ស្តេច​ថៃ ​តែងតាំង​ដៃគូ​ស្នេហ៍​ទី​បួន​ជា​ម្ចាស់​ក្សត្រិយ៍

631
ចែករម្លែក

ព្រះមហាក្សត្រ​ថៃ មហា វិ​ជ្ជ​រ៉ា​ឡុងកន ដែល​នឹងធ្វើ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ បានតែងតាំង​ដៃគូ​ស្នេហ៍​របស់​ទ្រង់​ជា​ម្ចាស់​ក្សត្រិយ៍​របស់​ប្រទេស​។​

​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ពុធ​ ទី​១​ឧសភា​ នៅក្នុង​ព្រះរាជកិច្ច​ បាន​និយាយថា ម្ចាស់​ក្សត្រិយ៍ ស៊ូ​ធីតា វិ​ជ្ជ​រ៉ា​ឡុងកន ណា អាយុ​ធ្យា (Suthida Vajiralongkorn Na Ayudhya) បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​ស្របច្បាប់​ជាមួយ​ព្រះមហាក្សត្រ​ព្រះជន្ម ៦៦ វស្សា​អង្គ​នេះ ហើយ​ឥឡូវនេះ​គឺជា​ព្រះមហា​ក្សត្រិយានី ស៊ូ​ធីតា​។​

​បើទោះបីជា​ម្ចាស់​ក្សត្រិយ៍​បាន​ស្ថិតក្នុង​ក្រសែភ្នែក​សាធារណៈ​អស់​រយៈពេល​ប្រហែល​បី​ឆ្នាំ​ក៏ដោយ ក៏ប៉ុន្តែ​មាន​ព័ត៌មាន​ផ្លូវការ​តិចតួច​ណាស់​ដែល​ចេញផ្សាយ​អំពី​ទ្រង់ ហើយ​ដំណឹង​នេះ​គឺជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ជនជាតិ​ថៃ​ភាគច្រើន​។ ម្ចាស់​ក្សត្រិយ៍​មាន​ព្រះជន្ម ៤០ វស្សា ហើយ​ធ្លាប់​បានធ្វើការ​ជា​អ្នកបម្រើ​លើ​យន្តហោះ​នៅ​ក្រុមហ៊ុន Thai Airways International​។ ទ្រង់​ទាំង​ពីរបាន​ជួបគ្នា​នៅលើ​យន្តហោះ​។​

​ម្ចាស់​ក្សត្រិយ៍​ស៊ូ​ធីតា​ បាន​ចូលរួម​ក្នុង​ឆ្មាំ​ការពារ​រាជវាំង​ក្នុង​ឆ្នាំ ២០១៣ ហើយ​បាន​ក្លាយជា​មេបញ្ជាការ​នៃ​កងសន្តិសុខ​របស់​ស្តេច​បច្ចុប្បន្ន ដែលមាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​។ ព្រះមហា​ក្សត្រិយានី​ថ្មី​ក៏មាន​គ្រឿង​ឥស្សរិយយស​កំពូលៗ​ជាច្រើន​គ្រឿង​ផងដែរ​។​

​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន ​ធ្លា​ប់រៀប​អាពាហ៍ពិពាហ៍​បី​លើក​ពីមុន​រួចមកហើយ ​និង​បាន​លែងលះ​ជាមួយ​ភរិយា​ទី​បី​របស់​ទ្រង់ ដែលមាន​កូនប្រុស​ម្នាក់​ជាមួយ​ទ្រង់​ក្នុង​ឆ្នាំ ២០១៤​។ ទ្រង់​បាន​ក្លាយជា​ស្តេច​ក្រោយពី​ការចូល​ទិវង្គត​របស់​បិតា​ទ្រង់ ភូមិបុល អាឌុលយ៉ាដេត នៅ​ខែតុលា​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស/Ha

ស្តេច​ភូមិបុល​តែងតាំង​ដៃគូ​ស្នេហ៍ ស៊ូ​ធីតា ជា​ម្ចាស់​ក្សត្រិយ៍