ស្តារ​ស្ទឹង​ព្រះ​ស្រុក​ឡើងវិញ​ដើម្បី​រក្សា​កំណើន​ទឹក​និង​បញ្ជៀ​ស​ទឹកជំនន់​

278
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​ស្ទឹង​ព្រះ​ស្រុក ជា​ស្ទឹង​ធម្មជាតិ​ដែលមាន​តាំងពី​បុរាណ​មក ស្ថិតក្នុង​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប មាន​ប្រវែង​សរុប​៥៨០០​ម៉ែត្រ ត្រូវ​ស្តារឡើងវិញ​ដោយ​អាជ្ញាធរ​អប្សរា​។

ស្ទឹង​នេះ​មាន​តួនាទី​សំខាន់​ដូច​ស្ទឹង​រលួស ស្ទឹង​សៀមរាប​ដែរ ព្រោះ​បាន​រំដោះ​ទឹកជំនន់​ពី​តំបន់​អង្គរ​និង​ក្រុង​សៀមរាប លើសពីនេះ​មានមុខ​ងារ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ប្រជាជន​​ប្រើប្រាស់ និង​ធ្វើ​កសិកម្ម​ក្នុង​សហគមន៍​ឃុំ​ល្វា​ផងដែរ​។​

​ដោយ​មូលហេតុ​ដី​ចាក់​បង្គរ បច្ចុប្បន្ន​ស្ទឹង​ព្រះ​ស្រុក​មាន​ទំហំ​រួម​តូច​ជាង​មុន ជម្រៅ​រាក់​ដោយ​ភក់ល្បាប់ មិនអាច​រំដោះ​ទឹកបាន​លឿន ឬ​ស្តុក​ទឹកបាន​ច្រើន ម្យ៉ាងទៀត​ក៏មាន​ការពង្រីក​ផ្ទៃដី​កសិកម្ម​ជាង​៣០០​ហិតា​នៅ​ដើមឆ្នាំ​២០១៩​ផង​នោះ បរិមាណ​ទឹក​ក្នុង​ស្ទឹង​ព្រះ​ស្រុក​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ជីក​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ចំនួន​ចំនួន​១៥០០​ម៉ែត្រ​ដើម្បី​រំដោះ​ទឹក​ពី​តំបន់​អង្គរ​នា​រដូវវស្សា​ឱ្យ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​ឱ្យបាន​រហ័ស និង​ស្តុក​ទឹក​សម្រាប់​ឱ្យ​អ្នកភូមិ​ប្រើ​ស្រោចស្រព​កសិកម្ម​ឱ្យបាន​គ្រប់គ្រាន់​នា​រដូវប្រាំង​។​

​លោក រ៉​ម វិចិត្រ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ផ្នែក​ខាងលើ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៥​ប្រវែង​២​គីឡូម៉ែត្រ​។ ទន្ទឹមនឹង​ការងារ​ស្តារ​ស្ទឹង អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​លើក​ជា​ទំនប់​សងខាង​ស្ទឹង​ធ្វើជា​ផ្លូវ​សម្រាប់ធ្វើ​ដំណើរ​បាន សង់ស្ពាន​មួយ និង​សង់​ទ្វារ​ទឹក​មួយ​អាច​បិទ​ឬ​បើក ស្តុ​ប​និង​បញ្ចេញ​ទឹក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ ជូន​ប្រជាជន​ប្រើប្រាស់​។​

​លោក​បន្តថា​ការស្តារ​ចំនួន​១៥០០​ម៉ែត្រ​លើក​ទី​២​នេះ នឹង​ប្រើ​រយៈពេល​៣​ខែ គឺ​ចាប់ពី​ថ្ងៃទី​១២​កុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ផ្គត់ផ្គង់​ទឹក​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ការពង្រីក​ផ្ទៃដី​កសិកម្ម​របស់​ប្រជាជន​ជាង​៣០០​ហិតា​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពង្រីក​បន្ថែម​នូវ​ទំហំ​និង​ជម្រៅ​ពី​បាត​ស្ទឹង​ចាស់​ពី​១​ម៉ែត្រ​ទៅ​១.៥០​ម៉ែត្រ ទៅតាម​ស្ថានភាព​ដី​នៃ​ការចាក់​បង្គរ​ដី រួមទាំង​ទទឹង​បាត​ក្រោម​១៧​ម៉ែត្រ ស្មើនឹង​ប្រវែង​ស្តារ​ស្ទឹង​ផ្នែក​ខាងលើ​ដែរ​។ ក្រោយ​ស្តារ​រួច ប្រព័ន្ធ​បង្ហូរទឹក​នេះ​នឹង​អាច​ផ្ទុក​ទឹកបាន​ច្រើន សម្រួល​ដល់​ចរាចរណ៍​ផ្លូវទឹក​ដោយ​ការប្រើ​ទូក​តូចៗ​នា​រដូវវស្សា​បាន និង​ចរន្តទឹក​ហូរ​ទៅ​ទន្លេសាប​បាន​លឿន​ជាង​មុន​។ លោក​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​ស្ទឹង​នេះ​ឱ្យ​បានល្អ ហាម​យក​សំរាម​ចាក់ ឬ​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹង​ជាដាច់ខាត ជាហេតុ​នាំឱ្យ​ទឹក​កង្វក់ និង​ស្ទឹង​រាក់​។​

​ពលរដ្ឋ​ក្នុងភូមិ​ព្រ​ហ៊ូ​ត ឃុំ​ល្វា ស្រុក​ពួក លោ​ោ​ក​ចិត សឹក បាន​សម្តែង​ការសប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ស្តារ​ស្ទឹង​ព្រះ​ស្រុក​ដើម្បី​ស្តុក​ទឹក​ឱ្យបាន​ច្រើន ធ្វើឱ្យ​គាត់​អាចធ្វើ​ស្រែ​បាន​ច្រើន​ដោយ​មិន​ភ័យខ្លាច​ខ្វះ​ទឹក​ដូច​មុនៗ​ទៀត​។ លោក​បន្តថា ខ្ញុំ​និង​អ្នកភូមិ​ស្ទឹង​ព្រះ​ស្រុក ភូមិ​ព្រ​ហ៊ូ​ត និង​ភូមិ​ច្រើន​ទៀត​ក្នុង​ឃុំ​ល្វា អរគុណ ហើយ​សប្បាយចិត្ត​ណាស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មក​ស្តារ​ស្ទឹង​ជូន ព្រោះ​សហគមន៍​អាស្រ័យ​ផល​នឹងធ្វើ​ស្រែ​ស្រូវ អ៊ីចឹង​ហើយ​ពេល​មានទឹក គឺមាន​សង្ឃឹម​! ខ្ញុំ​ប្តេជ្ញា​នឹង​ថែរក្សា ការពារ​ទ្វារ​ទឹក រួមទាំង​ស្ទឹង​ឱ្យបាន​ល្អ ព្រោះ​ទឹកជា​ជីវិត​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​។​

​គួរ​រំឭក​ដែរ​ថា នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អ​ប្សា​រ​បាន​ស្តារ​ប្រព័ន្ធ​រំដោះ​ទឹក​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​តំបន់​អង្គរ​ក៏ដូចជា​ក្រុង​សៀមរាប​ទាំងមូល ដែល​បាន​បង្វែរ​មុខទឹក​មួយផ្នែកធំ​មក​ស្រុក​ពួក រួមទាំង​ស្តារ​ប្រព័ន្ធ​ប្រឡាយ​ផ្សេងៗ​ចុះមក​ក្រោម​រហូតដល់​ស្ទឹង​ព្រះ​ស្រុក​នៅ​ឆ្នាំ​២០១៥ មាន​ប្រវែង​សរុប​ចំនួន​៣៨​គីឡូម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​ក្រុង​សៀមរាប​និង​ស្តុក​ទឹក​សម្រាប់​ធ្វើស្រែ​ក្រោម​៕​B/

#