ស្ងប់​មួយរយៈ ឥឡូវ​កក្រើក​ឡើងវិញ ករណី​ចោរ​កាច់​សោក​ម៉ូតូ នៅ​ក្រុង​បាត់ដំបង​

607
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​វត្ត​ពោធិ​វង្ស ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មានការ​ភ្ញាក់ផ្អើល​ដោយ​ស្ត្រី​ម្នាក់​ ចេញពី​ផ្សារ​ស្រែក​ឆោឡោ​ថា បាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៧ ដែល​ពួកចោរ​បានធ្វើ​សកម្មភាព​កាច់​សោក លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ទុក​នៅក្បែរ​ផ្សារ​ចូល​ទិញ​ម្ហូប​។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ ផេង រុងរឿង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​ទៅប្តឹង​ប៉ូលិស​អធិការ​ក្រុង និង​រៀបរាប់ថា នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ផ្សារ​ពោធិ​វង្ស​ដោយ​ចាក់​សោក​ត្រឹមត្រូវ ហើយ​ដើរ​ចូលទៅ​ទិញ​ម្ហូប​មួយ​ភ្លែត ពេលចេញ​មកវិញ ក៏​បាត់​ម៉ូតូ​តែម្តង ហើយ​ស្រែក​ឆោឡោ​ឲ្យ​អ្នកស្រុក​ជួយ​អន្តរាគមន៍​។​ ​ជនរងគ្រោះ​បាន​ប្រាប់ថា ម៉ូតូ​ដែល​ចោរលួច​យកទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1Y 3830​។

​គួរ​បញ្ជាក់ថា ក្រោយ​បោះឆ្នោត​សកល​រួច សកម្មភាព​ចោរលួច​កាច់​សោក​យក​ម៉ូតូ​មានការ​ស្ងប់ស្ងាត់​មួយរយៈ ឥឡូវនេះ​ចាប់ផ្តើម​កម្រើក​ឡើងវិញ ហើយ​ការបាត់បង់​ម៉ូតូ​មុនៗ មិនទាន់​រកឃើញ និង​ចាប់ខ្លួន​ជនល្មើស​បាន​អស់​នៅឡើយ​ទេ​៕ ល​