នគរបាលបានឃាត់ខ្លួនយុវជនម្នាក់ ពីបទគំរាមកំហែងហែកកេរ្តិ៍ បន្ទាប់យុវជនរូបនេះ គំរាមទារប្រាក់ចំនួន៥០០ដុល្លារ ពីនារីរងគ្រោះជាថ្នូរមិនបង្ហោះរូបថតអាក្រាតកាយ ក្នុងពេលដែលពួកគេចូលផ្ទះសំណាក់ដើម្បីរួមភេទ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមពាក្យបណ្តឹងជនរងគ្រោះ និងដោយបានការសម្របសម្រួល ពីស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ពាក្យបណ្តឹងនោះ បានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះអាយុ២០ឆ្នាំ បានស្គាល់ជនសង្ស័យឈ្មោះ ម៉ម ភ័ក្ត្រា តាមរយៈការលេងហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាធ្វើជាសង្សារ
និងមានការណាត់គ្នាទៅរួមដំណេកនៅផ្ទះសំណាក់យីហោ(បឹងឈូក) ក្នុងស្រុកកំពង់ត្រាចជាច្រើនលើក។
បន្ទាប់ពីមានការរួមដំណេកជាច្រើនដងរួចមក និងចុងក្រោយនេះ ឈ្មោះ ម៉ម ភ័ក្ត្រា គេតែងតែគំរាមជនរងគ្រោះឲ្យធ្វើអ្វីដែលគេចង់បាន គឺបានទូរស័ព្ទទៅជនរងគ្រោះ ដោយនិយាយទារប្រាក់ចំនួន៣០ម៉ឺនរៀល តែបើមិនព្រមទេ គេនឹងគំរាមបង្ហោះរូបភាពអាក្រាតកាយទាំងពីរនាក់ ដែលគេលួចថតនៅពេលរួមដំណេកក្នុងផ្ទះសំណាក់ជាមួយគ្នានោះ។
ចុងក្រោយឈ្មោះ ម៉ម ភ័ក្ត្រា បានគំរាមទារប្រាក់ពីជនរងគ្រោះចំនួន ៥០០ដុល្លារ ហើយបានកំណត់ត្រឹម៥ថ្ងៃ បើមិនបានប្រាក់ទេ គេនឹងមិនលើកលែងដាច់ខាត ត្រូវតែបង្ហោះរូបភាពវីដេអូអាក្រាតកាយនោះ។ ពេលឈ្មោះ ម៉ម ភ័ក្ត្រា បានគំរាមច្រើនលើកដូច្នេះ ជនរងគ្រោះដាច់ចិត្តទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការលើប្រុសព្រាននេះ៕ ដោយ៖ លីនណា