ស្តេច​ថៃ​មហា វិជ្ជ​រ៉ា​ឡុងកន ស្ថិត​ចំណោម​ក្សត្រ​មាន​ទ្រព្យធន​បំផុត​ក្នុង​លោក​

1035
ចែករម្លែក

​ស្តេច​ថ្មី​របស់​ថៃ មហា វិជ្ជ​រ៉ា​ឡុងកន ដែល​ត្រូវបាន​អភិសេក​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​៤​ឧសភា ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​ព្រះម​ហា​ក្សត្រ​មាន​បំផុត​នៅក្នុង​លោក​។​បិតា​របស់​​ទ្រង់ ព្រះ​ចៅ​ភូមិបុន អា​ឌុល​យ៉ាដេ ក៏​ត្រូវ​ទស្សនា​វ​ដ្តី​Forbes​ចាត់ទុក​ជា​ក្សត្រ​មាន​បំផុត​នៅក្នុង​លោក​កាលពី​ឆ្នាំ​២០១១ ដោយ​វ៉ា​ដាច់​ស៊ុល​តង់​ព្រុយ​ណេ​។​

មហា វិជ្ជ​រ៉ា​ឡុងកន ​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​៤​ឧសភា ឆ្នាំ២០១៩

​បើ​តាម​ការប៉ាន់ស្មាន ទ្រព្យ​ផ្ទាល់ខ្លួន​របស់​មហា វិជ្ជ​រ៉ា​ឡុងកន មាន​ចាប់ពី​៣០​ពាន់​លាន​ដុល្លារឡើង នេះ​បើ​តាម​សារព័ត៌មាន Business Insider​ដែល​ធ្វើឲ្យ​ព្រះអង្គ​ក្លាយជា​មេ​ដឹក​​នាំ​មាន​បំផុត ដោយ​មិន​គិត​រាជវង្ស​ទាំងមូល​។​បើ​និយាយ​ពី​រាជវង្ស​ទាំងមូល រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត នៅលើ​ក្បាល​បញ្ជី គឺ​មាន​ទ្រព្យសម្បត្តិ​១,៧​លាន​លាន​ដុល្លារ នេះ​បើ​តាម​របាយ​​ការណ៍​ក្នុង​សារព័ត៌មាន​MSN Money​ នៅ​ឆ្នាំ​២០១៩​។​ចំណែក​រាជវង្ស​ថៃ ស្ថិត​នៅ​លេខ​រៀង​ទី​៥​នៅក្នុង​បញ្ជី​នេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំការ​បញ្ជាក់​ដោយ​ឯករាជ្យ​អំពី​ការប៉ាន់ស្មាន​ទ្រព្យសម្បត្តិ​នេះ​បាន​ទេ ខណៈ​ការិយាល័យ​ព្រះ​រាជទ្រព្យ មិន​ឆ្លើយតប​ចំពោះ​សំណើសុំ​ការ​​បកស្រាយ​​។​

​ខាងក្រោម​នេះ​ជា​ទ្រព្យសម្បត្តិ​សំខាន់ៗ​របស់​ស្តេច​ថៃ​៖

-​អចលនទ្រព្យ​

​ទ្រព្យសម្បត្តិ​ភាគច្រើន​បំផុត​របស់​ស្តេច វិជ្ជ​រ៉ា​ឡុងកន ​គឺ​ដី​៦.៥៦០​ហិក​តា​នៅ​ថៃ ជាមួយនឹង​កុងត្រា​ជួល​ចំនួន​៤០.០០០​នៅ​ទូទាំង​ប្រទេស ​រួម​មាន​កុងត្រា​១៧.០០០​នៅ​ក្រុង​បាងកក​។​

​ស្តេច វិជ្ជ​រ៉ា​ឡុងកន នៅ​ឆ្នាំ​២០១៧ ​បានដាក់​ការិយាល័យ​ព្រះរាជ​ទ្រព្យ​នៅក្រោម​ការត្រួតត្រា​ផ្ទាល់​របស់​ទ្រង់​និង​ក្រោយមក​បាន​ប្រកាស​ដក​ឋានៈ​មិន​ជាប់ពន្ធ​នៃ​ទ្រព្យសម្បត្តិ​នៅ​​ការិយាល័យ​នេះ​។​គ្រាន់តែ​នៅ​ក្រុង​បាងកក ការិយាល័យ​ព្រះ​រាជទ្រព្យ​មាន​ដី​១.៣២៨​ហិក​តា ជា​ដី​ត្រូវប៉ាន់​នៅ​ចំ​កណ្តាល​សង្កាត់​ជំនួញ​នៃ​ក្រុង​។​វា​មាន​តម្លៃ​ប្រមាណ​៣៣​ពាន់​លាន​​ដុល្លារ​។​

-​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ថ្មី​

​ចាប់តាំងពី​ចូល​គ្រប់គ្រង​ការិយាល័យ​ព្រះរាជ​ទ្រព្យ​ដោយ​ព្រះអង្គឯង ការអភិវឌ្ឍន៍​ថ្មីៗ​គិត​ជា​ប្រាក់​ប្រមាណ​៤,៧​ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រកាស​ឡើង​នៅលើ​ដី​ដែល​ការិយាល័យ​​នេះ​គ្រប់គ្រង​។​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នេះ​រួមមាន ការសាងសង់​លំនៅស្ថាន​(១,២​ពាន់​លាន​) និង​គម្រោង​ផ្សារ​និង​ការិយាល័យ​Dusit Central Park​នៅលើ​ដី​ជាង​៣​ហិចកតា​។​​គម្រោង​One Bangkok​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​លើ​ដី​១៦,៧​ហិកតា​នឹង​សម្រេច​ការសាងសង់​នៅ​ឆ្នាំ​២០២២​។​

-​ភាគហ៊ុន​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ឆ្នាំមុន ការិយាល័យ​ព្រះ​រាជទ្រព្យ​បានប្រកាស​ទ្រព្យ​ដែល​ចុះបញ្ជី​ក្នុង​ការិយាល័យ​ក្រោមឈ្មោះ​ព្រះមហាក្សត្រ និង​ជា​ភាគហ៊ុន​មាន​ចំនួន​​ប្រមាណ​៩​ពាន់​លាន​នៅក្នុង​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​Siam Cement Group និងធនាគារ​Siam Commercial Bank​។​

​ស្តេច​វិជ្ជ​រ៉ា​ឡុងកន មាន​ភាគហ៊ុន​២៣​ភាគរយ​នៅក្នុង Siam Commercial Bank​ដែល​ជា​ធន​គារ​ផ្តល់​ប្រាក់​កម្ចីធំ​បំផុត​ទី​២​នៅ​ថៃ និង​មាន​ភាគហ៊ុន​៣៣,៣​ភាគរយ​នៅក្នុង​​សម្ពន្ធ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​បំផុត​របស់​ប្រទេស​Siam Cement Group​។​

​ក្រុមហ៊ុន​ទាំង​២ ត្រូវបាន​បង្កើតឡើង​ដោយ​រាជ​ក្រិត​នៅ​ទសវត្សរ៍​១៩០០​។​

-​មាស​និង​ត្បូង​មាន​តម្លៃ

​ក្នុងចំណោម​គ្រឿងអលង្ការ​របស់​ស្តេច​ថៃ រួម​មាន​ត្បូង Golden Jubilee Diamond​ ពណ៌​ត្នោត​ទម្ងន់​៥៤៥,៦៧​កា​រ៉ា​ត់ ដែល​ជា​ត្បូង​ធំ​បំផុត​នៅក្នុង​លោក​។​វា​មាន​តម្លៃប្រមាណ​១២​លាន​ដុល្លារ​។​វា​ត្រូវ​បាន​ថ្វាយ​ជូន​ព្រះ​ចៅ ភូមិបុល អា​ឌុល​យ៉ាដេ នៅ​ឆ្នាំ​១៩៩៦ ដើម្បី​កត់សម្គាល់​ការងគ្រងរាជ្យសម្បត្តិ​រយៈពេល​៥០​ឆ្នាំ​។​

-​ផ្សារ​ទំនើប​

​ដោយ​ការិយាល័យ​ព្រះរាជ​ទ្រព្យ​មាន​កុងត្រា​ជួល​ដី​ដល់​ទៅ​១៧.០០០ ដល់​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាលរ​ហូត​ដល់​ហាង អចលនទ្រព្យ​លេចធ្លោ​បំផុត​គឺ​ដី​សាងសង់​បណ្តា​ផ្សារ​ទំនើប​។​

​ផ្សារ​Siam Paragon ,Siam Discovery និង Siam Centre​សុទ្ធ​តែ​សាងសង់​លើ​ដី​របស់​ស្តេច​ថៃ ដោយ​វា​ទាក់ទាញ​អ្នកទិញ​ទំនិញ​ប្រមាណ​២​សែន​នាក់​ក្នុង​មួយថ្ងៃ​។​ការិយាល័យ​​នេះ​មិន​គ្រប់គ្រង​ផ្សារ​ទេ តែ​ប្រមូល​ថ្លៃឈ្នួល​ពី​អ្នក​ម៉ៅការជួល​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​/Ha