ស្តាប់​អ្នកស្រុក​ព្រះស្តេច​និយាយ​រឿង​”​គយ​ម៉ៅ​”​ដែល​បាញ់សម្លាប់​ប្រពន្ធ​និង​ខ្លួនឯង​

156802

​(​ព្រៃវែង​)៖​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ្ញាក់ផ្អើល​និង​តក់ស្លុត​ជាខ្លាំង​ពី​មហារ​ជន​ទូរ​ទៅ​បន្ទាប់ពី​មាន​ករណី​ប្ដី​បាញ់ប្រហារ​សម្លាប់​ប្រពន្ធ​ជា​តារាចម្រៀង​TheVoiceCambodia​រួច​បាន​បាញ់សម្លាប់​ខ្លួនឯង​។​ឃាតកម្ម​នោះ​ត្រូវគេ​បានដឹងថា​ជា​មន្ត្រី​គយ​ទិញ​ឈ្មោះ​គេ​មាន​ប្រពន្ធដើម​និង​កូន​បួន​នាក់​នៅ​ស្រុក​ព្រះស្តេច​ហើយ​អ្នកភូមិ​បាន​ប្រសិទ្ធ​នាម​ថា​”​គយ​ម៉ៅៗ​”​។​

​ឃាតកម្ម​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​សំរាក​ព្យាបាល​វ៉ា​យ​តា​ឡុង​ហ្គា​ជា​គ្លីនិក​កែស​ម្ជ​ស្ស​ស្ថិត​នៅក្បែរ​ស្ថានីយទូរទស្សន៍​អប្សរា​តាម​បណ្តោយ​ផ្លូវ​៣៦០​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៧​ព្រោះ​រឿង​ប្រចណ្ឌ​។

​ជុំវិញ​ករណី​ឃាត​កម្មនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ព្រះស្ដេច​ដែលជា​ស្រុកកំណើត​របស់​ប្តី​សាន​ស្រី​ឡៃ​បាន​ឲ្យ​ដឹងថា​ប្ដី​សាន​ស្រី​ឡៃ​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់​ខ្លួនឯង​នេះ​ជា​មន្ត្រី​គយ​ទិញ​ឈ្មោះ​គេ​ដែលមាន​ប្រពន្ធដើម​និង​កូន​៤​នាក់​នៅ​ស្រុក​ព្រះស្ដេច​។​រីឯ​សាន​ស្រី​ឡៃ​ជា​ប្រពន្ធ​ទី​២​និង​មានកូន​២​ជាមួយគ្នា​ទៀតផង​។

​ពលរដ្ឋ​នៅ​ភូមិ​ពា​នី​ឃុំ​ល្វា​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ទៀតថា​ជន​អត្តឃាត​ខាងលើ​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​ទី​២​រួច​បាញ់សម្លាប់​ខ្លួនឯង​នោះ​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ពា​នី​នេះ​ព្រោះ​រឿង​ប្រចណ្ឌ​សាន​ស្រី​ឡៃ​ដាក់​អ្នកផ្សេង​។​អត្តឃាត​ជន​ឈ្មោះ​ដើម​ខៀវ​ម៉ៅ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។​ប៉ុន្តែ​បាន​ទិញ​ឈ្មោះ​គេ​ធ្វើជា​មន្ត្រី​គយ​ដោយបាន​ប្ដូរ​ទៅជា​ឈ្មោះ ជ័យ រិ​ន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​។​

​ប្រភពពី​បុរស​ចំណាស់​ម្នាក់​ដែលជា​អ្នកជិតខាង​បាន​និយាយថា​ក្នុងភូមិ​នេះ​គេ​ស្គាល់​បុរស​ដែល​សម្លាប់​ប្រពន្ធ​រួច​បាញ់​ខ្លួនឯង​នោះ​ស្ទើរ​គ្រប់គ្នា​ហើយ​បាន​ហៅថា​”​គយ​ម៉ៅៗ​។​គយ​ម៉ៅ​នេះ​មានទឹក​ចិត្តល្អ​ដែរ​សម្រាប់​អ្នកជិតខាង​ដោយ​ជួយ​ចេញថ្លៃ​ភ្លើង​រាល់​ខែ​ឲ្យ​អ្នក​នៅជាប់​របង​ផ្ទះ​ចំនួន​២​គ្រួសារ​។​គយ​ម៉ៅ​មាន​បងប្អូន​ចំនួន​៦​នាក់​ប្រុស​ទាំងអស់​ខ្លួន​ជា​កូនពៅ​ទី​៦​ក្នុងចំណោម​បងប្អូន​ទាំង​៦​នាក់​គឺមាន​ការងារ​ជា​មន្ត្រី​គយ​ចំនួន​៤​នាក់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​គយ​ម៉ៅ​ជា​កូនកំព្រា​ឪពុកម្ដាយ​តាំងពី​ចាប់កំណើត​បាន​អាយុ​៧​ថ្ងៃ​គឺ​ឪពុក​បាន​ស្លាប់​តាំងពី​គយ​ម៉ៅ​ចាប់កំណើត​ក្នុង​ផ្ទៃ​។ រីឯ​ម្ដាយ​បាន​ស្លាប់​ដោយសា​ជំងឺ​នៅពេលដែល​បង្កើត គយ​ម៉ៅ បាន​៧​ថ្ងៃ​។ នៅក្រោយពេល​ម្ដាយ​ស្លាប់​ភ្លាមៗ​គយ​ម៉ៅ ត្រូវបាន​ម្ដាយមីង​យកមក​ចិញ្ចឹម​ឲ្យ​រៀនសូត្រ​រហូតដល់​ពេញវ័យ​។ គយ​ម៉ៅ បាន​ទៅ​ដណ្ដឹង​ប្រពន្ធដើម​សព្វថ្ងៃ​ឈ្មោះ រដ្ឋា ដែលមាន​ទីលំនៅ​ឯ​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្ដេច​។​មកទល់​បច្ចុប្បន្ននេះ​ឈ្មោះ​រដ្ឋា​ជា​ប្រពន្ធដើម​មានកូន​ពេញវ័យ​អស់ហើយ​ដល់​ទៅ​៤​នាក់​ស្រី​៣​នាក់ កូនប្រុស​ម្នាក់​សព្វថ្ងៃ​មានមុខរ​បរជា​មន្ត្រី​យោធា​។​

​ប្រភព​ដដែល​បាន​បន្តថា គយ​ម៉ៅ បាន​ស្គាល់​នឹង​យក សាន​ស្រី​ឡៃ​ជា​ប្រពន្ធ​ទី​២​ជា​លើកដំបូង​នៅឯ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​លុះ​ក្រោយមក​ក៏បាន​ស្រឡាញ់​នាង​ស្ទើរតែ​ភ្លេច​ប្រពន្ធដើម​។​ក្នុងនោះ​គយ​ម៉ៅ បាន​យិ​ត​យោង​និង​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់ នាង​សាន​ស្រី​ឡៃ​តាំងពី​រូបនាង​នៅ​ដើរ​ច្រៀង​តាម​រង្គសាល​និង​តន្ត្រីសម័យ​តាម​បុណ្យទាន​ហើយក៏​បំពេញ​បំណង​នាង​ដោយ​ចង់​ក្លាយជា​តារា​។ ថែមទាំង​បាន​ជូន​នាង​មក​ចូលក្នុង​កម្មវិធី​”The Voice Cambodia” របស់​ទូរ​ស្សន៍​ហង្ស​មាស​រហូត​បាន​ជាប់​។

បច្ចុប្បន្ន​គយ​ម៉ៅ​មានកូន​ជាមួយ​នាង​សាន​ស្រី​ឡៃ​ចំនួន​២​នាក់​ប្រុស​ទាំង​២​ដោយ​កូន​បង​អាយុ​៨​ឆ្នាំ​និង​ប្អូន​អាយុ​៦​ឆ្នាំ​ដែលមាន​ផ្ទះ​នៅ​ភ្នំពេញ​។​​បើតាម​អ្នកភូមិ​ខាងលើ​បាន​និយាយថា​គយ​ម៉ៅ​នេះ​ចាប់តាំងពី​យកប្រពន្ធ​ទី​២​នេះ​មក​គឺ​ធ្វើ​ឲ្យ​ជីវភាព​គាត់​ថយចុះ​តាំងពី​មាន​ឡាន​ទំនើប​រហូតដល់​ជិៈ​ម៉ូតូ​ដោយ​ទិញ​ម៉ូតូ​បាន​រយៈពេល​ពី​ទៅ​បី​ថ្ងៃ​ក៏បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​បាញ់សម្លាប់​នាង​និង​បាញ់​ខ្លួនឯង​តែម្ដង​។ ព្រោះ​គិតថា​ខ្លួន​និយាយ​ណែនាំ​នាង​សាន​ស្រី​ឡៃ​លែង​ស្ដាប់​ខ្លា​ចនាង​បាន​ទៅ​គេ​ផុតពី​រង្វង់​ដៃ​ខ្លួន​។​

​ទោះបីជា​យ៉ាងណា​ជុំវិញ​ការលើកឡើង​ខាងលើនេះ​ភ្នាក់ងារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​សព​គយ​ម៉ៅ​បានទេ​ព្រោះ​នៅផ្ទះ​ធ្វើបុណ្យ​ឯ​ស្រុកកំណើត​នា​ភូមិ​ពានា​ឃុំ​ល្វា​ខេត្តព្រៃវែង​នេះ​មិន​ឲ្យ​អ្នកកាសែត​ចូលក្នុង​របង​នៃ​គេហដ្ឋាន​ឡើយ​។​ចំណែក​សព​សាន​ស្រី​ឡៃ​ជា​ប្រពន្ធ​ត្រូវបាន​ធ្វើបុណ្យ​នៅវត្តសែនសុខ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​៕S/​ដោយ​៖​ចាន់ ថន

​ស្តាប់​អ្នកស្រុក​ព្រះស្តេច​និយាយ​រឿង​”​គយ​ម៉ៅ​”​ដែល​បាញ់សម្លាប់​ប្រពន្ធ​និង​ខ្លួនឯង​