ស្តារ ប្រឡាយបឹងសាឡាងនិង ប្រឡាយបឹងត្របែកសម្រេចបាន១០០ ភាគរយ

1136
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងរដូវវស្សាជិតមកដល់នេះដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងណាស់ក្នុងស្តារ លាងសម្អាត​លូនិងប្រឡាយ រួមទាំងបានស្ថាបនាស្ថានីយបូមទឹកថ្មីៗជាច្រើនកន្លែងទៀតផងដែរ។

ជាក់ស្តែងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជីកស្តារប្រឡាយ និងកាយប្រមូលសម្រាមពីប្រឡាយធំៗចំនួន៣កន្លែង ដែលក្នុងនោះ សម្រាប់ប្រឡាយបឹងសាឡាងនិងប្រឡាយបឹងត្របែកសម្រេចបាន១០០ភាគរយខណៈ ការប្រឡាយបឹងទំពន់ទើបតែសម្រេចបាន៥០ភាគរយស្មើនឹងជាង៣ម៉ឺនម៉ែត្រគូប។

ពាក់ព័ន្ធការងារនេះលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៦ ឧសភានេះថាប្រឡាយបឹងសាឡាងអង្គភាពបានចាប់ផ្ដើមស្តារ កាលពីថ្ងៃទី២៦ខែមិនា ឆ្នាំ ២០១៩ ។ចំណែកប្រឡាយបឹងត្របែកយើងបានធ្វើសកម្មភាពស្តារសំរាម និងស្មៅត្រិបកាលពី
ថ្ងៃទី២៧ កុម្ភៈ ២០១៩ ហើយបើគិតមកដល់ពេលនេះ ប្រឡាយទាំង២ខាងលើយើងសម្រេចស្តារសំរាម និងស្មៅត្រិបបាន១០០ភាគរយហើយ ។ ដោយឡែកសម្រាប់ប្រឡាយ​បឹងទំពន់យើងបាននិងកំពុងស្តារ កើបសំរាម និងស្មៅត្រិបផងដែរ ដែលរហូតមកដល់ពេលនេះ យើងសម្រេចបាន៥០%ហើយដែរ។ បើគិតសរុបយើងប្រមូលសំរាមបានចំនួន៧០០ឡានស្មើនឹង៣៥០០ម៉ែត្រគូប។

ចំពោះបញ្ហានេះ ដែរលោក ដួង ចាន់សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​សូមបញ្ឈប់ការបោះចោលសម្រាមចូលលូ ចូលប្រឡាយ ដែលនាំបង្កើតជាឧបសគ្គដល់ផ្លូវបង្ហូរទឹក និងប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងភ្នំពេញ៕B/