ស៊ុយអែត​ផ្តល់ជំនួយ​ថវិកា​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល

368
ចែករម្លែក
  • 9
    Shares

ដោយ:មូល​សម្បត្តិ​/ភ្នំពេញ ៖ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ផ្តល់ជំនួយ​ថវិកា​ឥត​សំណង​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ទីផ្សារការងារ​នៅ​កម្ពុជា​។ កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​សម្រាប់​ប្រតិបត្តិការ​រយៈពេល​មួយឆ្នាំ​នេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន ២.៥​លាន​ក្រូ​ណា (​ប្រមាណ​ជាង ២៦៨.០០០​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​ទៅដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺជា​ស្ថាប័ន​ជាតិ​ឯករាជ្យ​មួយ​ដែលមាន​អំណាច​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​កម្ពុជា​តាមច្បាប់​ការងារ​។ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា​ស្ថាប័ន​ចម្បង​ជា​សារវន្ត​មួយ​សម្រាប់​ការដោះស្រាយ​វិវាទ​ការងារ​នៅ កម្ពុជា​ដើម្បី​ជួយ​ឲ្យ​មាន​ស្ថេរភាព​ទីផ្សារការងារ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ​។​

​​លោក សា​មូ​អ៊ែ​ល ហ៊ូ​ទីក ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖ “​ការអប់រំ និង​ទីផ្សារការងារ គឺជា​សកម្មភាព​អាទិភាព​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ស៊ុយអែត​ប្រចាំ​​នៅ​កម្ពុជា​។ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​។ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក ប្រទេស​ស៊ុយអែត បានផ្តល់​ថវិកា​គាំទ្រ​ដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ​ដើម្បី​បន្ត​ដោះស្រាយ​វិវាទ​ការងារ និង​លើកកម្ពស់​កិច្ចសន្ទនា​សង្គម​(​សង្វាត​សង្គម​) ក្នុង​គោលដៅ​រួមចំណែក​បង្កើត​ឲ្យ​មាន​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា​​”។

​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល លើកកម្ពស់​ឲ្យ​មាន​ទំនាក់​ទំនាក់​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការផ្តល់​ជា​វេទិកា​សម្រាប់​កម្មករនិយោជិត និង​និយោជក​នៅ​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​ចំពោះ​វិវាទ​ការងារ​ដែល​កើតមាន​។ វិវាទ​ការងារ ត្រូវបាន​ដោះស្រាយ​ដោយផ្ទាល់ និង​ទាន់​ពេល​​វេលា​ប្រកបដោយ​តម្លាភាព តាមរយៈ​ការធ្វើ​សវនាការ និង​ការចេញ​សេចក្ដី​បង្គាប់​ដែលមាន​យុត្តិធម៌ តុល្យភាព និង​មាន​ហេតុផល យោងតាម​ច្បាប់​។ ក្នុងអំឡុង​ឆ្នាំ​២០១៤-២០១៨ ប្រទេស​ស៊ុយអែត​បាន​ផ្តល់ជំនួយ​ថវិកា​ទៅដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ចំនួន​ជាង ១,២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ទីផ្សារការងារ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ឯកជន និង​ការអភិវឌ្ឍន៍​សង្គម តាមរយៈ​ការ​ផ្តល់នូវ​ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្ដាល​ដែល​អាច​ជឿជាក់​បាន និង​ដំណើរការ​ដោយ​រលូន​។​

​លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល មានប្រសាសន៍ថា​៖ “​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដើរតួនាទី​យ៉ាងសំខាន់ និង​បំពេញ​កិច្ចការ​បានល្អ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក​។ មកទល់​នឹង​ឆ្នាំ​២០១៨ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បានទទួល​សំណុំរឿង​ចុះបញ្ជី​ចំនួន​២.៧៦៥​ស​ករណី​ដែលមាន​កម្មករនិយោជិត​ពាក់ព័ន្ធ​ចំនួន​ជាង​១​លាន​នាក់​មកពី​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងចំណោម​សំណុំរឿង​ដែល​បាន​​​ចុះបញ្ជី​ទាំងអស់នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សម្រេចបាន​នូវ​អត្រា​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ចំនួន​៧៣,២០%​។ យើង​សូម​សម្ដែង​អំណរគុណ​ចំពោះ​ម្ចាស់​​ជំនួយ​​សប្បុរស​នានា ដូចជា​ប្រទេស​ស៊ុត​អែ​ត ដែល​បាន​ជួយ​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​​”។

​លោក និម្មិត បន្តទៀតថា​៖ “​យើង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ជំនួយ​គាំទ្រ​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា​។ ទន្ទឹមគ្នា​នេះដែរ សកម្មភាព​នានា​ដើម្បី​ឲ្យ​មាន​និរន្ត​ភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​អាទិភាព​សម្រាប់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ យើង​ប្ដេជ្ញា​ផ្តល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​ដែល​ជួយ​ដល់​អាជីវកម្ម និង​អ្នកវិនិយោគ​ជាច្រើន ព្រមទាំង​កម្លាំង​ពលកម្ម​រាប់ពាន់នាក់​នៅ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល៕B/

#