ស្តាប់​រាស្ត្រ​ថា : “​បើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ម្ដុំ​សាលា​ជាស៊ីម​សាមគ្គី ស្ទះចរាចរណ៍​រាល់ថ្ងៃ​”

1403
ចែករម្លែក

​ភ្នំពេញ​: ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ជាច្រើន​នាក់ មានការ​ទើសចិត្ត​ក្នុង​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ម្ដុំ​សាលា​ជាស៊ីម​សាមគ្គី ក្នុង​ខណ្ឌទួលគោក ដែល​ម្ខាង​ជា​ទឹកដី​ខណ្ឌមានជ័យ ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ព្រោះ​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នោះ ឆ្លងកាត់​ចូល​ផ្លូវ​តូច​ចូលមក​ផ្លូវធំ ទើប​បង្ក​ការកកស្ទះ​បែបនេះ​។​

​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​២៧១ ពី​ស្តុ​ប​ណូគា មក​គល់ស្ពាន​ស្ទឹងមានជ័យ ត្រូវបាន​មន្ទីរ​សាធារណ​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ម្ដុំ​សាលាបឋមសិក្សា​ជាស៊ីម​សាមគ្គី បង្ក​ឲ្យ​មានការ​កកស្ទះ​ជា​រៀងរាល់​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ពេលចេញ​ធ្វើការ​តែងតែ​បង្ក​ភាព​កកស្ទះ ព្រោះ​ការដែល​ផ្លូវ​តូច​ឆ្លងកាត់​ចូលមក​ផ្លូវធំ បង្ក​ឲ្យ​អ្នកធ្វើដំណើរ​ផ្លូវធំ​ត្រូវ​រង់ចាំ​កកស្ទះ​បន្តកន្ទុយ​គ្នា ទម្រាំ​ផុត​ប្រហែលជា​៣០​នាទី​ដែរ ។​

​អ្នកធ្វើដំណើរ​ជាច្រើនរូប តែងតែ​រអ៊ូរទាំ​ជា​រៀងរាល់ថ្ងៃ ពី​ការកក់ស្ទះ​ខាងលើនេះ ពួកគាត់​លើកឡើងថា របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ត្រូវបាន​បិទ​ជិត គឺ​មិនមាន​ការកកស្ទះ​ដូចនេះ​ទេ ក្រោយមក​មានការ​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​ប៉ុន្មាន​កង់ ទើប​បង្កឱ្យមាន​ការកកស្ទះ​ជា​រៀងរាល់​ពេលធ្វើ​ដំណើរ​។​

​ទោះជា​យ៉ាងណា ពួកគាត់​បាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ​ក្រុងភ្នំពេញ សូម​ឱ្យមាន​មន្ត្រី​ជំនាញ​ចុះមក​អង្កេត​មើលថា ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ម្ដុំ​សាលា​សាមគ្គី​ជាស៊ីម​ក្នុង​ខណ្ឌទួលគោក ដែល​ម្ខាង​ជា​ទឹកដី​ខណ្ឌមានជ័យ តើ​វា​បង្ក​ការកកស្ទះ​យ៉ាងដូចម្ដេចខ្លះ​? អ្នកធ្វើដំណើរ​តាមផ្លូវ​ធំ​២៧១ ត្រូវ​រង់ចាំ​អ្នក​ឆ្លងកាត់​ពី​ផ្លូវ​តូច​ពី​ផ្លូវ​ពីសា​លា​ឡើង​ផ្លូវ​២៧១ បន្តកន្ទុយ​គ្នា​រហូតដល់​ស្តុ​ប​ណូគា​ជា​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​ជាច្រើនរូប ដែល​ធ្លាប់ធ្វើ​ដំណើរ​កាត់​ទីនេះ បាន​សំណូមពរ​ឲ្យ​សាលាក្រុង​សាលា​រាជធានី និង​មន្ទីរ​សាធារណការ​មេត្តា​ដាក់​របាំង​ពុះ​ទ្រូងផ្លូវ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ភាព​កកស្ទះ​ជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​សាលា​ជាស៊ីម​សាមគ្គី​លើ​កំណាត់​ផ្លូវ​២៧១៕ ល​