ស៊ី ប្តេជ្ញា​បើកចំហ​សេដ្ឋកិច្ច​ចិន​បន្ថែម​ចំ​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

3529
ចែករម្លែក
  • 37
    Shares

​ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ថ្ងៃ​អង្គារ​ទី​១០​មេសា បាន​ចាត់វិធានការ​ថ្មី​ក្នុង​ការបើកចំហ​សេដ្ឋកិច្ច​ចិន​អោយ “​កាន់តែ​ធំ​ឡើង​”​ចំ​ពេល​មាន​ការប្រឈមមុខ​ពាណិជ្ជកម្ម​​ដ៏​ពុះកញ្ជ្រោល​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក​បាន​មានប្រសាសន៍ថា ចិន​នឹង​ចាត់វិធានការ​ធ្វើអោយ​ការវិនិយោគ​យានយន្ត​សេរី បន្ថយ​ពន្ធ​លើ​រថយន្ត​នៅ​ឆ្នាំ​នេះ និង​ការពារ​កម្មសិទ្ធិបញ្ញា នៅ​គ្រប់​ផ្នែក​ដែល​​ស្ថិត​ក្នុង​បញ្ជី​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ជាមួយនឹង​ការសន្យា​«​ដំណាក់កាល​ថ្មី​នៃ​ការបើកចំហ​» លោក​ស៊ី បាន​ប្រាប់​វេទិកា​សេដ្ឋកិច្ច​មួយ​នៅលើ​កោះ​ហៃ​ណាន់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​”​មិន​ស្វះស្វែង​រក​អ​តិ​​រេ​ក​ពាណិជ្ជ​ទេ​” និង​សង្ឃឹមថានឹង​បង្កើន​ការ​នាំចូល​។​

​លោក​បាន​ប្រាប់​វេទិកា​Boao Forum for Asia ថា​«​សក​លូ​ប​នីយកម្ម​សេដ្ឋកិច្ច គឺជា​និន្នាការ​មិន​អាច​ចៀសផុត​មួយ​នៃ​សម័យនេះ ។​ទ្វារ​បើក​ចំហ​របស់​ចិន​នឹង​មិន​បិទ​ទេ វា​​កាន់តែ​បើកចំហធំ​ឡើង​»​។​

​ការ​ថ្លែង​ដូច្នេះ​របស់​ស៊ី កើតឡើង​២​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​លើកឡើង​ថា លោក​បាន​មើលឃើញ​ទីបញ្ចប់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ ។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ថា​«​ប្រធានាធិបតី​ស៊ី​និង​ខ្ញុំ​តែងតែ​ជា​មិត្ត​។​ចិន​នឹង​ទម្លាក់ចោល​របាំង​ពន្ធ​របស់ខ្លួន ដោយសារ​វា​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​ដូច្នេះ​»​។​

​លោក​ស៊ី​មិន​បាន​ថ្លែង​អំពី​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ដោយ​ផ្ទាល់​ទេ​ក្នុង​សុន្ទរកថា​របស់​លោក តែ​លោក​ត្រាំ​កាលពី​ថ្ងៃ​ចន្ទ បាន​វាយប្រហារ​រិះគន់​ការយកពន្ធ​របស់​ចិន​លើ​​រថយន្ត​អាមេរិក​ហើយ​ក្រសួងការបរទេស​ចិន​បាន​ព្រមាន​ថា កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​”​មិន​អាច​ធ្វើបាន​” ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​៕ដោយ៖វាសនា

​ស៊ី នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​Boao Forum for Asia​នៅ​កោះ​ហៃ​ណាន់​