ស្គម​ស្បែក​ដណ្ដប់​ឆ្អឹង​ថ្នាក់​នេះហើយ​នៅ​ប្រើ​គ្នា​ដង្ហែ​ក្បួន​ផ្លូវ​ឆ្ងាយ​ទៀត

328
ចែករម្លែក

​ដំរី​ដ៏​ចំណាស់​មួយ​ក្បាល​អាយុ ៧០ ឆ្នាំ​ដែល​ស្គម​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ត្រូវបាន​ដក ចេញពី​ពិធី​ដង្ហែ​សាសនា​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​ប្រទេស​ស្រីលង្កា​បន្ទាប់ពី​រង​ព្យុះ​រិះគន់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ប្រឆាំងនឹង​ការប្រើ​ដំរី​នេះ​ឱ្យ​ចូលរួម​ការហែក្បួន​។
​ ​
លោក ប្រា​ឌី​ប នី​ឡាន​ហ្គា ដេ​ឡា (Pradeep Nilanga Dela)​ប្រធាន​អ្នកមើលការ ខុសត្រូវ នៅ​វត្ត Temple of the Tooth ស្ថិតក្នុង​ទីក្រុង​កាន​ឌី (Kandy) ដែលជា​អ្នករៀបចំ​កម្មវិធី នេះ​និយាយថា ដំរី​ញី​មាន​ឈ្មោះថា ទី​គី​រី (Tikiri) ខាងលើនេះ​ត្រូវបាន​ដក​ចេញពី​ពិធី ហែ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ដែលមាន​ដំរី​រាប់សិប​ក្បាល​ចូលរួម​។​
​ ​
ប្រធាន​អ្នកមើលការខុសត្រូវ​ខាងលើ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP តាម​ទូរស័ព្ទ​ថា ម្ចាស់​ដំរី​នេះ​បាន​ប្រាប់​លោក​រួចហើយ​ថា ដំរី​នេះ​ចូល​រួមការ​ដង្ហែ​មិន​បានទេ​ហើយ ពេលនេះ​កំពុង​ទទួល​ការព្យាបាល​។
​ ​
បណ្ដា​អ្នក​ស្រលាញ់​សត្វ​បាន​ថ្កោលទោស​អាជ្ញាធរ ចំពោះ​ការបង្ខំ​ឱ្យ​ដំរី​ហែ​ក្បួន​ក្នុង ចម្ងាយ​ដី​ជាច្រើន​គីឡូម៉ែត្រ ហើយ​ចាត់ទុកថា​វា​ជាការ​ធ្វើបាប​សត្វ​ក្នុង​រូបភាព​ព្រៃផ្សៃ​។
​ ​
ប្រជាជន​ស្រីលង្កា ដែលមាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាច្រើន​ចូលចិត្ត​ចិញ្ចឹម​ដំរី ប៉ុន្តែ​ក៏មាន ពាក្យបណ្ដឹង​ជាច្រើន​ដែរ​ទាក់ទិន​ការធ្វើ​បាប​ដំរី​៕ ប្រែ​សម្រួលៈ​ខុម