​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​ក្នុងជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​រប​ស់ស​ម្តេច​​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

741
ចែករម្លែក

​ដោយៈ​ក្រសួង​ការ​បរ​ទេស​/​ភ្នំពេញៈ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង “​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​” ដែល​ត្រូវបាន​រៀបចំឡើង​ស្រប​ជាមួយ​​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម​មូលបទ ”​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សកល​” នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ។​

ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ជំនួប​កំពូល​នេះ មិន​ត្រឹមតែ​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ ដើម្បី​ធ្វើ​ការងារ​ជិតស្និទ្ធ​ថែម​ទៀត​​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​អាស៊ាន​ក្នុងការ​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ពិតប្រាកដ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ថ្លែង​នៅក្នុង​ជំនួប​កំពូល​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា អាស៊ាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ល្អប្រសើរ​ក្នុង​ផ្នែក​សង្គម ជាពិសេស លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​ការកាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ភាពប្រសើរ​ឡើងលើ​សូចនាករ​សំខាន់ៗ​នៃ​ការអភិវឌ្ឍ​មនុស្ស​។ លើសពីនេះ​ទៀត​អាស៊ាន គឺជា​តំបន់​ដែល​ធ្វើ​មូល​ដ្ឋា​នីយកម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម សម្រាប់​ធានា​នាំ​កម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ នៅក្នុង បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​អាទិភាព​ខ្ពស់​របស់ខ្លួន​ទៅលើ (១) ការកែទម្រង់​ដើម្បី​ជម្រុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន (២) ការ​ជំរុញ​ការអភិវឌ្ឍ​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង (៣) ការកែលំអ​ថែមទៀត​នូវ​បរិយា​កាស​ធុរកិច្ច​។​

​នៅក្នុង​បទ​អន្តរាគមន៍​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​អគ្គលេខាធិការ អ​.​ស​.​ប សុទ្ធតែ​បាន​កោតសរសើរ​អាស៊ាន​ដែល​សម្រេចបាន​វឌ្ឍនភាព​សំខាន់ៗ​ក្នុង​រយៈពេល​កន្លងមក និង​បាន​សម្តែង​នូវ​ការបន្ត​ប្តេជ្ញាចិត្ត ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជាពិសេស លោក​អគ្គលេខាធិការ​អ​.​ស​.​ប បាន​អបអរសាទរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី “​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​” រវាង និង​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ចូលរួម​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ពិសេស ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញ​អង្គ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៨ ផងដែរ​៕
ថ្ងៃ​សុក្រ ៣​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២
រាជធានី​ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៨​