាន​អបអរ​ជំនួប​នេះ​ដោយ​ចាត់ទុក​វា​ជា​ផល​នៃ​«​ការ​ស្រមើ​ស្រ​ម៉ៃ​ដ៏​ភ្ញាក់ផ្អើល​»​។​

​ចិន​និង​កូរ៉េ​ខាងជើង​បាន​ធ្វើអោយ​ប្រសើរឡើង​ទំនាក់ទំនង​របស់​គេ​នៅ​រយៈពេល​១​ឆ្នាំ​មកនេះ ក្រោយ​ពី​វា​បាន​ធ្លាក់ចុះ​នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​សេចក្តីសំរេចចិត្ត​​ជា​បន្តបន្ទាប់​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​សម្ពន្ធមិត្ត​សង្គ្រាមត្រជាក់​របស់ខ្លួន ជុំវិញ​សកម្មភាព​នុយគ្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ស្វះស្វែង​រក្សាទុក​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​អោយ​បន្ត​នៅ​ក្រោយ​ដែន​ឥទ្ធិពល​របស់​ខ្លួន ហើយ​គីម និង​ស៊ី បាន​ជួបគ្នា​៤​លើក​នៅ​ចិន​នៅក្នុង​រយៈ​​ពេល​៤​ឆ្នាំ​មកនេះ​។​

​មួយ​សប្តាហ៍​មុន​ជំនួប​កំពូល​G20​នៅ​ក្រុង​អូ​សា​កា លោក​ស៊ី​បាន​ក្លាយជា​មេដឹកនាំ​ចិន​ដំបូង​ដែល​បាន​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ នៅក្នុង​ដំណើរ​​មួយ​ដែល​ពួក​អ្នកវិភាគ​បាន​និយាយថា​មានន័យ​ស្មើនឹង​ការបង្ហាញ​ឥទ្ធិពល​ចិន​លើ​កូរ៉េខាងជើង នៅ​មុន​ជំនួប​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​ជាមួយ​មេដឹកនាំ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​វាសនា​

ស៊ី ជួប​ត្រាំ​នៅ​ជប៉ុន បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនកិច្ច​និង​ជួប​គីម ជុង​អ៊ុន បាន​ប៉ុន្មាន​ថ្ងៃ​