ស្តេច​កាតា​នៅតែ​ប្តេជ្ញា​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ថ្វីបើ​មាន​ជម្លោះ​ជាមួយ​បណ្តាល​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​

1295
ចែករម្លែក

ស្តេច​ប្រទេស​កាតា សេក តា​មី​ម ប៊ី​ន ហា​ម៉ាត់ អាល់ ថា​នី បាន​ទូរស័ព្ទ​សន្ទនា​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​២៥ មិថុនា ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី និង​សម្តែង​ការប្តេជ្ញាចិត្ត​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​គ្រប់​វិស័យ ថ្វីបើ​កំពុងមាន​ជម្លោះ​ការទូត​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ក៏ដោយ​។

យោងតាម​ទូរទស្សន៍ Emir ស្តេច​កាតា​មានបន្ទូលថា រដ្ឋាភិបាល​ក្រុង​ដូ​ហា “​ស្វះ​ស្វែងរក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ស្មុ​គ្រ​ស្មាញ ជាមួយ​អ៊ីរ៉ង់ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពិភព​អារ៉ាប់ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​”​។

បន្ទូល​របស់​ព្រះអង្គ​ធ្វើឡើង​ពីរ​ថ្ងៃ បន្ទាប់ពី​កូ​វ៉ែត ដែលជា​មេអណ្តើក​ក្នុង​ជម្លោះ​ការទូត​រវាង​កាតា និង បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស បានប្រគល់​បញ្ជី​កម្មវត្ថុ​ដ៏​វែង​មួយ​ដល់​ក្រុង​ដូ​ហា ដែល​ខ្លួន​ត្រូវការ​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ឡើងវិញ​។ ជាក់ស្តែង បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ទាមទារ​ឱ្យ​កាតា​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ បញ្ឈប់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​តួ​ក​គី និង បិទ​ទូរទស្សន៍​រដ្ឋ Al Jazeera ។​

​ចំណែក​លោក​រូ​ហា​នី​វិញ បាន​សម្តែង​ក្តី​សង្ឃឹមថា វិបត្តិ​ក្នុង​តំបន់​នឹង​ត្រូវបាន​ដោះស្រាយ​តាមរយៈ​វិធានការ​ការទូត​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​លោក​រូ​ហា​នី​សង្កត់ធ្ងន់​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​ថា “​ដែនអាកាស ដែន​គោក និង ដែនសមុទ្រ នឹង​បើកចំហ​ជានិច្ច​ដល់​ប្រទេស​ជា​បងប្អូន​និង​អ្នកជិតខាង​មួយ​នេះ​–​កាតា​”​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ៥ មិថុនា ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត បា​រ៉ែ​ន និង អេ​ហ្ស៊ី​ប បាន​កាត់ផ្តាច់​ការទូត​ជាមួយ​កាតា និង​បញ្ឈប់​រាល់​ការទាក់ទង​នានា​ជាមួយ​កាតា ដោយ​ចោទ​កាតា​ថា គាំទ្រ​ដល់​ពួក​ភេរវកម្ម និង លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ពួកគេ​។ ក្រោយមក ម៉ា​ល់​ឌី​វ ម៉ូ​រី​ស និង ម៉ូ​រីតា​នី ក៏​ប្រកាស​កាត់ផ្តាច់​ការទូត​ជាមួយ​កាតា​ដែរ​។ ហ្សកដានី និង ជី​ប៊ូ​ទី បាន​កាត់បន្ថយ​កម្រិត​បេសកកម្ម​ការទូត​របស់​ពួកគេ​ក្នុងប្រទេស​កាតា​។ សេង​ណេ​ហ្គា​ល់ នី​ហ្សេ និង ឆាត បានប្រកាស​ដក​ឯកអគ្គ​រដ្ឋទូត​ចេញពី​កាតា​៕

ស្តេច​កាតា សេក តា​មី​ម ប៊ី​ន ហា​ម៉ាត់ អាល់ ថា​នី