ស្តេច​ថៃ​បញ្ចប់​ការ​ឈរឈ្មោះ​បោះឆ្នោត​របស់​បងស្រី​ទ្រង់ ខណៈ​មេ​យោធា​ប្រា​យុទ្ធ ចាន់​អូ​ចា មានប្រៀប​លើ​ថាក់ស៊ីន ដែល​ប៉ាន់ស្មាន​ស្ថានការណ៍​ខុស​

395
ចែករម្លែក
  • 1.3K
    Shares

​សូម្បី​សម្រាប់​ប្រទេសមួយ​ដែល​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ការតវ៉ា​តាម​ដងផ្លូវ និង ល្បិច​នយោបាយ​បានក្លាយ​ទៅជា​ទម្លាប់​មួយ​ទៅហើយ​ក្តី ក៏ប៉ុន្តែ​ថ្ងៃទី ៨ ខែកុម្ភៈ​នឹង​ចារ​ជា​ថ្ងៃ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ថៃ​។​

​វា​បានចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​៩.១៥​នាទី​ព្រឹក​នៅពេល​សម្ព័ន្ធមិត្ត​រប​ស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែលជា​សេដ្ឋី​រស់នៅ​និរទេស​ខ្លួន​ជាង​មួយ​ទសវត្សរ៍​បន្ទាប់ពី​ប៉ះទង្គិច​ច្រើនលើកច្រើនសារ​ជាមួយ​ពួក​អ្នក​ស្មោះ​នឹង​ស្តេច និយាយថា អតីត​ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ូ​បុ​ន​ហ្កា កា​ឆា​កាន់​យ៉ា បាន​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា

​ចំណាត់ការ​របស់​ព្រះរាម​របស់​ព្រះមហាក្សត្រ មហា វិ​ជ្ជ​រ៉ា​ឡុ​កន បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ទូទាំងប្រទេស​ថៃ កន្លែង​ដែល​ត្រកូល​ស្តេច​កំពូលៗ​ត្រូវបាន​ចាត់ទុកជា​ផ្លូវការ​ថា​មាន​ឋានៈ​ស្មើ​ពាក់កណ្តាល​ទេវតា​និង​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តេច​ដ៏​តឹងរ៉ឹង​បំផុត ដែល​ការពារ​ត្រកូល​ស្តេច​ទាំង​អស់ពី​ការរិះគន់​។​

​គ្រាន់តែ​១៣​ម៉ោង​ក្រោយមក​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជសារ​កណ្តាលយប់ ដោយ​លើកឡើងថា បេក្ខភាព​របស់​ព្រះ​នាង​ម្ចាស់​អ៊ូ​បុ​ន​ហ្កា​គឺ “​មិន​សមរម្យ​” និង​រំលោភ​រដ្ឋធម្មនុញ្ញ​។​

​ព្រះអង្គ​បាន​ហៅ​របប​រាជាធិបតេយ្យ​ថា​ជា “​មជ្ឈមណ្ឌល​ដែល​បិទ​ភ្ជាប់​បេះដូង​របស់​ប្រជាពលរដ្ឋ​ថៃ​រួមជាមួយ​គ្នា​” ហើយ​បាន​មានបន្ទូលថា ទាំង “​ព្រះមហាក្សត្រ​និង​សមាជិកគ្រួសារ​រាជវង្ស​គឺ​ស្ថិតនៅ​ពីលើ​នយោបាយ​”​។​

​ព្រឹត្តិការណ៍​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នេះ​បាន​កែប្រែ​ទិដ្ឋភាព​នយោបាយ​ថៃ នៅមុន​ការបោះឆ្នោត​ថ្ងៃទី ២៤ ខែមីនា​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​បង្កើន​ហានិភ័យ​នៃ​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ព្រឹត្តិការណ៍​ទាំងនេះ​ក៏បាន​លើកឡើង​នូវ​សំណួរ​ជាច្រើន​អំពី​អនាគត​របស់​ថាក់ស៊ីន​និង​សម្ព័ន្ធមិត្ត​របស់គាត់​ដែល​បានឈ្នះ​រាល់​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ ២០០១ តែ​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​តុលាការ​ឬ​យោធា​ជា​ដរាប​។​

​លោក​ខេ​វិ​ន ហេ​វី​សុន សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ន័​រ​ខា​រ៉ូ​លី​ណា នៅ​ទីក្រុង​ឆា​ផែល​ហ៊ីល ដែល​សរសេរ​អំពី​នយោបាយ​ថៃ​អស់​ជាច្រើន​ទសវត្សរ៍ បាន​និយាយថា “​យើង​កំពុង​ស្ថិតនៅក្នុង​ដែនដី​ថ្មី​។ ព្រឹត្តិការណ៍​ទាំងនេះ​ប្រហែលជា​មិនបាន​បញ្ចប់​ទេ​។ វា​នឹងមាន​ផលវិបាក ប៉ុន្តែ​ដោយសារតែ​គ្រួសារ​រាជវង្ស​ជាទូទៅ​មាន​លក្ខណៈ​អា​ថ៍កំ​បាំង ដូច្នេះ​យើង​នឹង​មិនឮ​អ្វី​ច្រើន​ដូចដែល​យើង​ចង់បាន​នោះទេ​”​។​

  • ការប្រកួតប្រជែង​ខាង​នយោបាយ​

​ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ូ​បុ​ន​ហ្កា ដែលជា​តារាភាពយន្ត​មាន​អ្នកគាំទ្រ​ច្រើន​នៅលើ​បណ្តាញ​សង្គម បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ថៃ​ចំពោះ “​ក្តី​ស្រឡាញ់​និង​ការគាំទ្រ​របស់​ពួកគេ​នៅ​ថ្ងៃ​កន្លងទៅនេះ​” នៅក្នុង​សារ​បង្ហោះ​លើ Instagram កាលពី​ថ្ងៃ​សៅរ៍​ទី​៩​កុម្ភៈ​។​

​ព្រះ​នាង​ម្ចាស់​បាន​មានបន្ទូលថា “​ខ្ញុំ​ចង់ឃើញ​ថៃ​បោះជំហាន​ទៅមុខ ត្រូវគេ​កោតសរសើរ និង ទទួលស្គាល់​ដោយ​ប្រទេស​ដទៃទៀត​”​។​

​បក្ស​ថៃ​រក្សា​ជាតិ ដែល​បានតែងតាំង​ព្រះ​នាង​ម្ចាស់ អ៊ូ​បុ​ន​ហ្កា បាន​សម្តែង​ការដឹងគុណ​ចំពោះ​អតីត​ព្រះអង្គម្ចាស់ក្សត្រិយ៍​អង្គ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី ៩ កុម្ភៈ​ហើយ​បាន​និយាយថា​ខ្លួន​ទទួលយក​ព្រះ​រាជបញ្ជា​ដោយស្មោះ​ត្រង់​ពី​ព្រះមហាក្សត្រ​និង​គ្រប់​សមាជិក​នៃ​រាជវង្សានុវង្ស​។​

​ពួក​វិនិយោគិន​បាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​រួចទៅហើយ​កាលពី​ថ្ងៃ​សុក្រ​មុនពេល​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន​បាន​សម្តែង​ទស្សនៈ​របស់​ទ្រង់​ទៅទៀត​។ រូបិយវត្ថុ​របស់​ថៃ​បាន​ធ្លាក់ចុះ ០,៧​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ ខណៈដែល​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នេះ​មានការ​ផ្លាស់ប្តូរ​តិចតួច​។​

​ឆ្នាំ​នៃ​ការ​ប្រឈម​ផ្នែក​នយោបាយ​បានធ្វើឱ្យ​ការប្រកួតប្រជែង​របស់​ថៃ​ធ្លាក់ចុះ​ក្នុងនាម​ជា​មូលដ្ឋាន​ផលិតកម្ម​មួយ​នៅ​អាស៊ីអាគ្នេយ៍​ហើយ​កំណើនសេដ្ឋកិច្ច​គ្រោង​នឹងមាន​សន្ទុះ​យឺត​ក្នុងឆ្នាំនេះ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​លោក​។​

​រដ្ឋប្រហារ​ម្តង​ហើយ​ម្តងទៀត​បាន​រុញច្រាន​ថៃ​ឱ្យនៅ​ឆ្ងាយ​ពី​សម្ព័ន្ធភាព​ប្រពៃណី​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​និង​កាន់តែ​ងាក​ទៅរក​ប្រទេស​ចិន ដែលជា​ចំណាត់ការ​មួយ​ត្រូវបាន​អ្នកនយោបាយ​ជាច្រើន​ដែល​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត ជំទាស់​ប្រឆាំង​។​

​ការវិវត្ត​ចុងក្រោយ​បំផុត​នេះ​នឹង​ផ្តល់​ប្រៀប​ឈ្នះ​ទៅខាង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា អតីត​មេទ័ព​ដែល​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ទម្លាក់​ប្អូនស្រី​របស់លោក​ថាក់ស៊ីន​គឺ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ហើយ​ឥឡូវ​កំពុង​ចង់​កាន់តំណែង​នាយករដ្ឋមន្ត្រី​បន្តទៀត បន្ទាប់ពី​ការបោះឆ្នោត​។​

​កាលពី​ថ្ងៃ​សុក្រ គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​ជាច្រើន​ដែល​គាំទ្រ​លោក​ប្រា​យុទ្ធ បានដាក់​ញត្តិជំទាស់​នឹង​បេក្ខភាព​របស់​ព្រះ​នាង​ម្ចាស់​អ៊ូ​បុ​ន​ហ្កា ដោយ​លើក​ហេតុផល​ថា វា​អាច​រំលោភច្បាប់​ដែល​ហាមឃាត់​ការប្រើប្រាស់​រាជាធិបតេយ្យ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​។​

​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​សរសេរ​បន្ទាប់ពី​លោក​ប្រា​យុទ្ធ​បាន​ដណ្តើម​អំណាច គឺ​រួមបញ្ចូល​ព្រឹទ្ធសមាជិក ២៥០ នាក់​តែងតាំង​ដោយ​យោធា ដែល​អាច​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បាន​ផងដែរ​។ ព្រះ​នាង​ម្ចាស់​អ៊ូ​បុ​ន​ហ្កា​អាច​នឹង​ដកចេញ​សិទ្ធិ​បោះឆ្នោត​ពី​ព្រឹទ្ធសមាជិក​មិន​ជាប់ឆ្នោត ដែល​អង្គុយចាំតែ​ជ្រើស​រើសយក​លោក​ប្រា​យុទ្ធ​។​

​លោក​ផូ​ល ឆា​ម​បឺ សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​សិក្សា​សហគមន៍​អាស៊ាន​នៃ​សាកលវិទ្យាល័យ​នារី​សួន បាន​និយាយថា “​នេះ​ពិតជា​អាចជួយ​ជំរុញ​ខ្លាំង​ដល់​លោក​ប្រា​យុទ្ធ ពីព្រោះ​ពេលនេះ​ប្រជាជន​អាច​មើលឃើញថា ស្តេច​មិន​គាំទ្រ​ដល់​ព្រះរាម​របស់​ទ្រង់​ទេ​”​។​

  • ថាក់ស៊ីន​ធ្វើការ​ប៉ាន់ស្មាន​ខុស​

​សម្រាប់​លោក​ថាក់ស៊ីន វា​គឺ​ស្មើនឹង​បរាជ័យ​មួយទៀត​ក្នុងចំណោម​បរាជ័យ​ជាច្រើន​ចាប់តាំងពី​គាត់​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ជា​លើកដំបូង​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០០៦ ដែល​មួយផ្នែក​គឺ​ដោយសារ​ការចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​របប​រាជា​ធិបតេយ្យ​។ ការ​ចងសម្ព័ន្ធ​ភាពជា​មួយ​រាជវង្ស​កំពូល​អាច​នឹង​ជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការវិលត្រឡប់​របស់គាត់​ទៅ​ប្រទេស​ថៃ​វិញ កន្លែង​ដែល​គាត់​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​សម្រាប់​ការកាត់ទោស​ក្នុងករណី​ពុករលួយ ដែល​គាត់​ហៅថា​ជា​ចេតនា​នយោបាយ​។​

​ជំរំ​របស់គាត់​បានធ្វើ​ការប៉ាន់ស្មាន​ខុស​កាលពីមុន​ក្នុងការ​ប្រឹងប្រែង​ដើម្បីឱ្យ​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។ នៅ​ឆ្នាំ ២០១៣ រដ្ឋាភិបាល​របស់​ប្អូនស្រី​របស់គាត់​បាន​ណែនាំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការលើកលែងទោស​មួយ ដែល​នាំឱ្យមាន​បាតុកម្ម​តាម​ដងផ្លូវ​ជាច្រើន​ខែ​រហូត​ឈានដល់​ការធ្វើ​រដ្ឋប្រហារ​។​

​ការសម្រេចចិត្ត​របស់​ព្រះ​នាង​ម្ចាស់​អ៊ូ​បុ​ន​ហ្កា​ក្នុងការ​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណបក្ស​ដែល​គាំទ្រ​ថាក់ស៊ីន​បានលើកឡើង​ពី​លទ្ធភាព​ដែលថា​ទ្រង់​អាច​នឹង​ជួយ​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​រដ្ឋធម្មនុញ្ញ ដែល​នឹង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ប្រជាធិបតេយ្យ​។ មុនពេល​ព្រះ​រាជ្យ​សុន្ទរកថា​របស់​ព្រះមហាក្សត្រ​កាលពី​យប់​ថ្ងៃ​សុក្រ ព្រះ​នាង​ម្ចាស់​អ៊ូ​បុ​ន​ហ្កា​បាន​សង្កត់ធ្ងន់ថា ទ្រង់​ជាម​នុស្ស​សាមញ្ញ​បន្ទាប់ពី​បោះបង់ចោល​តំណែង​រាជវង្ស ហើយ​និយាយថា ទ្រង់​ចង់បាន “​ឱកាស​ដើម្បី​នាំ​ភាពរុងរឿង​ដល់​ប្រទេស​”​។​

​ចាប់តាំងពី​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ឆ្នាំ ២០១៦ ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន​បាន​កែប្រែ​ច្បាប់​ជាច្រើន​ទាក់ទង​ទៅនឹង​អំណាច​រាជវង្ស​។ ទ្រង់​បានទទួល​ការកាន់កាប់​ច្រើនឡើង​នូវ​សាច់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​របស់​ការិយាល័យ​អចលនទ្រព្យ​រាជវង្ស បន្ទាប់ពី​ការកែប្រែ​ច្បាប់​នៅ​ឆ្នាំ ២០១៧ ដែល​បាន​ផ្ទេរកម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ទៅ​ទ្រង់​។​

​កាលពីមុន ការិយាល័យ​នេះ​ត្រូវបាន​គេ​ពណ៌នា​ថា​ជា​អ្នកគ្រប់គ្រង​និង​ថែរក្សា​ទ្រព្យសម្បត្តិ​រាជវង្ស ដែល​មិនមែនជា​ទ្រព្យសម្បត្តិ​សាធារណៈ​ហើយក៏​មិនមែនជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​ព្រះមហាក្សត្រ​នោះដែរ​។​

​គ្រាន់តែ​រយៈពេល​មួយខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ឡើង​គ្រងរាជ្យ អង្គនីតិបញ្ញត្តិ​តែងតាំង​ដោយ​ពួកយោធា​បានអនុម័ត​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ជាតិ​បណ្តោះអាសន្ន បន្ទាប់ពី​មាន​យោបល់​ពី​ការិយាល័យ​របស់​ស្ដេច​។ ការកែប្រែ​គួរឱ្យកត់សម្គាល់​បំផុត​គឺ​ការអនុញ្ញាតឱ្យ​ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន​យាង​ទៅ​ក្រៅប្រទេស​ដោយ​មិនចាំបាច់​ប្រគល់​អំណាច​បណ្តោះអាសន្ន​។​

​នៅក្នុង​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​កាលពី​ថ្ងៃ​សុក្រ ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន​បានបញ្ជាក់​ឱ្យឃើញ​សាជាថ្មី​អំពី​ការបែកបាក់​ជា​ប្រពៃណី​រវាង​គ្រួសារ​រាជវង្ស​និង​ពួក​អ្នកនយោបាយ​។ ហើយ​នៅក្នុង​ប្រទេសមួយ​ដែលមាន​ភាពមិនច្បាស់លាស់​ស្ទើរ​គ្រប់​រឿង គឺមាន​តែ​រឿង​មួយគត់​ដែល​គេ​ដឹង​ច្បាស់​បំផុត នោះ​គឺ​សម្តី​របស់​ស្ដេច ចាត់ទុកជា​ការសម្រេច​ចុងក្រោយ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ www.straitstimes.com