ស្តង់ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អ្នកណា​ក៏រ​ស់បាន​!

475
ចែករម្លែក

វេទិកា​ស្តីពី ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​២ បាន​ប្រារព្ធ​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​វេទិកា​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នេះ បញ្ហាសំខាន់​ពីរ ត្រូវបាន​បញ្ជាក់ និង​លើកឡើង រួមមាន រាជរដ្ឋាភិបាល មិនបាន​ដាក់ឈ្មោះ អង្គការ​សមាគម​ណាមួយ ទៅក្នុង​បញ្ជីខ្មៅ​ទេ និង​ទី​២-​ឈប់​ឲ្យ​ប្រើពាក្យ​ថា “​របប​ក្រុងភ្នំពេញ និង​របប​ហ៊ុន សែន​”​។​

ចំពោះមុខ​មន្ត្រី​ដឹកនាំ​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នរដ្ឋ​យ៉ាង ច្រើន​កុះករ សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មិនបាន​ដាក់ឈ្មោះ អង្គការ​សមាគម​ណាមួយ ទៅក្នុង​បញ្ជីខ្មៅ ដូច​ការលើកឡើង​នោះទេ​។ ពោលគឺ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ស្ថិតនៅក្នុង​បញ្ជី​ស្របច្បាប់​ទាំងអស់​។

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ចំនួន​សរុប ៥.៥២៣ ក្នុងនោះ សមាគម​មាន​ចំនួន ២.២៩៧ និង​អង្គការ​សង្គម​ស៊ីវិល មាន​ចំនួន ៣.២២៦​។ នៅ​ឆ្នាំ​២០១៨ កន្លងមកនេះ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន​សរុប ២៨៩ នៅក្នុង​នោះ មាន​សមាគម​ចំនួន ១៨០ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១០៩​។ នេះ​ជា​សក្ខីភាព​បញ្ជាក់ថា សិទ្ធិ​សរី​ភាព​ប្រជាពលរដ្ឋ ត្រូវបាន​លើកកម្ពស់ និង​គ្មាន​ការរារាំង​។​

​ចំណុច​មួយទៀត ដែល​ត្រូវ​បានលើកឡើង​ក្នុង​វេទិកា​លើក​ទី​២ គឺ​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការប្រើ​ពាក្យ​ថា “​របប​ក្រុងភ្នំពេញ និង “​របប ហ៊ុន សែន​”​។ ហាក់បីដូចជា អ្នក​ប្រើពាក្យ​នោះ ចង់​កំណត់ថា រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​មិន​ស្របច្បាប់​។ ប៉ុន្តែ​សម្តេច ក្រឡាហោម បញ្ជាក់ថា ការប្រើ​ពាក្យ​ដូច្នេះ ជាការ​យល់​ខុស ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​នៅ​អាណត្តិ​ទី​៦​នេះ គឺ​កើតចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ ហើយ​សហគមន៍ជាតិ និង​អន្តរជាតិ បានទទួល​ស្គាល់​ត្រឹមត្រូវ​ពេញ​ពិភពលោក​។

​ជាមួយនឹង​ការលើកឡើង​ខាងលើ សម្តេច​ក្រឡោ​ហោម ក៏បាន​គូសបញ្ជាក់ថា អង្គការ​សង្គម ស៊ីវិល​ទាំង​ក្នុងស្រុក និង​បរទេស បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្តល់ និង​គាំទ្រ​ដល់​សេវា សង្គម នៅតាម​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់ស្រយាល និង​ធ្វើ​សកម្មភាព​នៅ​គ្រប់​រាជធានី ខេត្ត ក្នុង​វិស័យ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច សង្គម នៅក្នុង​ប្រទេស​កម្ពុជា​។ អង្គការ សង្គម​ស៊ីវិល ក៏បាន​ចូលរួម​ផងដែរ ក្នុងការ​តស៊ូ​មតិ​ឲ្យ​មាន​កំណែទម្រង់​ជាតិ ដើម្បី​លើកកម្ពស់ សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវា​សង្គម បរិស្ថាន សុខុមាលភាព​ស្ត្រី និង​កុមារ​។

​សម្តេច​ក្រឡាហោម​បន្ថែមថា បច្ចុប្បន្ន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួមទាំង សហគមន៍​នានា​នៅ​មូលដ្ឋាន មាន​សិទ្ធិសេរីភាព​បេ​ញ​លេញ ក្នុង​ការធ្វើសកម្មភាព​ស្របច្បាប់ ដោយ​គ្មាន​ការហាមឃាត់​ឬ​រារាំង ហើយ​មិន​តម្រូវ​ឲ្យ​ជូនដំណឹង​ជាមុន​ក្នុង​រយៈពេល យ៉ាងតិច​បី​ថ្ងៃ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។

​រហូត​ម​មកដល់​ឆ្នាំ​២០១៨ កន្លងទៅនេះ ក្រសួងមហាផ្ទៃ​មិន​បានទទួល​របាយការណ៍ ឬ​ព័ត៌មាន​ណាមួយ​ពាក់ព័ន្ធ​នឹង​ការរារាំង​សកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​នោះឡើយ​។ ក្រសួងមហាផ្ទៃ ក៏បាន​រៀបចំ​វេទិកា​ទៀងទាត់ រៀងរាល់ ៦​ខែម្តង ស្តីពី ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​សមាគម​អង្គការ​សង្គម​ស៊ីវិល​។ ក្នុង​វេទិកា​កន្លងមក បញ្ហា​ជាច្រើន និង​ការមិនយល់​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ត្រូវបាន​លើកឡើង និង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​
​ ​
​តាម​តួលេខ​របស់​ក្រសួងមហាផ្ទៃ នៅ​ដំណាច់ឆ្នាំ​២០១៨ ដែលមាន​សមាគម និង​អង្គការ​សង្គម ស៊ីវិល បាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ ដល់​ទៅ​ជាង ៥.៣០០ អង្គភាព បាន​បង្ហាញថា នៅ​កម្ពុជា ជា​ឋានសួគ៌ សម្រាប់​សមាគម​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្នុងចំណោម​អង្គការ សង្គម​ស៊ីវិល ដែល​បាន​ចុះបញ្ជី ភាគច្រើន​លើសលុប បានធ្វើ​សកម្មភាព​នៅ​កម្ពុជា ដោយ​រលូន ស្របតាម​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។

​យ៉ាងណាក៏ដោយ ទន្ទឹមនឹងនេះ ក៏មាន​សមាគម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​ដែល​ធ្វើការ ផ្នែក​នយោបាយ តែងតែ​កើតទុក្ខ​មិន​សុខចិត្ត ក្នុងការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហើយ​ចេះតែ​ទាស់ ត្រង់នេះ ទាស់​ត្រង់នោះ មិនចេះចប់ មិនចេះហើយ ដោយបាន​ទាំង​ចោទថា នៅ​កម្ពុជា មានការ​រិត​ត្បិត និង​គាបសង្កត់​ដោយ​ប្រការ​ផ្សេងៗ​។

​ក្រុម​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដែល​មិនចេះ​ត្រូវចិត្ត​នេះ មាន​មិន​ដល់ ៣០-៤០ ប៉ុណ្ណោះ ក្នុងចំណោម​ជាង ៥.៣០០​។ ពោលគឺ​មិនបាន ១​ភាគរយ​ផង​ទេ ដែលមាន​យោបល់ និង​មើល ឃើញ​កម្ពុជា​បែប​អវិជ្ជមាន​នោះ​។

យ៉ាងណាក៏ដោយ ក្នុងសង្គម​ប្រជាធិបតេយ្យ​សេរី គេ​យក​មតិ​ភាគច្រើន មក​គិត មិនមែន​មតិ ភាគតិច ចង់​គ្របដណ្តប់ លើ​មតិ​ភាគច្រើន​បានទេ​។
​ ​
មួយវិញទៀត ក្នុងពេលដែល​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ភាគតិច ដែល​ស្រែកថា កម្ពុជា មានការ​រិត​ត្បិត និង​គាបសង្កត់​សិទ្ធិសេរីភាព ជាដើម​នោះ គឺ​សមាគម និង​អង្គការ​សង្គម ស៊ីវិល​ភាគតិច​ទាំងនោះ កំពុងតែ​ប្រើប្រាស់​នូវ​សិទ្ធិ​បញ្ចេញមតិ​របស់ខ្លួន​ដោយ​សេរី លើ​ការរិះគន់ មកលើ​រាជរដ្ឋាភិបាល​កប់ៗ​មាត់​។ ការរិះគន់​លើ​រាជរដ្ឋាភិបាល​ដូច្នេះ បើសិនជា​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ភាគតិច​ទាំងនោះ មិន​ធ្វើ​ទេ ច្បាស់​ជា​មិនបាន​ជំនួយ ដើម្បី​បន្ត​អាណត្តិ ការងារ​នៅ​កម្ពុជា​ទៀតឡើយ​។

​ដូច្នេះ​ចង់ ឬ​មិន​ចង់ គឺ​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ភាគតិច ត្រូវតែ​ធ្វើ​។ រីឯ​រាជរដ្ឋាភិបាល ក៏​មិនបាន​ចាប់កំហុស អូស​ដំណើរ​អ្វី​ឡើយ​។ បើ​មាន​ចំណុច​វិជ្ជមាន សម​ហេតុ សម​ផល ហើយ​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា ក្នុងន័យ រិះគន់​ស្ថាបនា នោះ​រាជរដ្ឋាភិបាល​នឹង​គិត គូរ​ពិចារណា ដើម្បី​ផលប្រយោជន៍​រួម​របស់​កម្ពុជា​។​

​នេះហើយ​ជា​ស្តង់ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​អ្នកណាៗ​ក៏រ​ស់បាន​កុំ​តែ​រំលោក​ច្បាប់​៕ ដោយ​: ម៉េង​ឆៃ​

#