ស្ដាប់​រាស្ត្រ​ថា​៖ អាជ្ញាធរ​ខណ្ឌដង្កោ គ្មាន​វិធា​ការទប់ស្កាត់​រថយន្ត​ខ្នាត​យក្ស ដឹក​ខ្ពស់​ហួស​កំរិត

517
ចែករម្លែក

សកម្មភាព​រថយន្ត​ធុន​ធំ ដឹកទំនិញ​សំពីងសំពោង ខ្ពស់​ហួស​កំរិត ល្មើសច្បាប់ នៅតែ​បន្ត​ចូល រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ខណ្ឌ ជាពិសេស​លោក នុត ពុត​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ក៏ដូចជា លោក ជឹម ស៊ីថា អធិការ​ខណ្ឌ ដូចជា​មិន​ហ៊ាន​បង្ក្រាប បើទោះបីជា​រដ្ឋបាល​រាជធានី ភ្នំពេញ បានដាក់​ចេញ នូវ​វិធានការ​ច្បាប់ ឲ្យ​យកមក​អនុវត្តន៍​ក៏ដោយ​។​

​ទោះបី​ជាមាន​វិធានការ​បង្ក្រាប យ៉ាងណាក្តី ប្រជាពលរដ្ឋ ឃើញថា អាជ្ញា​ធរមាន​សមត្ថកិច្ច ខណ្ឌដង្កោ ដូចជា​អនុវត្ត​គ្មាន​ប្រសិទ្ធភាព បន្ត​ទុក​ឲ្យ ក្រុម​រថយន្ត ធុន​ធំ​ទាំងនោះ ដឹកទំនិញ​សំពីងសំពោង ចូល​រាជធានី ធ្វើ​ឲ្យ​បាត់បង់ នូវ​សណ្តាប់ធ្នាប់ និង​សេចក្តីថ្លៃថ្នូរ របស់​រាជធានី​ភ្នំពេញ អស់រលីង ។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​មាន​វិធានការ​តឹងរឹង ទប់ស្កាត់​សារជាថ្មី​ទៀត ដើម្បី​សណ្តាប់ធ្នាប់​ប្រសើរ ក្នុង​រាជធានី ភ្នំពេញ​យើង ។​

​ប្រជាពលរដ្ឋ បន្ត​រថា ទោះជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក កំពុង​ត្រូវបាន​រឹតបន្តឹង និង​អនុវត្តន៍ នៅពេល​បច្ចុប្បន្ននេះ យ៉ាងណាក្តី តែ​នៅ​ឃើញ​មាន​រថយន្ត​ធុន​ធំ រថយន្ត​ខ្នាត​យក្ស ដឹកទំនិញ សំពីងសំពោង កំពស់​ខ្ពស់ ហួត​កំរិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ញឹកញាប់​ចូលមក ក្នុង​រាជធានី ភ្នំពេញ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរំខាន ពី​សមត្ថកិច្ច​នោះទេ ជាក់ស្តែង មាននៅ​តាមផ្លូវ ២១៧ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។​

​ប្រជាពលរដ្ឋ សំណូមពរ​ផងដែរ ដល់​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ដាក់​ផែនការ​សារជាថ្មី ទៅលើ​បទល្មើស​សណ្តាប់ធ្នាប់ ដឹក​គ្មាន​គោរព​ទៅតាម​ច្បាប់​កំណត់ ខណៈដែល​ផែនការ បង្ក្រាប​ចាស់ ហាក់ដូច​គ្មាន​ប្រសិទ្ធភាព អនុវត្តន៍​ចុះបង្ក្រាប ចាប់​មួយ​ប្រ៉ា​វ ប៉ះចំ​ខ្សែ ស្ងាត់​ទៅវិញ​ឈឹង ៕

​ពី​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ
#