ស្ដ្រី​ចំណាស់​ម្នាក់​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ត្រូវ​រថយន្ដបុក​ស្លាប់​ភ្លាមៗ​

263

(​ព្រះសីហនុ​) ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​រថយន្ដ​១​គ្រឿង បើក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ខណៈដែល​រូបគាត់​កំពុង​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥​នាទី ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ 193-194 ស្ថិតនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-5441 (​អ្នកបើកបរ​គេចខ្លួនបាត់​) ធ្វើដំណើរ​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មក​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ស្ត្រី​ចំណាស់​អ្នក​ថ្មើរជើង​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ជនរងគ្រោះ​នៅឡើយ ចំណែក​វត្ថុតាង​រថយន្ត​បង្ក បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​៕L ដោយ​៖ លីន​ណា​