ស្តេច​ថៃ​ដកតំណែង​ទាំង​អស់ពី​អ្នក​ម្នាង​វង់​វិ​ជ្ជ​រ៉ា​ភក្តី​ពីបទ​គ្មាន​ភក្តីភាព​

938
ចែករម្លែក

​ស្តេច​ថៃ​បាន​ដកហូត​គោ​រម្យ​ងារ​និង​ស័ក្តិ​យោធា​ពី​អ្នក​ម្នាង​របស់​ទ្រង់​ពីបទ​គ្មាន​ភក្តីភាព ដោយ​ចោទ​អ្នក​ម្នាង​ថា​ស្វះស្វែង​បំផ្លាញ​តំណែង​មហេសី​ផ្លូវការ​របស់​ទ្រង់ គឺ​តំណែង​ព្រះ​អគ្គមហេសី ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នក​ម្នាង​។

​ព្រះមហាក្សត្រ​ថៃ មហា​វិ​ជ្ជ​រ៉ា ឡុងកន ព្រះជន្ម ៦៧ ព្រះវស្សា​បានប្រកាស​ដក​តំណែង​ជា​សាធារណៈ​ពី​អ្នក​ម្នាង​ស៊ី​នី​ណា​ត្រា វង់​វិ​ជ្ជ​រ៉ា​ភក្តី ព្រះជន្ម ៣៤ ព្រះវស្សា​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា គឺ​មិន​ដល់ ៣ ខែ​ផង បន្ទាប់ពី​ទ្រង់​ត្រូវបាន​ប្រគល់​ឋានៈ​ជា​អ្នក​ម្នាង​នៅក្នុង​ពិធី​មួយ​។

​ព្រះរាជវាំង​ថៃ​បានឱ្យដឹងថា អតីត​គិលានុបដ្ឋាយិកា​កងទ័ព​រូបនេះ​ត្រូវបាន​ដក​គោ​រម្យ​ងារ “​ចៅពញា​ឃុន​” ពីបទ “​មិន​ស្មោះត្រង់​នឹង​ព្រះរាជា​” និង “​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ទៅនឹង​ការតែងតាំង​របស់​មហា​ក្សត្រិយានី​សម្រាប់​មហិច្ឆតា​ផ្ទាល់ខ្លួន​របស់​នាង​”​។​

​ទ្រង់​ត្រូវបានតែងតាំង​ជា​អ្នក​ម្នាង​ជា​ផ្លូវការ​របស់​ព្រះរាជា​ថៃ បន្ទាប់ពី​ពួក​ទ្រង់​បាន​ជួបគ្នា នៅពេលដែល​នាង​នៅ​ជា​ផ្នែក​មួយ​នៃ​អង្គរក្ស​របស់​ព្រះអង្គ គឺ មិន​ដល់​មួយឆ្នាំ​ផង​បន្ទាប់ពី​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​មហាក្សត្រិយានី​នៃ​ប្រទេស​ថៃ​។

​ទាំង​ព្រះ​អគ្គមហេសី (​ព្រះជន្ម​៤១​វស្សា​) និង​អ្នក​ម្នាង​ធ្លាប់​បម្រើការ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​អង្គភាព​សន្តិសុខ​រាជវាំង​ដូចគ្នា​។ ព្រះ​អគ្គមហេសី​ស៊ូ​ធីតា​ពីមុន​ធ្លាប់​ធ្វើជា​អ្នកបម្រើ​យន្តហោះ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​វ៉េ ខណៈ​អ្នក​ម្នាង​ស៊ី​នី​ណា​ត្រា​បម្រើការ​ជា​គិលានុបដ្ឋាយិកា​កងទ័ព​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ម្នាង​ស៊ី​នី​ណា​ត្រា វង់​វិ​ជ្ជ​រ៉ា​ភក្តី