(មណ្ឌលគិរី)៖បុរសម្នាក់ដែលស្រវឹងស្រា ចុះមុជទឹកបឹងលើនៅខេត្តមណ្ឌលគិរីនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ក្រោយពេលដែលក្រុមគ្រួសារបានមកទទួលសពទៅធ្វើបុណ្យ នៅល្ងាចថ្ងៃទី១២ខែសីហាឆ្នាំ២០១៧។
ស្ត្រីជាម្តាយបានសម្តែងភាពតក់ស្លុតយ៉ាងខ្លាំងខណៈទទួលបានដំណឹងមរណៈថាកូនប្រុសគាត់បានស្លាប់នៅក្នុងបឹងនាខេត្តមណ្ឌលគិរីនេះ។ស្ត្រីដដែលបន្តថា កូនប្រុសរបស់គាត់មានឈ្មោះផន សារៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ៤ ឃុំដងទង់ ស្រុកខេរៈភូមិន្ទ ខេត្តកោះកុង បានរត់ចេញពីផ្ទះច្រើនថ្ងៃមកហើយ ដោយពុំដឹងថាទៅណានោះទេ ទើបតែទទួលព័ត៌ថាស្លាប់ បានដឹងថានៅមណ្ឌលគិរីនេះ។
គួររំលឹកថានៅម៉ោងប្រមាណជា៦និង៣៥នាទីល្ងាចថ្ងៃទី១១ខែសីហានោះសាកសពបុរស មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេជួយស្រង់ចេញពីទឹកបឹងមួយកន្លែង ក្រោយពេលដែលបុរសនោះបានចុះក្នុងទឹកហើយលង់ស្លាប់ នៅ បឹងទំនប់លើ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
អធិការក្រុងសែនមនោរម្យ លោកកាន់ ពេញ បានឱ្យដឹងថា បុរសមិនទាន់ស្គាល់ នោះត្រូវគេប្រាប់ថា បានផឹកស៊ីស្រវឹង ជោគជាំនិងបានចុះមុជទឹកចំណុចខាងលើ ដើម្បីបន្ថយកម្តៅខ្លួនដែលក្តៅដោយជាតិស្រា។លុះបុរសនោះចុះក្នុងទឹកបានបន្តិច ក៏លង់តែម្តង ដោយពុំមាននណាហ៊ានចុះជួយនោះឡើយ។លោកអធិការបញ្ជាក់ថា សមត្ថកិច្ចនិងប្រជាពលរដ្ឋបានចុះជួយស្រង់សពបុរសនោះឡើងគោកនិងត្រួតពិនិត្យ មិនបានឃើញស្លាកស្នាមនៃអំពើឃាតកម្មក្រៅពីជនរងគ្រោះលង់ទឹកស្លាប់នោះឡើយ៕S/ដោយៈសាតចាន់បុត្រ