ស្កត់ ម័រ​រី​សុន វិល​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ជាថ្មី ដោយ​ធ្វើអោយ​អ្នក​ទស្សន៍ទាយ​ស្មាន​ខុស​

722
ចែករម្លែក

​ក្រុមចំរុះ​អភិរក្សនិយម​នៅ​អូស្ត្រាលី បាន​ជម្នះ​នឹង​ការ​ទស្សន៍ទាយ​ទុក​និង​ការស្ទង់មតិ ដោយ​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ឧសភា តែ​វា​មិន​ច្បាស់​ថា​តើ​នាយក​​រដ្ឋមន្ត្រី​ស្កត់ ម័រ​រី​សុន នឹង​រកបាន​សម្លេង​ភាគច្រើន​ដាច់​នៅក្នុង​សភា​ដែរ​ឬ​អត់​។​

​លោកម័រ​រី​សុន បាន​និយាយថា ជ័យជម្នះ​នេះ​មិនមែន​សំរាប់​រូប​លោក​ឬ​គណបក្ស​សេរីនិយម​ទេ តែ​«​សំរាប់​ជនជាតិ​អូស្ត្រាលី​គ្រប់រូប​ដែល​ពឹង​អាស្រ័យ​លើ​រដ្ឋាភិបាល​របស់​គេ​ដើម្បី​​ដាក់​ពួកគេ​នៅ​អាទិភាព​ទី​១»​។​

​ការស្ទង់មតិ​ភាគច្រើន​នៅ​មុន​ការបោះឆ្នោត​មួយថ្ងៃ បង្ហាញថា​គណបក្ស​ការងារ​ដែល​ជា​បក្សប្រឆាំង​នាំមុខ និង​ការស្ទង់មតិ​អ្នក​ចេញ​ពី​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​បង្ហាញ​​ថា​គណបក្ស​គាំទ្រ​កម្មករ​មួយ​នេះ​នាំមុខ​។​តែ​ក្រោយ​ការរាប់​សន្លឹក​ឆ្នោត​នៅ​ពេល​ល្ងាច ក្រុមចំរុះ​សេរី​និង​ជាតិនិយម ស្ថិត​នៅលើ​ផ្លូវ​ទៅ​រក​ការ​ដណ្តើម​បាន​កៅអី​៧៤ និង​គណបក្ស​​ការងារ​ឈ្នះ​យ៉ាងតិច​៦៥​កៅអី​នៅក្នុង​សភា​ដែល​មាន​១៥១​អាសនៈ កន្លែង​ដែល​គណបក្ស​នយោបាយ​ត្រូវការ​សម្លេង​ភាគច្រើន​ធម្មតា​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​។​

​គណបក្ស​ដទៃ​ទៀត​ឈ្នះ​បាន​សរុប​៦​កៅអី និង​៦​កៅអី​ទៀត​នៅ​មិនទាន់​សំរេច​។​

​ក្នុងពេល​ជាមួយគ្នា​លោក សតធិ​ន បាន​ទទួលស្គាល់​បរាជ័យ​និង​អំពាវនាវ​អោយ​អ្នកគាំទ្រ​បក្ស​ការងារ​គោរព​លទ្ធផល​ឆ្នោត និង​ថា​លោក​នឹង​លាឈប់​ពី​មេដឹកនាំ​បក្ស​ការងារ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​មែ​ល​ប៊ឺន​ថា​« ខ្ញុំ​ដឹង​ថា​អ្នក​រាល់គ្នា​ឈឺចាប់​។​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ ។​ខ្ញុំ​ជូនពរ​លោក​ស្កត់ ម័រ​រី​សុន​អោយ​ជួប​សំណាង​ល្អ​និង​សេចក្តីក្លាហាន​ក្នុងការ​​បំរើ​មហា​ប្រជាជាតិ​យើង​។​ពេល​ប្រកួតប្រជែង​បាន​ចប់ យើងទាំងអស់គ្នា​មាន​ការទទួលខុសត្រូវ​មួយ គឺ​គោរព​លទ្ធផល​ឆ្នោត គោរព​បំណងប្រាថ្នា​របស់​ប្រជាជន​អូស្ត្រាលី​និង​រួប​​រួម​ជាតិ​យើង​»​។​

​សូមបញ្ជាក់​ថា ក្រុមចំរុះ​សេរី​និង​ជាតិនិយម​នេះ បាន​ដឹកនាំ​រដ្ឋាភិបាល​សម្លេង​ភាគតិច ក្រោយ​ពី​ទម្លាក់​លោក ម៉ាល់​ខូម ធឺ​ន​ប៊ុល ជា​នាយករដ្ឋមន្ត្រី និង​ដាក់​លោកម័រី​សុន​ជំនួស​​នៅក្នុង​ការតស៊ូ​អំណាច​ផ្ទៃក្នុង​បក្ស​កាលពី​ខែ​សីហា​។​ការស្ទង់មតិ​មុន​បោះឆ្នោត​បង្ហាញថា ក្រុម​ចំរុះ​នេះ​នឹង​បរាជ័យ​នៅក្នុង​ការប៉ុនប៉ង​កាន់តំណែង​អាណត្តីទី​៣ ហើយ​លោកម័រ​រី​​សុន​នឹង​ជួប​ការ​កាន់តំណែង​ខ្លី​បំផុត​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ប្រវត្តិ​សហព័ន្ធ​អូស្ត្រាលី​រយៈពេល​១១៨​ឆ្នាំ​៕ដោយ៖វាសនា

​ម័រ​រី​សុន អាយុ​៥១​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី​ទី​៣​មក​ពី​ក្រុម​អភិរក្ស​ចាប់តាំងពី​បក្ស​នេះ​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៣​។​លោក​បាន​សន្យា​បន្ទាប់​ពន្ធ​និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​ប្រសើរ​ជាង​បក្ស​​ការងារ​