ស្ដាប់​រាស្ត្រ​ថា​៖ ជ្រូក​វៀតណាម នៅតែ​បន្ត​ចូលតាមផ្លូវ​ទឹក ស្រុក​បូរី​ជលសារ​

193
ចែករម្លែក

ប្រជាពលរដ្ឋ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ការធ្វើ​អាជីវកម្មលើ​សត្វ​ជ្រូក មានការ​លំបាក​ខ្លាំង មិនសូវ​ចំណេញ​នោះទេ ខាត​កម្លាំង​ច្រើន ក្រោយ​មាន​ថ្នាក់លើ​មួយចំនួនរាប់​ក្បាលជ្រូកយកលុយ​តែម្តង មិន​ខ្វល់​ពី​ជ្រូក​ចរាចរណ៍​ក្នុងស្រុក ឬ​នាំចូល​នោះទេ ។

​ថ្មីៗ​នេះ ប្រជាពលរដ្ឋរស់នៅ​ភូមិ​កំពង់អំពិល បាន​លួច​ផ្តិត​រូបភាពអំពី​សកម្មភាព​នាំ​ជ្រូក​យួនចូលក្នុង​ស្រុក តាមរយៈ​ផ្លូវទឹក មក​ចត​យក​ជ្រូក​ឡើង​ឡាននៅ​ចំណុច​ក្បែរ​ទួល​ខ្ពស់ ស្រុក​បូរីជលសារ ខេត្តតាកែវ សាជាថ្មី​ទៀតហើយ បើទោះបី​ជាមាន ការហាមឃាត់ បិទ​មិន​ឲ្យមានការនាំ​ជ្រូក​ចូលពី​ប្រទេស​វៀតណាម ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យ៉ាងណាក៏ដោយ តែ​ខាង​ស្រុក​បូរី​ជលសារ ខេត្តតាកែវ ដែលជា​ស្រុក​នៅតាម​ខ្សែបន្ទាត់​ព្រំដែន នៅតែមាន​ជ្រូក​វៀតណាមលួច​នាំចូល​ដដែល មក​ដាក់​នៅ​ភូមិ​កំពង់អំពិល ដែលមាន​ចំនួន​ជ្រូក រហូតដល់​ជិតមួយរយ​ជ្រូក ។​

​ការ​លួច​នាំ​ជ្រូក​របស់​វៀតណាមចូលមក​នេះ គឺ​ឥ​ទ្បូ​វ ពួក​ជន​ខិល​ខួច លួច​នាំ​ចូលមក​មិន​ចាំបាច់​តែ​ពេលយប់​នោះទេ គឺ​នាំ​ចូលមក​ទាំង​ថ្ងៃ​តែម្តង ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ឬ​អាជ្ញាធរ ជំនាញពាក់ព័ន្ធ​ណា​ទ្បើ​យ ប្រហែលជា​មានការ​ត្រូវរ៉ូវ​គ្នាហើយ​មើលទៅ ទើបបានជា​ពួកគេអាច​ដឹក​ជ្រូក​វៀតណាម ចូល​បាន​ស្រួល​យ៉ាងនេះ ទោះ​ចង់​ដឹកជញ្ជូន​ដល់​ណា ក៏​គ្មាន​អ្នកណាអើពើ​ឈឺក្បាល​ដែរ ។​

​តើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត គិត​បែបណា បានជា​អនុញ្ញាតឲ្យឈ្មួញ​ខិលខូច​លួច​បន្តនាំ​ជ្រូក​វៀតណាមចូលមក​យ៉ាង​គក្រឹកគគ្រេង​ដដែល តាម​ច្រករបៀង​តូចៗ ឬ​ដឹក​តាម​ផ្លូវទឹក មកកាន់​ខេត្តតាកែវ ដើម្បី​លក់​បន្តទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​ឆ្លងកាត់​ខេត្តតាកែវយ៉ាងនេះ ?៕​/Ha