ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ត្រូវ​កាត់ទោស​ជាប់គុក​អស់​មួយជីវិត​នៅ​ពន្ធនាគារ​អាម៉េរិក​

504
ចែករម្លែក

​ធ្លាប់ជា​ឧក្រិដ្ឋជន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ដ៏​មានអំណាច​បំផុត​និង​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ ចាវ​គីន “​អែល​ឆា​ប៉ូ​” គូ​ស្មាន់ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃ​ពុធ ទី​១៧ កក្កដា ដែលជា​ការដាក់ទណ្ឌកម្ម​ចាំបាច់​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ជាច្រើន ដែល​បាន​ប្រព្រឹត្ត​ជាង​មួយ​ភាគ​បួន​នៃ​សតវត្សរ៍​កន្លងមកនេះ​។​

​គូ​ស្មាន់​អាយុ ៦២ ឆ្នាំ ជា​អតីត​សហ​មេដឹកនាំ​នៃ​ក្រុម​គ្រឿងញៀន​ល្បីល្បាញ​របស់​ម៉ិ​ក​ស៊ិ​ក ឈ្មោះ ស៊ីណា​ឡៅ (Sinaloa) ត្រូវបាន​កាត់ទោស​កាល​ពី​ខែកុម្ភៈ​នៅក្នុង​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាម៉េរិក​លើ​បទចោទប្រកាន់​ជាច្រើន​រួមទាំង​ការរត់ពន្ធ​កូកាអ៊ីន​ហេ​រ៉ូ​អ៊ី​ន​មេ​តំ​ហ្វេ​តា​មីន​និង​កញ្ឆា​ទៅក្នុង​សហរដ្ឋ​អាម៉េរិក​។

​សាលដីកា​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​នៅក្នុង​ទីក្រុង​ញូវយ៉ក​បាន​បិទ​បញ្ចប់​រឿងរ៉ាវ​ផ្លូវច្បាប់​យ៉ាង​ធំ​ល្បីល្បាញ​នេះ និង​ឃើញ​គូ​ស្មាន់​ស្តាប់​នូវ​ការដាក់ទណ្ឌកម្ម​នេះ​យ៉ាង​ស្រងូតស្រងាត់​។​

​គូ​ស្មាន់​បានប្រកាស​ជា​ភាសា​អេ​ស្ប៉ា​ញ ដោយ​មិន​បង្ហាញ​ការសោកស្តាយ​បន្តិច​ឡើយ​នៅពេលដែល​រូបគេ​បាន​ថ្លែង​សារ​ជា​សាធារណៈ​ចុងក្រោយ មុនពេល​ត្រូវ​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​សហព័ន្ធ​ដែល​មានការ​យាមកាម​សន្តិសុខ​ខ្លាំងក្លា​បំផុត យ៉ាង​ដូច្នេះ​ថា “​គ្មាន​យុត្តិធម៌​ទេ​នៅទីនេះ​”​។​

​នៅពេល​ចូល​និង​មុនពេល​ចាក​ចេញពី​សាល​សវនាកា​រ គាត់​បាន​ស្ទាប​បេះដូង​របស់គាត់​និង​ធ្វើ​មាត់​ថើប​ទៅកាន់​ប្រពន្ធ​របស់គាត់​ឈ្មោះ​អេ​ម​ម៉ា ខូ​រ៉ូ​នែ​ល ដែល​គេ​ហាមឃាត់​មិនឱ្យ​ទាក់ទង​ជាមួយ​គាត់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​។​

​ការចោទប្រកាន់​ប្រឆាំងនឹង​គូ​ស្មាន់ ដែល​រួមមាន​ការលាង​លុយ​និង​បទល្មើស​ទាក់ទង​នឹង​អាវុធ មាន​ស្ថាន​ទម្ងន់ទោស​ជាប់ពន្ធនាគារ​មួយជីវិត​។​

​ចៅក្រម​សហព័ន្ធ​អាម៉េរិក​លោក ប្រាយ​អ៊ែន ខូ​ហ្គា​ន បាន​បន្ថែម​ទោស​ជាប់គុក ៣០ ឆ្នាំ​លើ​ការកាត់ក្តី​នេះ និង បង្គាប់​ឱ្យ​ស្តេចត្រាញ់​គ្រឿងញៀន​នេះ​បង់ប្រាក់​សំណង ១២,៦ ពាន់​លាន​ដុល្លារ ដែលជា​ផលបូក​ផ្អែកលើ​ការប៉ាន់ប្រមាណ​នៃ​ប្រាក់ចំណូល​ពី​ការលក់​គ្រឿងញៀន​របស់​ក្រុម​របស់គាត់​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។ រហូតមកទល់​ពេលនេះ អាជ្ញាធរ​អាម៉េរិក​មិនទាន់​ទទួលបាន​លុយ​មួយ​សេន​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

គូ​ស្មាន់ ត្រូវ​ជាប់គុក​អស់​មួយជីវិត​នៅ​អាម៉េរិក
ភរិយា​របស់​គូ​ស្មាន់ ឈ្មោះ​អេ​ម​ម៉ា ខូ​រ៉ូ​នែ​ល