ស្តាប់​រាស្ត្រ​ថា​! ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹងទំពុន​ទី​១​ថា​មាន​ល្បែងស៊ីសង​ទើប​មាន​ចោរលួច​ឆក់​ប្លន់​

369
ចែករម្លែក
  • 18
    Shares

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​: ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹងទំពុន​ទី​១​បាន​លើកឡើងថា មូលហេតុ​ដែលមាន​ចោរ​គាស់​ផ្ទះ លួច ឆក់ ប្លន់ ដោយសារ​មាន​ល្បែងស៊ីសង បៀរ អាប៉ោង នៅក្នុង​មូលដ្ឋាន​ទើប​មាន​ចោរ​ជាច្រើន​បែបនេះ​។

ជាក់ស្តែង​ចោរ​មួយក្រុម​បានចេញ​ធ្វើ​សកម្មភាព គាស់​ទ្វារ​ផ្ទះជួល ចូល​លួច​ម៉ូតូ​អស់​ចំនួន ៥​គ្រឿង​កាលពី​វេលា​ម៉ោង ៣ ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៩​កន្លង ទៅ នេះ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹងទំពុន​ទី​១​បានលើកឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១​មីនា​នេះ​ថា ករណី​លួច​ទ្រង់ទ្រាយ​ធំ​នេះ គឺ​មិន​រំខាន​ដល់​លោក ម៉េង វិមាន តារា អធិការ ខណ្ឌ មានជ័យ ដែល ទើប ឡើង ថ្មី ថ្មោង និង​លោកនាយ​ប៉ុស្តិ៍​បឹងទំពុន​ទី​១​ទ្បើ​យ​។ បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​ទាំងអស់​បាន​ត្រឹម​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល ដើម្បី​ឱ្យជួយ​ដោះស្រាយ តែ​មិនទាន់មាន​ការឆ្លើយតប ឬ​ចំណាត់ការ​យ៉ាងណា​មួយ​ទេ ។​

“​យើងខ្ញុំ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ឆក់​ប្លន់​ក្មេងស្ទាវ​វៃ​គ្នា​បែប​អនាធិបតេយ្យ​គឺ​បណ្ដាលមកពី​ភូមិ​ឃុំ​ក៏​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន 1 មាន​បន​ល្បែងស៊ីសង​បៀរ អាប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ នឹង​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​ឡើយ​ទើបបាន​កើតជា​រឿង​មាន​ចោរលួច​ចោរប្លន់ បែបនេះ​ជារឿយៗ​”​។​

​ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​នេះ​ក៏​ធ្លាប់មាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ថ្នាក់លើ​ចុះបង្ក្រាប​ជារឿយៗ​ម្ដង​ជា​ពីរដង​។​តែ​ក្រោយមក​រំលង​មួយថ្ងៃ​ពីរ​ថ្ងៃ​បើក​វិញ​យ៉ាង​គគ្រឹកគគ្រេង​ជាធម្មតា​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​គ្មាន​ភាពកក់ក្តៅ​និង​អាជ្ញាធរ​មូលដ្ឋាន​ទាល់តែ​សោះតែ​ធ្វើ​ម្ដេច​បើ​ផ្ទះ​នៅ​ជិត​ទីតាំង​នោះ​ទៅហើយ​។​

​ពួកយើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ថ្នាក់លើ​ដែល​ពាក់ព័ន្ធ​និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​លោក​ស​ថេត​ស្នងការ​រាជធានី​ភ្នំពេញ​សូមមេត្តា​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ដើម្បី​ឲ្យ​ពួកយើងខ្ញុំ​ទទួលបាន​ភាពកក់ក្តៅរ​ស់​នៅក្នុង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នឹង​គេ​ផងដែរ​។​

​កន្លងមក​ពួកយើងខ្ញុំ​សង្កេតឃើញ​ក្នុង​សង្កាត់​បឹងទំពុន​ទី​១​ហាក់បីដូចជា​សម្បូរ​ចោរលួច​ឆក់​ប្លន់​មួយរយ​:​នេះ ។​មិនតែប៉ុណ្ណោះ​មាន​ក្មេងស្ទាវ​ចេញពី​ក្លឹប​តាម​បណ្ដោយ​ផ្លូវ ២១៧ ដេញ​វាយ​គ្នា​ពេញ​ផ្លូវ បង្ក​ការភ្ញាក់ផ្អើល និង​ភាពភ័យខ្លាច​ដល់​ការរស់នៅ​យ៉ាងខ្លាំង ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ជំរុញ​លោក​មេ​ប៉ុស្តិ៍​បឹងទំពុន​ទី​១ ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ផង កុំ​ឲ្យ​ពលរដ្ឋ​អស់សង្ឃឹម សង្ស័យ​លោក​មេ​ប៉ុស្តិ៍​រវល់​ការងារ​ខាងក្រៅ​ច្រើនពេក​ហើយ​មើលទៅ​ទើប​ភ្លេច​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចុះ​ល្បាត​។​ក្នុងនោះដែរ​តាម​ការសង្កេត​ចាប់តាំងពី​លោក​អធិការនគរបាល​ឡើង​ថ្មី​មក​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នេះ​បាត់​ម៉ូតូ​ជាច្រើន​គ្រឿង​តែ​សមត្ថកិច្ច​រក​មិនដែល​ឃើញ​ទេ​៕S/​