ស្ងាត់ៗ​ឃើញ​វត្តមាន​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ នៅ​ស្រុក​ខ្មែរ​

1108
ចែករម្លែក

(​ភ្នំពេញ)៖ ស្ងាត់ៗ​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៦​ជនជាតិ​អេ​ក្វា​ឌ័​រ កញ្ញា អេ​ន​ជី​ឡា បូ​នី​ឡា (Angela Bonilla) បានមក​ទស្សនកិច្ច និង កំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ព្រះរាជាណាចក្រ កម្ពុជា​តាំងពី​ថ្ងៃទី ១១ ខែ កក្កដា ហើយ គ្រោង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី ២៥ ខែ កក្កដា​ខាងមុខ​។​
​ ​
​កញ្ញា អេ​ន​ជី​ឡា បូ​នី​ឡា បាន​ថ្លែងឱ្យដឹងថា​ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ក្នុង​គោលបំណង​ស្វែងយល់ អំពី​វប្បធម៌​និង ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជា​ក៏ដូចជា​ធ្វើ​សកម្មភាព​មនុស្សធម៌​មួយចំនួន​។​
​ ​
​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៦​រូបនេះ បាន​សម្តែង​នូវ​សេចក្តីរំភើប​រីករាយ​ដែល​បានមក​ស្គាល់​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​អរិយធម៌​ខ្ពង់ខ្ពស់​និង​វប្បធម៌​ដ៏​សម្បូរបែប​ជាពិសេស​មាន​ប្រាសាទអង្គរវត្ត ដ៏​ល្បីល្បាញ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​។​
​ ​
​គួរ​ជម្រាប​ថា​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា កញ្ញា អេ​ន​ជី​ឡា បូ​នី​ឡា បាន​ទៅ​ទិញ​ទំនិញ​នៅ​ហាង POSH ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ទំនើប​សូរិយា​តាម​បណ្តោយ​ផ្លូវ ១៥៤ កាលពី​រសៀល​ថ្ងៃទី​១៩ ខែ កក្កដា និង​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា បានមក​ភ្លក្ស​រសជាតិ​ស្រាក្រហម​ដ៏​ល្បី​និង​រសជាតិ​អាហារ​បារាំង នៅ​ភោជនីយដ្ឋាន Red Wine House Restaurant រាជធានី​ភ្នំពេញ និង នៅ​ថ្ងៃ​២២ ខែ កក្កដា នឹង​អញ្ជើញ​ទៅ​មើល គម្រោង ខុន​ដូ The Getway នៅ​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​កញ្ញា អេ​ន​ជី​ឡា បូ​នី​ឡា កើត​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៩១​នៅ​ទីក្រុង Urcuqui ខេត្ត​Imbabura ប្រទេស​អេ​ក្វា​ឌ័​រ ។ កញ្ញា​ជាតា​រា​បង្ហាញ​ម៉ូដ និង បានឈ្នះ​តំណែង​បវរកញ្ញា​ពិភព លោក​ប្រចាំ​អេ​ក្វា​ឌ័​រនា​ឆ្នាំ ២០១៣ និង បវរកញ្ញា​ចក្រ​វា​ឡ​អេ​ក្វា​ឌ័​រ​នៅ​ឆ្នាំ ២០១៥ ហើយ​ឆ្នាំ ២០១៦​បានឈ្នះ​ជើងឯក​បវរ កញ្ញា​ពិភពលោក​នៅ​ឆ្នាំ​២០១៦ ។ អេ​ន​ជី​ឡា​បូ​នី​ឡា​អាច​និយាយ ភាសា​អេ​ស្ប៉ា​ញ អង់គ្លេស និង​អ៊ីតាលី ។ នាង​កំពុង​សិក្សា​ជំនាញ​សារព័ត៌​មាននៅ​សាកល វិទ្យាល័យ Tenica Particular de Loja៕ ដោយៈ​សុផល​

បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ជនជាតិ​អេ​ក្វា​ឌ័​រក​ញ្ញា អេ​ន​ជី​ឡា បូ​នី​ឡា​បានមក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ថ្ងៃទី​១១ ដល់​២៥​ខែកក្កដា ឆ្នាំ​២០១៧(​រូប សុផល​)