ស្ងាត់ៗ ក្រុង​ហាណូយ​របស់​វៀតណាម​ជាប់​លេខ​២​ខាង​ខ្យល់អាកាស​កខ្វក់​បំផុត​នៅ​អាស៊ី​

353
ចែករម្លែក

​គុណភាព​ខ្យល់​នៅ​ទីក្រុង​ហាណូយ កាន់តែ​អាក្រក់​ទៅៗ​នៅ​៣​ថ្ងៃ​មកនេះ និង​ទំនងជា​នឹង​មិន​ប្រសើរ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទេ នេះ​បើ​តាម​ការលើកឡើង​នៃ​អ្នកជំនាញ​​ហើយ​ត្រូវបាន​សារព័ត៌មាន​VnExpress​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​។​

​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​(AQI)​នៅ​រដ្ឋធានី​វៀតណាម​នេះ ត្រូវបាន​កត់ត្រា​ឃើញ​នៅ​កំរិត​១៣៦ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដោយ​ស្ថានីយ​ចំនួន​១១​នៅ​ទូទាំង​ទីក្រុង​។​

​ផ្សែង​អ័ព្ទ​គ្រប​លើ​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​កា​លពី​ថ្ងៃ​១៧​កញ្ញា​និង ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​បណ្តា​ទីក្រុង វា​ស់​ដោយ​ក្រុមហ៊ុន IQAir AirVisual​កាលពី​ថ្ងៃ​១៧​កញ្ញា​

IQAir AirVisual ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ដែល​មាន​មូលដ្ឋាន​នៅ​ស្វីស បាន​កត់ត្រា​ឃើញ​កំរិត​AQI​របស់​ក្រុង​ហាណូយ​នៅ​កំរិត​១៥២​កាលពី​ព្រឹក​ថ្ងៃ​ពុធ ជាហេតុ​​ធ្វើអោយ​វា​ក្លាយជា​ទីក្រុង​មាន​ខ្យល់អាកាស​ពុល​បំផុត​ទី​៧​នៅក្នុង​លោក​។​

​ក្រុមហ៊ុន​ប្រើ​ទិន្នន័យ​បានមកពី​ស្ថានីយ​ត្រួតពិនិត្យ​៣​នៅក្នុង​ក្រុង​ហាណូយ​។​

​ក្រុមហ៊ុន​ខាងលើ​ក៏​បាន​ព្យាករណ៍​ថា គុណភាព​ខ្យល់​អាក្រក់​នៅ​ក្រុង​ហាណូយ​នេះ​អាច​នឹង​បន្ត​រហូត​ចុង​សប្តាហ៍​។​យោង​តាម​ស្ថានីយ​ត្រួតពិនិត្យ​ខ្យល់​ជាច្រើន នៅ​ទូទាំង​ថ្ងៃអាទិត្យ​​និង​ចន្ទ កំរិត​AQI​នៅក្នុង​រង្វង់​១៧០​។​

​សូមបញ្ជាក់​ថា នៅ​ដំណាក់កាល​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា កំរិត​AQI​នៅ​ក្រុង​ហាណូយ​បាន​ឡើងដល់​១៨៥ ជា​កំរិត​គុណភាព​ខ្យល់​អាក្រក់​បំផុត​ដោយ​នៅ​លើ​តែ​ក្រុង​គូ​ជី​ញ ​ប្រទេស​ម៉ាឡេស៊ី​តែមួយគត់​។​

AQI ជា​រង្វាស់​ប្រើ​ដោយ​ទីភ្នាក់ងារ​រដ្ឋ​ជាច្រើន ដើម្បី​កំណត់​កំរិត​ពុល​ក្នុង​ខ្យល់​អាកាស​។ AQI លើ​១០០​ត្រូវ​គេ​គិត​ថា​ពុល ឬ​ប៉ះពាល់​សុខភាព​មនុស្ស​។​ក្មេង មនុស្ស​ធំ​ឬ​ជន​ណា​​មាន​បញ្ហា​ផ្លូវដង្ហើម​ឬ​ជម្ងឺ​បេះដូង ត្រូវ​បាន​ណែនាំ​អោយ​ជៀសវាង​ការ​នៅ​ក្រៅ​ផ្ទះ​ត្រូវ​ខ្យល់អាកាស​យូរៗ​នៅពេល​AQI ឡើងដល់​១៥០​ឬ​លើ​នេះ​។​

​ផ្សែង​អ័ព្ទ​និង​គុណភាព​ខ្យល់​អន់​នៃ​ក្រុង​ហាណូយ​មិនមែន​បណ្តាលមកពី​ផ្សែង​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី ដូច​នៅ​ប្រទេស​បី​បួន​នៅ​អាស៊ីអាគ្នេយ៍​ទេ តែ​វា​បណ្តាល​មកពី​ចរន្ត​ខ្យល់​​តិច​នៅក្នុង​បរិយាកាស​ក្នុង​អន្តរកាល​រវាង​រដូវក្តៅ​និង​រដូវរំហើយ នេះ​បើ​តាម​លោក ឡេ ថាញ់ ហាយ អនុប្រធាន​នៃ​រដ្ឋបាល​ឧតុនិយម​និង​ជល​សាស្ត្រ​វៀតណាម​។​

​លោក​ថា «​កំដៅ​នៅ​ខែ​នេះ​មិន​នាំ​ខ្យល់​ឡើង​ខ្ពស់ ដូច្នេះ​បានជា​មិន​មាន​ការ​ករ​ជា​ពពក​បង្កើត​ទឹកភ្លៀង​សម្អាត​បរិយាកាស​។​ខ្យល់​ក៏​មិនសូវ​មាន​ដើម្បី​រុញ​នាំ​ខ្យល់ពុល​ចេញទៅ​​ឆ្ងាយ​ដែរ​។​ការដូរ​សីតុណ្ហភាព​ក៏​ជា​កក្តា​ចូលរួម​ចំណែក​មួយ​ដែរ ដោយ​ពេល​យប់ កំដៅ​ចេញពី​ដី​ចូល​ក្នុង​បរិយាកាស​បង្កើត​ជា​អ័ព្ទ​នៅ​ស្រទាប់​ទាបៗ​»​។​

​ក្រុង​ហាណូយ​មាន​ប្រជាជន​៨​លាន​នាក់ និង​ទោចក្រយានយន្ត​ជាង​៥​លាន​គ្រឿង​និង​រថយន្ត​ប្រមាណ​៥៥០.០០០​គ្រឿង ជា​ទីក្រុង​មាន​ខ្យល់អាកាស​កខ្វក់​បំផុត​ទី​២​នៅ​អាស៊ី​អាគ្នេយ៍​ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​World Air Quality នៅ​ឆ្នាំ​នេះ​៕​ដោយ​៖​វាសនា​